ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល ២០២០៖​ ការជួយសង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងក្តីសង្ឃឹម!

ក្រោម​ពាក្យស្លោក​ “​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​-​ការ​ជួយ​សង្គ្រោះ​ជីវិត​ ការ​កសាង​ទំនុកចិត្ត​ និង​ក្តី​សង្ឃឹម​”​ ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជាស​កល​នៅ​ថ្ងៃ​ទី​ ២៨​ ខែកញ្ញា​ឆ្នាំ​២០២០​ បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​សិទ្ធិ​មួយ​នេះ​នៅ​ពេល​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​វិបត្តិ​។​ ឆ្នាំ​២០២០​ ត្រូវ​បាន​កំណត់​ជា​ឆ្នាំ​ទី​៦​នៃ​ទិវា​នេះ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ក្នុង​ស​ន្និ​សិ​ទ​ទូទៅ​របស់​យូ​ណេ​ស្កូ​នៅ​ឆ្នាំ​ ២០១៥​ ។​

​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​សារៈសំខាន់​សម្រាប់​ការងារ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន៍​(​អូ​ឌី​ស៊ី​)​។​ យើង​ខិតខំ​ដើម្បី​ផ្តល់​អំណាច​ដល់​ពលរដ្ឋ​តាម​រយៈ​ការ​កែ​លម្អ​នូវ​បរិមាណ​ និង​គុណភាព​នៃ​ទិន្នន័យ​ឌី​ជី​ថ​ល​ដែល​មាន​ ដោយ​ធានា​ថា​អ្នក​រាល់គ្នា​អាច​ប្រើ​វា​បាន​ ប្រើ​វា​ឡើង​វិញ​ និង​ចែកចាយ​វា​ដោយ​ឥត​គិតថ្លៃ​ស្រប​តាម​គោលការណ៍​នៃ​ទិន្នន័យ​បើកចំហ​។​ ទិដ្ឋភាព​ព័ត៌មាន​នៅ​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​នានា​ដូច​ជា​កង្វះ​ការ​ផ្សព្វផ្សាយ​ទិន្នន័យ​ និង​ព័ត៌មាន​ ការ​កំណត់​កំរិត​ព័ត៌មាន​ឌី​ជី​ថ​ល​ អក្ខរកម្ម​ឌី​ជី​ថ​ល​មាន​កំរិត​ទាប​ -​ ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ សង្គម​ស៊ី​វិល​ និង​សាធារណៈជន​ -​ ក៏​ដូច​ជា​វិសមភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​លើ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​។​

​នៅ​កំឡុង​ពេល​មានការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​-១៩​ ព័ត៌មាន​ទាន់​ពេលវេលា​ និង​គួរ​ឱ្យ​ទុកចិត្ត​បាន​គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ ដើម្បី​ដោះស្រាយ​ការ​ផ្ទុះ​ឡើង​ ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ និង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។​ ក្នុង​ស្ថានភាព​លំបាក​បែប​នេះ​ ការ​ទទួល​បាន​ព័ត៌មាន​ និង​យន្តការ​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​រវាង​រដ្ឋាភិបាល​ និង​ពលរដ្ឋ​គឺ​មាន​សារៈសំខាន់​ណាស់​។​ ការ​ផ្ទេរ​ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ អាច​ជួយ​សម្រួល​ដល់​ការ​ឆ្លើយ​តប​ និង​ការ​ចល័ត​រហ័ស​នៃ​នីតិវិធី​ត្រួតពិនិត្យ​ និង​រាយការណ៍​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ការ​អនុម័ត​យ៉ាង​ទូលំទូលាយ​នូវ​វិធាន​ការណ៍​បង្ការ​នានា​។​ វា​គាំទ្រ​ដល់​ការ​អនុវត្ត​ពិធីសារ​ និង​សេចក្តី​សម្រេចចិត្ត​បន្ទាន់​ដូច​ជា​ ការ​ធ្វើតេស្ត​មេរោគ​ និង​វិធាន​នៃ​ការ​បង្ខាំង​ វិធានការ​ការ​ធ្វើ​គម្លាត​សង្គម​ ការ​បិទ​សាលារៀន​ និង​ការ​ចែកចាយ​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច​។​ ផ្ទុយ​ទៅ​វិញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ព័ត៌មាន​ក្លែងក្លាយ​ និង​ព័ត៌មាន​ដែល​មិន​ផ្លូវការ​ បាន​រារាំង​ដល់​ការ​គ្រប់គ្រង​វិបត្តិ​ និង​ការ​អនុវត្ត​វិធានការ​សុខភាព​ និង​គោលនយោបាយ​។​

