ការ​សិក្សា​អំពី​ទិន្នន័យ​តាម​រយៈ​ការ​គូររូប​៖​ ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​២០២៦​ នៅ​សាលា​បឋម​សិក្សា​ប៉ា​ហាល់​

ការ​ជួយ​ឱ្យ​កុមារ​យល់​ដឹង​អំពី​ទិន្នន័យ​មិនមែន​តែងតែ​ចាប់ផ្តើម​ពី​លេខ​ ឬ​និយម​ន័យ​ទេ​ ប៉ុន្តែ​អាច​ចាប់ផ្តើម​ពី​ការ​ស្រមើស្រមៃ​ ពណ៌​ និង​វត្ថុ​ដែល​ស្គាល់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ផង​ដែរ​។​ ក្នុង​ឱកាស​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​២០២៦​ នៅ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២៦​ តាម​រយៈ​កម្មវិធី​បណ្ណាល័យ​អ្នក​ប្រយុទ្ធ​ដែល​មា​នទី​តាំងនៅ​ខេត្តព្រះវិហារ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ណែនាំ​សិស្សានុសិស្ស​ នៅ​សាលា​បឋម​សិក្សា​ប៉ា​ហាល់​ឱ្យ​ស្គាល់​អំពី​ទិន្នន័យ​ តាម​រយៈ​សកម្មភាព​ច្នៃប្រឌិត​សម​ស្រប​តាម​អាយុ​ និង​របៀប​សិក្សា​របស់​ពួក​គេ​។​

សិស្សានុសិស្ស​ និង​គ្រូបង្រៀន​ជាង​ ១០០​នាក់​ បាន​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​បែប​អន្តរ​កម្មនេះ​ដែល​រៀបចំ​ដោយ​អូ​ឌី​ស៊ី​ ក្នុង​បរិបទ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​២០២៦​ ក្រោម​ប្រធានបទ​ «​នាំ​យក​ទិន្នន័យ​បើក​ទូលាយ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន​»​។​ កម្មវិធី​នេះ​បាន​បង្ហាញ​គំនិត​នៃ​ទិន្នន័យ​ តាម​រយៈ​ការ​គូស​រូប​ ការ​សង្កេត​ និង​ការ​ពិភាក្សា​ដែល​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​ឈ្វេងយល់​ថា​ តើ​មាន​ព័ត៌មាន​មាន​ស្រាប់​អ្វីខ្លះ​នៅ​ជុំវិញ​ពួក​គេ​។​

​ដោយ​មិន​ចាប់ផ្តើម​ផ្តោត​លើ​និយម​ន័យ​ទិន្នន័យ​បើក​ទូលាយ​ សិស្សានុសិស្ស​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​សិក្សា​អំពី​ទិន្នន័យ​តាម​រយៈ​ភាព​ច្នៃប្រឌិត​។​ សិស្ស​ម្នាក់ៗ​ទទួល​បាន​ក្រដាស​ទំហំ​ A4​ និង​ប្រអប់​ខ្មៅ​ដៃ​ពណ៌​ ហើយ​អ្នក​ណែនាំ​បាន​ណែនាំ​ឱ្យ​ពួក​គេ​គូស​រូប​ដែល​ពួក​គេ​ចូល​ចិត្ត​ ដូច​ជា​ ផ្កាយ​ ផ្ទះ​ ដើមឈើ​ ផ្កា​ ភ្នំ​ សាលារៀន​ ពពក​ ឬ​សមាជិកគ្រួសារ​។​ សិស្សានុសិស្ស​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ជ្រើសរើស​វត្ថុ​ដែល​ពាក់ព័ន្ធ​នឹង​ជីវិត​នៅ​សាលា​ ឬ​សហគមន៍​របស់​ពួក​គេ​ ដើម្បី​ឱ្យ​គំនូរ​ទាំងនោះ​អាច​ប្រើ​សម្រាប់​កំណត់​ និង​រាប់​ទិន្នន័យ​នៅ​ពេល​ក្រោយ​។​

