យុវជន​ជនជាតិ​ដើម​ភាគតិច​មាន​ទំនុកចិត្ត​ក្នុង​ការ​បង្ហាញ​ពី​ខ្លួនឯង​

ការ​ចូលរួម​ក្នុង​ការ​ពិភាក្សា​ និង​សិក្សា​អំពី​បញ្ហា​ជួយ​បង្កើន​ទំនុកចិត្ត​របស់​យុវជន​ជនជាតិ​ដើម​ភាគតិច​។​

“​ដោយសារ​ខ្ញុំ​បាន​ចូលរួម​ក្នុង​សកម្មភាព​ និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ ឥឡូវនេះ​ខ្ញុំ​កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការ​បង្ហាញខ្លួន​ខ្ញុំ​ និង​សហគមន៍​របស់ខ្ញុំ​។​”

លោក ម៉ុង​ សា​មុត​ ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ព្រៅ​ ​អាយុ​ ២២​ឆ្នាំ​។​ លោក​មានស្រុក​កំណើត​នៅ​ភូមិ​សៀង​សាយ​ ឃុំ​តា​វែង​ក្រោម​ ស្រុក​តា​វែង​ ខេត្តរតនគិរី​។​ វា​គឺជា​កន្លែង​ដែល​គាត់​រស់នៅ​ជាមួយ​គ្រួសារ​របស់​គាត់​។​ ក្នុង​នាម​ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ គាត់​មានឱកាស​តិចតួច​ក្នុង​ការ​សិក្សា​បាន​ជ្រៅជ្រះ​។​ គាត់​ធ្លាប់​ជា​កសិករ​វ័យក្មេង​ម្នាក់​ដែល​មិន​មាន​ទំនុកចិត្ត​ ហើយ​ក៏​រវល់​ជាមួយនឹង​ការងារ​របស់​គាត់​ ដែល​ធ្វើ​ឱ្យ​គាត់​មិន​បានដឹង​ពី​ស្ថានភាព​នៅ​ក្រៅ​សហគមន៍​ច្រើន​នោះ​ឡើយ​។​ ទោះ​យ៉ាងណា​ បញ្ហា​ដីធ្លី​ និង​ព្រៃឈើ​បាន​កើតឡើង​ក្នុង​សហគមន៍​របស់​គាត់​។​ គាត់​មាន​បំណង​ស្វែងរក​ជំនួយ​ ព្រមទាំង​បង្ហាញ​ពី​កង្វល់​ និង​បញ្ហា​ប្រឈម​ទាំងនេះ​ជាមួយ​អ្នក​ដទៃ​ ដើម្បី​ទទួល​បានការ​អន្តរាគមន៍​ការពារ​។​

លោក ម៉ុង សាមុត (អាវពណ៌ក្រហម) កំពុងចូលរួមប្រជុំដើម្បីកំណត់ប្រធានបទស្តីពីការគ្រប់គ្រងធនធានធម្មជាតិ និងដីធ្លី ដែលរៀបចំឡើងដោយក្រុមការងារ CIPL នៅកន្លែងប្រជុំក្នុងភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។

​រហូត​ដល់​គាត់​ស្គាល់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ គាត់​មានឱកាស​បាន​រៀន​ និង​ចូលរួម​ក្នុង​សកម្មភាព​ ព្រមទាំង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ ដូច​ជា​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​ និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​។​ គាត់​បាន​រៀន​ពី​របៀប​កំណត់​បញ្ហា​ កែសម្រួល​វី​ដេ​អូ​ និង​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​ធនធានធម្មជាតិ​ ដីធ្លី​ និង​ព្រៃឈើ​។​ ទោះបីជា​ចំណេះដឹង​របស់​គាត់​មិន​អាច​ប្រៀបធៀប​ទៅ​នឹង​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ក៏​ដោយ​ គាត់​នៅ​តែ​មិន​លះបង់​ ហើយ​តែងតែ​យកចិត្តទុកដាក់​លើ​មេរៀន​ និង​ការ​ពិភាក្សា​។​

ចំណង​ដែល​ចង់​បង្ហាញ​ពី​កង្វល់​ និង​បញ្ហា​ប្រឈម​របស់​សហគមន៍​ធ្វើ​ឱ្យ​គាត់​មិន​ដែល​បោះបង់​ចោល​ឡើយ​។​ គាត់​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចែករំលែក​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​សហគមន៍​របស់​គាត់​ ខណៈ​ពេល​ដែល​ប្រមូល​ព័ត៌មាន​ពី​អ្នក​ដ៏​ទៃ​ ដើម្បី​ចែករំលែក​ជាមួយ​សហគមន៍​របស់​គាត់​។​ គាត់​នឹង​ព្យាយាម​បើក​បង្ហាញ​ពី​វប្បធម៌​ ជីវភាព​រស់នៅ​ និង​បញ្ហា​សហគមន៍​របស់​គាត់​តាម​រយៈ​អ្វី​ដែល​គាត់​បាន​រៀន​ ប្រសិនបើ​គាត់​មានឱកាស​។​