​នៅ​ដើមដំបូង​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ​ អូ​ឌី​ស៊ី​បាន​ផ្សព្វផ្សាយប៉ាណ្ណូបរិធាន​កូ​វី​ដ​-១៩​ របស់​ខ្លួន​ ដោយ​បាន​ចងក្រង​ទិន្នន័យ​ព័ត៌មាន​ទាន់​ហេតុការណ៍​ និង​គួរ​ឱ្យ​ទុកចិត្ត​អំពី​កា​រវិ​វត្ត​នៃ​វីរុស​ និង​ករណី​ថ្មី​ បទបញ្ញត្តិ​ជា​ផ្លូវការ​ និង​គោលនយោបាយ​ និង​ព័ត៌មាន​អំពី​វិធានការ​បង្ការ​។​

 

​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​គឺជា​សិទ្ធិ​សកល​

​ការ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សារៈសំខាន់​ណាស់​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​បង្កើត​អង្គការសហប្រជាជាតិ​ (​អ​សប​)​ ។​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ គឺជា​សមាសធាតុ​ស្នូល​នៃ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ដូចដែល​វា​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​សេច​ក្តិ​សម្រេច​លេខ​ ៥៩​ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំ​ ១៩៤៦​ និង​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ស៊ី​វិល​ និង​នយោបាយ​ ដែល​ត្រូវ​បាន​គេ​អនុម័ត​ដោយ​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​។​ មាត្រា​ ១៩​ នៃ​សេចក្តី​ប្រកាស​ជាស​កល​ស្តី​ពី​សិទ្ធិ​មនុស្ស​ចែង​ថា​ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​គំនិត​ និង​ការ​បញ្ចេញ​មតិរួម​មាន​សេរីភាព​ក្នុង​ការ​ទទួល​ និង​ចែកចាយ​ព័ត៌មាន​ ​និង​គំនិត​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​ដោយ​មិន​គិត​ពី​ព្រំដែន​។​ ​

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក៏​ត្រូវ​បាន​គេ​ទទួលស្គាល់​ផង​ដែរ​នៅ​ក្នុង​ការ​ចុះហត្ថលេខា​លើ​អនុសញ្ញា​អន្តរជាតិ​ និង​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដូច​ជា​សេចក្តី​ប្រកាស​ទីក្រុង​ Brisbane​ ស្តី​ពី​សេរីភាព​នៃ​ព័ត៌មាន​៖​ សិទ្ធិ​ក្នុង​ការ​ដឹង​ (​ឆ្នាំ​ ២០១០)​ សេចក្តី​ប្រកាស​ទីក្រុង​ Maputo​ ស្តី​ពី​សេរីភាព​បញ្ចេញមតិ​ ការ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ផ្តល់​អំណាច​ដល់​ប្រជាជន​ (២០០៨)​ និង​សេចក្តី​ប្រកាស​ទីក្រុង​ Dakar​ ស្តី​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អភិបាលកិច្ច​ល្អ​។​

​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ទទួល​បាន​ព័ត៌មាន​សម្រាប់​ទាំងអស់​គ្នា​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​ ។​ ក្រោម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦​ ដែល​ផ្តោត​ទៅ​លើ​ សន្តិភាព​ យុត្តិធម៌​ និង​ស្ថាប័ន​រឹង​មាំ​ គោលដៅ​ ១៦.១០​ ជំរុញ​ឱ្យ​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ “​ ធានា​ការ​ទទួល​បាន​ព័ត៌មាន​សាធារណៈ​ និង​ការពារ​សេរីភាព​មូលដ្ឋាន​ស្រប​តាម​ច្បាប់​ជាតិ​ និង​កិច្ចព្រមព្រៀង​អន្តរជាតិ​”​ ។​

