អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិបានគាំទ្រជនជាតិដើមភាគតិចចូលរួមក្នុងសន្និសីទស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិដែលបានរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នៅខេត្តរតនគិរី នាថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២២។ សន្និសីទនេះមានគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញច្បាប់ និងគោលនយោបាយទាក់ទងនឹងដីធ្លី រួមទាំងធនធានធម្មជាតិ និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិដែលសំដៅការលើកកម្ពស់អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ដោយផ្តោតលើការដោះស្រាយផលប៉ះពាល់សង្គម និងការការពារធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍មូលដ្ឋាន។
កម្មវិធីនៃសន្និសីទនេះបែងចែកជាពីរដំណាក់កាល ដោយដំបូងគឺមានការចាប់ផ្ដើមប្រមូលមតិយោបល់ពីសហគមន៍មូលដ្ឋានជាងមួយរយសហគមន៍ជនជាតិដើមភាគតិច សហគមន៍តំបន់ការពារ សហគមន៍ព្រៃឈើ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។ ធាតុចូលដែលទទួលបានគឺត្រូវបានយកមកប្រើប្រាស់សម្រាប់កិច្ចពិភាក្សាជាមួយតំណាងខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ មណ្ឌលគិរី និងកំពង់ធំ ក្រសួងមហាផ្ទៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីររ៉ែ និងថាមពល និងវិស័យឯកជន។ នៅថ្ងៃទីពីរមានអ្នកចូលរួមសរុបចំនួន ២៥០នាក់ (ស្រី ៦០នាក់)។
អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ក្នុងខេត្តរតនគិរី
ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តត្រូវបានផ្តល់ឲ្យក្រុមហ៊ុនចំនួន ២៧ ក្នុងនោះក្រុមហ៊ុនចំនួន ១០ បានកែតម្រូវកិច្ចសន្យា និងក្រុមហ៊ុនចំនួន ០៦ កំពុងធ្វើការកែសម្រួល ហើយក្រុមហ៊ុនចំនួន ១១ ផ្សេងទៀតមិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យានៅឡើយទេ។ តំបន់អាជីវកម្មគឺមានទំហំ ៨៣.៧៨៥ហិកតា ដែលមានផ្ទៃដីវិនិយោគសរុប ១៨១.៨៩៦ហិកតា។ ផ្ទៃដីដែលត្រូវបានឈូសឆាយមានចំនួន ៥៦.៧០២ហិកតា និងផ្ទៃដីដាំដុះមានចំនួន ៥១.០៦៧ហិកតា។
សហគមន៍ជនជាតិដើមភាគតិចចំនួន ៧៥ ត្រូវបានទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ខណៈដែលសហគមន៍ចំនួន ៨៥ ត្រូវបានទទួលស្គាល់ជានីតិបុគ្គលដោយក្រសួងមហាផ្ទៃ។ ទោះយ៉ាងណាក៏ដោយ មានសហគមន៍ជនជាតិដើមភាគតិចចំនួន ២៤ ប៉ុណ្ណោះដែលទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីសហគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការចុះបញ្ជីដីធ្លីជាប្រព័ន្ធសម្រេចបាន ១៥.៦៩១ប័ណ្ណ ដែលស្មើនឹង ១០.៧៤១គ្រួសារ។ ភូមិចំនួនពីរបានបញ្ចប់ការប្រកាសជាសាធារណៈ ខណៈភូមិមួយផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការ។ ការប្រកាសជាសាធារណៈចំនួនពីរដងស្តីពីការផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍ត្រូវបានបញ្ចប់ហើយស្នើសុំឱ្យមានការបែងចែកឡើងវិញសម្រាប់សហគមន៍ចំនួនបី។ សហគមន៍ការពារមានចំនួន ១១ និងសហគមន៍ព្រៃឈើចំនួន ៣៦ ដែលក្នុងនោះមាន ២២សហគមន៍ ត្រូវបានចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សហគមន៍នេសាទមានចំនួន ១៤ ហើយសុទ្ធតែត្រូវបានទទួលស្គាល់ខណៈដែលមានសហគមន៍ថ្មីចំនួន ២ កំពុងត្រូវបានបង្កើតឡើង។
ការទទួលស្គាល់ និងការការពារសិទ្ធិកាន់កាប់ដីធ្លីតាមទំនៀមទម្លាប់
សហគមន៍ និងអង្គការសង្គមស៊ីវិលបានកំណត់បញ្ហាប្រឈមសំខាន់ៗក្នុងការទទួលស្គាល់ និងការការពារសិទ្ធិកាន់កាប់ដីធ្លីតាមទំនៀមទម្លាប់។ ដីដែលបានទទួលប័ណ្ណកម្មសិទ្ធិ ឬកំពុងដំណើរការមិនទាន់មានធានាសុវត្ថិភាពនៅឡើយ ខណៈដែលដំណើរការមានភាពស្មុគស្មាញ ត្រូវចំណាយពេលវេលា និងលុយកាក់ជាដើម។ ការធ្វើអនុបយោគដីដែលបានអនុម័តមិនត្រូវគ្នាទៅនឹងការអនុវត្តជាក់ស្តែង ហើយពេលខ្លះត្រួតលើគ្នាជាមួយតំបន់ការពារ ពីព្រោះតំបន់គ្រប់គ្រងមិនត្រូវបានបែងចែកច្បាស់លាស់។ ទោះបីជាដីទាំងនេះត្រូវបានចុះបញ្ជីក៏ដោយ ក៏ជនជាតិដើមភាគតិចនៅតែប្រឈមនឹងការរំលោភយកដី និងការកាប់បំផ្លាញព្រៃឈើ។ យោងទៅតាមសហគមន៍ ការបង្ក្រាបបទល្មើសព្រៃឈើនៅមានកម្រិត និងគ្មានប្រសិទ្ធភាព។ សមត្ថភាព និងចំណេះដឹងរបស់គណៈកម្មាធិការសហគមន៍នៅមានកម្រិត ហើយចាំបាច់ត្រូវពង្រីកចំណេះដឹងពួកគេទៅលើផ្នែកច្បាប់ និងបទបញ្ជាផ្ទៃក្នុង ខណៈដែលជីវភាពរស់នៅរបស់សហគមន៍ និងការអភិរក្សធនធានធម្មជាតិត្រូវតែធ្វើឱ្យប្រសើរឡើង។
ដើម្បីដោះស្រាយបញ្ហានេះ សហគមន៍ចង់ឃើញការសហការគ្នារវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋានឱ្យមានប្រសិទ្ធិភាព ដើម្បីពង្រឹងការអនុវត្តច្បាប់ ដោយមានការគាំទ្រពីរដ្ឋបាលស្រុក និងខេត្ត។ បណ្តាញសហគមន៍ព្រៃឈើគួរតែត្រូវបានបង្កើតឡើងពីថ្នាក់ជាតិរហូតដល់ថ្នាក់ឃុំ។ ដំណើរការនៃការផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍គួរតែត្រូវបានកែលម្អ ហើយរដ្ឋាភិបាលគួរតែផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់សហគមន៍នីមួយៗដើម្បីគ្រប់គ្រងដីធ្លី និងព្រៃឈើ រួមទាំងជួយលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេផងដែរ។ ថវិកាអាចត្រូវបានប្រើប្រាស់ជាប្រាក់កម្ចីសហគមន៍សម្រាប់សមាជិកនីមួយៗ។ ទោះបីយ៉ាងណាក៏ដោយ លទ្ធផលនៃសំណើទាំងនេះនៅមិនអាចបញ្ជាក់បានទេ។