គោលបំណង​នៃ​សកម្មភាព​គូស​រូប​មិន​ត្រឹមតែ​សម្រាប់​ការ​បង្ហាញ​សិល្បៈ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជួយ​ឱ្យ​សិស្ស​យល់​ថា​ ទិន្នន័យ​កើត​ចេញពី​វត្ថុ​ និង​បរិស្ថាន​ជុំវិញ​ពួក​គេ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។​ តាម​រយៈ​ឧទាហរណ៍​សាមញ្ញ​ ដូច​ជា​ការ​រាប់​ចំនួន​ដើមឈើ​ ផ្កា​ ឬ​ផ្ទះ​នៅ​ក្នុង​គំនូរ​ សិស្ស​បាន​ចាប់ផ្តើម​យល់​ថា​ ទិន្នន័យ​គឺជា​ព័ត៌មាន​ដែល​អាច​សង្កេត​ រាប់​ និង​ប្រើប្រាស់​សម្រាប់​ពិពណ៌នា​អ្វី​ដែល​មាននៅ​ជុំវិញ​ពួក​គេ​។​

​ក្នុង​រយៈពេល​ប្រមាណ​ ៥០​នាទី​ បន្ទប់​សិក្សា​បាន​ក្លាយជា​កន្លែង​សម្រាប់​សកម្មភាព​ច្នៃប្រឌិត​ ដែល​ពោរពេញ​ដោយ​ពណ៌​ និង​ការ​ចូលរួម​យ៉ាង​យកចិត្តទុកដាក់​។​ សិស្សានុសិស្ស​បាន​គូររូប​ដោយ​ផ្ចិតផ្ចង់​ដោយ​ប្រើ​ខ្មៅ​ដៃ​ផាត់​ពណ៌​ចំនួន​ ១២​ ពណ៌​ ខណៈ​ក្រុមការងារ​អូ​ឌី​ស៊ី​ និង​គ្រូបង្រៀន​បាន​ដើរ​ជុំវិញ​បន្ទប់​ដើម្បី​ផ្តល់​ការ​គាំទ្រ​នៅ​ពេល​ចាំបាច់​។​ សកម្មភាព​នេះ​ក៏​បាន​បង្ហាញ​ពី​ទេព​កោសល្យ​សិល្បៈ​របស់​សិស្ស​ជា​ច្រើន​ផង​ដែរ​ ដោយ​មាន​គំនូរ​ចម្រុះ​ពណ៌​ និង​លម្អិត​ ដែល​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​ និង​ការ​យកចិត្តទុកដាក់​ក្នុង​ការ​សង្កេត​របស់​ពួក​គេ​។​

បន្ទាប់​ពី​បញ្ចប់​ការ​គូររូប​ អ្នក​ណែនាំ​បាន​អញ្ជើញ​សិស្ស​ប្រហែល​ ១០​នាក់​ ទៅ​ ១៥​នាក់​ ឱ្យ​ស្ម័គ្រចិត្ត​មក​បង្ហាញ​គំនូរ​របស់​ពួក​គេ​នៅ​មុខ​មិត្ត​រួម​ថ្នាក់​។​ ក្នុង​ការ​បង្ហាញ​នីមួយៗ​ សិស្ស​ត្រូវ​បាន​សួរ​សំណួរ​សាមញ្ញ​ដូច​ជា​៖​ តើ​អ្នក​អាច​រាប់​អ្វី​បាន​ខ្លះ​នៅ​ក្នុង​គំនូរ​របស់​អ្នក​?​ មាន​ប៉ុន្មាន​?​ ហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​គូររូប​នេះ​?​ សំណួរ​ទាំងនេះ​ជួយ​ឱ្យ​សិស្ស​ភ្ជាប់​គំនូរ​របស់​ពួក​គេ​ជាមួយនឹង​ការ​រាប់​ ការ​ប្រៀបធៀប​ និង​ការ​ពន្យល់​ ដោយ​ប​ម្លែ​ង​សិល្បៈ​ឱ្យ​ក្លាយជា​លំ​ហាត់​ដំបូង​នៃ​ការ​កំណត់​កំណត់​ និង​រាប់​ទិន្នន័យ​។​ សិស្ស​ដែល​ស្ម័គ្រចិត្ត​បង្ហាញ​ទទួល​បាន​សម្ភារៈ​អប់​រំជា​ការ​លើកទឹកចិត្ត​។​