​សព្វ​ថ្ងៃនេះ​មាន​ប្រទេស​ចំនួន​ ១២៧​ នៅ​ជុំវិញ​ពិភពលោក​មានច្បាប់​ស្តី​ពី​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ដែល​ចំនួន​នេះ​គឺ​ មាន​២៧​ប្រទេស​ច្រើន​ជាង​ឆ្នាំ​ ២០១៤​ នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​វឌ្ឍនភាព​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(២០២០)​ ។​ ប៉ុន្តែ​វឌ្ឍនភាព​នីតិប្បញ្ញត្តិ​បែប​នេះ​មិន​តែងតែមាន​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​ចេញផ្សាយ​ ឬ​ ការ​ផ្សព្វផ្សាយ​ និង​ការ​ចែកចាយ​ព័ត៌មាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​នោះ​ទេ​។​ ច្បាប់​ និង​គោលនយោបាយ​ជាក់លាក់​ចាំបាច់​ត្រូវ​អនុម័ត​ និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ ដើម្បី​នាំ​មក​នូវ​ការ​កែ​លម្អ​ជាក់ស្តែង​នៅ​ក្នុង​តម្លាភាព​ និង​គណនេយ្យ​ភាព​។​

​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ពង្រឹង​ការ​ទទួល​បាន​ព័ត៌មាន​

​បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់​ ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​ជា​ជំហាន​ឈានមុខ​មួយ​យ៉ាង​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​គណនេយ្យ​ភាព​របស់​រដ្ឋាភិបាល​ និង​លើកកម្ពស់​តម្លាភាព​នៃ​វិស័យ​សាធារណៈ​របស់​ខ្លួន​។​ ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ គឺ​ទាន់​ពេលវេលា​ជា​ពិសេស​នៅ​ពេល​ដែល​សំលេង​អន្តរជាតិ​បាន​ថ្កោលទោស​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស​។​ ជា​ពិសេស​ច្បាប់​ស្តី​ពី​រដ្ឋបាល​ជាតិ​ក្នុង​គ្រាអាសន្ន​ ត្រូវ​បាន​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ និង​អង្គការ​លើកលែងទោស​អន្តរជាតិ​មើលឃើញ​ថា​ជា​ឧបករណ៍​សម្រាប់​រដ្ឋាភិបាល​ដាក់​សម្ពាធ​បន្ថែម​លើ​សិទ្ធិ​របស់​ពលរដ្ឋ​ និង​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​។​ ប្រទេស​កម្ពុជា​ ក៏​ទទួល​បាន​នូវ​កម្រិត​តម្លាភាព​ទាប​ និង​កម្រិត​អំពើ​ពុក​រលួយ​ខ្ពស់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ក្នុង​ស​ន្ទ​ស្សន៍​ទស្សនៈ​អំពើ​ពុក​រលួយ​ ដែល​ទទួល​បាន​ពិន្ទុ​ ២០/១០០​ ក្នុង​ឆ្នាំ​ ២០១៩​ ហើយ​ឈរ​នៅ​លេខ​ ១៦២​ ក្នុង​ចំណោម​ ១៩៨​ ប្រទេស​។​

​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​ អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​សាធារណជន​ទន្ទឹង​រង​ចាំ​យ៉ាង​ខ្លាំង​។​ ច្បាប់​នេះ​គឺជា​លទ្ធផល​នៃ​ដំណើរការ​ចូលរួម​ដ៏​វែង​មួយ​ ដែល​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៣​ ហើយ​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស​ (TWG)​ ដែល​តំណាង​ឱ្យ​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​។​ ក្រុមការងារ​បច្ចេកទេស​ (TWG)​ រួម​មាន​សមាជិក​មក​ពី​ i)​ ក្រសួង​ព័ត៌មាន​ ក្រសួងយុត្តិធម៌​ ទីស្តីការគណៈរដ្ឋមន្ត្រី​ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ -​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ii)​ អង្គការសហប្រជាជាតិ​រួម​មាន​យូ​ណេ​ស្កូ​និង​ OHCHR​ និង​ iii)​ អង្គការ​សង្គម​ស៊ី​វិល​ (CSOs)​ ដែល​មាន​ដូច​ជា​ វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​ (API),​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ មជ្ឈមណ្ឌល​ស្ត្រី​កម្ពុជា​ (CWC)​ និង​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​។​

​នៅ​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ ច្បាប់​គួរតែ​បង្កើន​ការ​ចេញផ្សាយ​ព័ត៌មាន​ដោយ​ស្ថាប័ន​សាធារណៈ​ និង​ស្ថាប័ន​នានា​ស្រប​ពេល​ដែល​ជំរុញ​ឱ្យ​សាធារណជន​ អ្នក​សារព័ត៌មាន​ និង​អ្នក​ពាក់ព័ន្ធ​ទទួល​បាន​ព័ត៌មាន​ និង​ចូលរួម​ក្នុង​ការ​សម្រេច​ចិត្តជា​សាធារណៈ​។​ ប្រសិទ្ធភាព​របស់​វា​នឹង​ត្រូវ​បាន​គេ​មើលឃើញ​ជាមួយនឹង​ការ​អនុវត្ត​របស់​វា​ តែ​ការ​ខ្វះខាត​សក្តានុពល​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​របស់​វា​ត្រូវ​បាន​ចង្អុលបង្ហាញ​រួម​មាន​ ការ​លើកលែង​ជា​ទូទៅ​ កង្វះ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​មន្ត្រី​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ពួក​គេ​ កង្វះ​នៃ​ការ​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ​ និង​ការ​បញ្ចូល​ធាតុ​ចូល​ដែល​មាន​កំណត់​ដោយ​អ្នក​ពាក់ព័ន្ធ​មិនមែន​រដ្ឋាភិបាល​។​[1]

​ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ភាព​ជឿនលឿន​នៃ​សង្គម​បញ្ចូល​គ្នា​ និង​ការ​កសាង​ទំនុកចិត្ត​នៅ​ក្នុង​ស្ថាប័ន​សាធារណៈ​

​ពលរដ្ឋ​ដែល​មានការ​យល់​ដឹង​ខ្ពស់​ហើយ​អាច​ទទួល​បាន​ព័ត៌មាន​ពេញលេញ​ អាច​ជឿ​ទុកចិត្ត​បាន​ និង​ទាន់​ហេតុ​ការ​ណ៏​ គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​កសាង​សង្គម​ដែល​មាន​ភាពរឹងមាំ​ និង​ពង្រឹង​ការ​ជឿ​ទុកចិត្ត​នៅ​ក្នុង​រដ្ឋាភិបាល​ដែល​មាន​គណនេយ្យ​ភាព​ និង​តម្លាភាព​ ដែល​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ដែល​មាន​លក្ខណៈ​ពេញលេញ​ និង​ប្រកបដោយ​ចីរភាព​។​

​ព័ត៌មាន​អាច​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​វិសមភាព​នៅ​កម្ពុជា​ តាម​រយៈ​ការ​លើកកម្ពស់​ការ​ទទួល​បាន​ និង​ការ​ប្រើប្រាស់​សេវាកម្ម​សំខាន់ៗ​រួម​មានការ​ថែទាំ​សុខភាព​ និង​ការ​អប់រំ​។​ ព័ត៌មាន​ច្បាស់លាស់​អំពី​ថ្លៃ​សេវាកម្ម​ នីតិវិធី​ដាក់​ពាក្យសុំ​ និង​ជំនួយ​អាច​លើកទឹកចិត្ត​ដល់​ការ​ប្រើប្រាស់​សេវា​សាធារណៈ​ដែល​នាំ​ឱ្យ​ពលរដ្ឋ​មានការ​អប់រំ​ខ្ពស់​ មានចំណេះ​ដឹង​ និង​មានឱកាស​កាន់តែ​ប្រសើរ​ក្នុង​ការ​រស់នៅ​ប្រកបដោយ​សុខមាលភាព​។​