ទោះបីជា​កម្មវិធី​នេះ​ផ្តោត​សំខាន់​លើ​ការ​ណែនាំ​ទិន្នន័យ​ក្នុង​វិធី​សាមញ្ញ​ និង​ងាយស្រួល​យល់​ ក៏​មានការ​រៀបចំ​សកម្មភាព​អន្តរ​កម្ម​ខ្លី​មួយ​អំពី​សុវត្ថិភាព​លើ​អ៊ីនធឺណិត​សម្រាប់​កុមារ​ផង​ដែរ​។​ ក្រុមការងារ​អូ​ឌី​ស៊ី​ បាន​ពន្យល់​អំពី​របៀប​ដែល​បណ្តាញ​អន​ឡាញ​អាច​ជួយ​ការ​សិក្សា​ និង​ការ​ទំនាក់ទំនង​ ព្រមទាំង​រំលឹក​សិស្ស​ថា​ ការ​ប្រើប្រាស់​អ៊ីនធឺណិត​អាច​មាន​ហានិភ័យ​ ប្រសិនបើ​មិន​ប្រើប្រាស់​ដោយ​ប្រុង​ប្រយ័ត្ន​។​ ដើម្បី​ធ្វើ​ឱ្យ​ប្រធានបទ​នេះ​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​កុមារ​ ក៏​មាន​សកម្មភាព​ប្រកួត​អាន​ ដែល​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​អាន​ពាក្យ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ទិវា​អំ​ណា​ន​ជាតិ​ និង​ប្រធានបទ​ «​ការ​អាន​ និង​សុវត្ថិភាព​អន​ឡាញ​សម្រាប់​កុមារ​»​។​ សកម្មភាព​នេះ​បាន​ជួយ​ណែនាំ​ពាក្យ​សព្ទ​មូលដ្ឋាន​អំពី​សុវត្ថិភាព​អន​ឡាញ​ និង​បង្កើន​ការ​យល់​ដឹង​អំពី​ហានិភ័យ​អន​ឡាញ​ក្នុង​វិធី​សម​ស្រប​សម្រាប់​សិស្ស​បឋម​សិក្សា​។​

តាម​រយៈ​ការ​រួម​បញ្ចូល​ការ​គូររូប​ ការ​រាប់​ ការ​បង្ហាញ​ និង​ការ​ពិភាក្សា​ កម្មវិធី​នេះ​បាន​បង្ហាញ​ថា​ ទោះបីជា​កុមារ​ក៏​ដោយ​ ក៏​អាច​ចាប់ផ្តើម​យល់​អំពី​ទិន្នន័យ​បាន​ ប្រសិនបើ​ការ​សិក្សា​ចាប់ផ្តើម​ពី​វត្ថុ​ដែល​ស្គាល់​ និង​ភាព​ច្នៃប្រឌិត​។​ សកម្មភាព​សាមញ្ញ​ដែល​សម​ស្រប​នឹង​វ័យ​បាន​ជួយ​ឱ្យ​សិស្ស​យល់​ពី​ទំនាក់ទំនង​រវាង​ទិន្នន័យ​ និង​ជីវិត​ប្រចាំ​ថ្ងៃ​ ព្រមទាំង​បង្កើន​ទំនុកចិត្ត​ក្នុង​ការ​ចែករំលែក​គំនិត​របស់​ពួក​គេ​នៅ​មុខ​អ្នក​ដទៃ​។​

កម្មវិធី​នេះ​ទទួល​បានការ​គាំទ្រ​ពី​ មូលនិធិ​ហេ​ន​រេច​បូល​ ជំនួយ​របស់​ប្រជាពលរដ្ឋ​ន័​រវេ​ស​ និង​ មូលនិធិ​ APNIC​ ។​