​ការ​អប់រំ​បន្ថែម​មាន​ន័យ​ថា​ អក្ខរកម្ម​ និង​ជំនាញ​ឌី​ជី​ថ​ល​កាន់តែ​ប្រសើរ​ឡើង​ បូក​រួម​ជាមួយនឹង​កម្រិត​ខ្ពស់​នៃ​ការ​បើកចំហ​របស់​រដ្ឋាភិបាល​ គឺជា​គន្លឹះ​សម្រាប់​ការ​សម្រេចចិត្ត​ផ្អែក​លើ​ភស្តុ​តាង​ និង​ចំណាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​ក្នុង​ការ​ជជែក​ដេញដោល​ជា​សាធារណៈ​។​ ទន្ទឹម​នឹង​នេះ​ ការ​បង្កើន​ការ​ចូលរួម​ពី​សាធារណៈជន​ ក៏​ រួមចំណែក​ដល់​អភិបាលកិច្ច​ដែល​ឆ្លើយ​តប​កាន់តែ​ច្រើន​ សម្រប​សម្រួលការ​ចែករំលែក​ចំណេះដឹង​ ការ​សន្ទនា​គ្នា​ទៅ​វិញ​ទៅ​មក​ កាត់​បន្ថយ​វិសមភាព​ ការ​ធានា​ឱ្យ​មានការ​តំណាង​ត្រឹមត្រូវ​នៃ​ក្រុម​ផ្សេងៗ​នៅ​ក្នុង​ការ​ជជែក​ជា​សាធារណៈ​រួម​ទាំង​ជន​ងាយ​រង​គ្រោះ​ ស្ត្រី​ ជន​ក្រីក្រ​ យុវជន​ ជន​ពិការ​ និង​ជនជាតិ​ដើម​។​

​គណនេយ្យ​ភាព​របស់​រដ្ឋាភិបាល​តម្រូវ​ឱ្យ​រដ្ឋបាល​មាន​តម្លាភាព​ និង​ពន្យល់​យ៉ាង​ច្បាស់​ពី​ការ​សម្រេចចិត្ត​ និង​នីតិវិធី​របស់​ពួក​គេ​ដល់​ពលរដ្ឋ​។​ ព័ត៌មាន​អំពី​ថវិកា​មាន​លក្ខណៈ​រសើប​ និង​មានការ​ចាប់អារម្មណ៍​ខ្ពស់​សម្រាប់​សាធារណជន​រួម​ទាំង​ប្រភព​ចំណូល​ ការ​បែងចែក​មូលនិធិ​សាធារណៈ​ និង​លទ្ធកម្ម​សាធារណៈ​សម្រាប់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។​ មន្ត្រី​រដ្ឋាភិបាល​ជា​ពិសេស​អ្នក​ដែល​មាន​កម្រិត​រដ្ឋបាល​ទាប​បំផុត​ដែល​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​សហគមន៍​ត្រូវ​តែ​ធានា​ថា​ព័ត៌មាន​អាច​ទាញ​យក​បាន​ ហើយ​វា​មាន​ទំរង់​ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​យល់​ពី​វា​។​

​សរុប​មក​ព័ត៌មាន​ត្រឹមត្រូវ​ និង​គួរ​ឱ្យ​ទុកចិត្ត​អាច​ធ្វើ​ឱ្យ​ការ​ផ្តល់​សេវា​សាធារណៈ​ប្រសើរ​ឡើង​ ការ​បើកចំហ​ និង​តម្លាភាព​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ចិត្តជា​សាធារណៈ​ និង​អភិបាលកិច្ច​រួម​បញ្ចូល​នាំ​មក​នូវ​ការ​កែ​លម្អ​ពិតប្រាកដ​ក្នុង​សុខុមាលភាព​របស់​ប្រជាជន​។​ ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ជាស​កល​ សារៈសំខាន់​នៃ​ការ​ប្រើប្រាស់​ព័ត៌មាន​គឺ​សំខាន់​ជាង​ពេល​ណាៗ​ទាំងអស់​។​ យើង​បានឃើញ​ពី​របៀប​ដែល​ទំរង់​ដែល​អាច​ចូល​យក​បាន​ និង​ងាយ​យល់​ បាន​ក្លាយជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ទំនាក់ទំនង​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព​។​

​អូ​ឌី​ស៊ី​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​អបអរសាទរ​ទិវា​អន្តរជាតិ​ ២០២០​ សម្រាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ជាស​កល​ និង​លើកទឹកចិត្ត​ពលរដ្ឋ​ ស្ថាប័ន​ និង​អង្គការ​នានា​ឱ្យធ្វើ​ការ​រួម​គ្នា​ថែម​ទៀត​ដើម្បី​ធានា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សម្រាប់​ទាំងអស់​គ្នា​។​ យើង​សង្ឃឹមថា​អ្នក​នឹង​ចូលរួម​ដោយ​ចែករំលែក​គំនិត​របស់​អ្នក​ជាមួយ​ hastag​ #AccessToInfoDay​ និង​ #RightToKnow​ ។​

[1] https://www.article19.org/resources/cambodia-analysis-of-the-draft-law-on-access-to-information/