ម៉ារឌី៖ កូរ៉ូណាវីរុសថ្មី បទពិសោធន៍ធ្វើការថ្មី
ក្រោយពេលដែលកូរ៉ូណាវីរុសថ្មី (កូវីដ ១៩) មក ពិភពលោកទាំងមូលត្រូវបង្ខំឱ្យមានការផ្លាស់ប្តូរគ្រប់កម្រិត ចាប់តាំងពីការបង្កើត និងអនុវត្តគោលនយោបាយ រហូតដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
ចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានសម្រេចចិត្តលើកទឹកចិត្តឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះ។
អារម្មណ៍ចំពោះគម្លាតសង្គម
ការផ្លាស់ប្តូរនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នែកអារម្មណ៍របស់ខ្ញុំ។ ការកាត់បន្ថយទំនាក់ទំនងដោយផ្ទាល់ជាមួយមិត្តរួមការងារ និងការកំណត់សកម្មភាពនៅក្រៅផ្ទះក្នុងកំឡុងពេលធ្វើការពីចម្ងាយ ធ្វើឱ្យខ្ញុំមានអារម្មណ៍តានតឹង និងឃ្លាតឆ្ងាយ ។ លើសពីនេះ ខ្ញុំមានអារម្មណ៍ចម្លែក នៅពេលដែលថ្ងៃធ្វើការ និងថ្ងៃចុងសប្តាហ៍ ក៏ដូចជាពេលវេលាសម្រាប់គ្រួសារ និងសម្រាប់ការងារ មិនអាចចែកដាច់ពីគ្នា។ ជារួម ការចាត់ទុកផ្ទះដែលធ្លាប់តែជាកន្លែងសម្រាកនិងគ្រួសារ ទៅជាកន្លែងធ្វើការប្រកបដោយប្រសិទ្ធិភាព គឺជារឿងលំបាកសម្រាប់ខ្ញុំ ។
ការសំរបខ្លួន
លោក John Wooden ពោលថា “បើយើងបរាជ័យក្នុងការសំរបខ្លួន យើងនឹងបរាជ័យក្នុងការបន្តដំណើរទៅរកគោលដៅ” ។
ខណៈពេលដែលធ្វើការពីផ្ទះ អាចជាបទពិសោធន៍លំបាកមួយ ខ្ញុំបានសំរបខ្លួនជាមួយនឹងការផ្លាស់ប្តូរជាច្រើន។
ការងាចំបង គឺស្វែងរកកន្លែងដែលអាចធ្វើការបាន។ ដើមឡើយ ខ្ញុំរៀបចំតុមួយនៅខាងក្រៅបន្ទប់គេងរបស់ខ្ញុំ។ ដំបូង ទីនោះហាក់ដូចជាកន្លែងល្អ ប៉ុន្តែនៅពេលរសៀល កម្តៅថ្ងៃធ្វើឱ្យខ្ញុំបែកញើសជោគខ្លួន។ វាពេលជាធ្វើឱ្យខ្ញុំកាន់តែមានអារម្មណ៍មួម៉ៅ ដោយសារតែភាពមិនស្រណុក និងការរំខាន។
ដូច្នេះហើយ ខ្ញុំគ្មានជម្រើសអ្វីផ្សេងឡើយ ក្រៅពីស្វែងរកកន្លែងថ្មី។ ខ្ញុំបានសាកល្បងកន្លែងនិងឥរិយាបទផ្សេងៗគ្នា ដូចជាអង្គុយលើឥដ្ឋជាមួយតុតូច ក្រាបលើឥដ្ឋ និងអង្គុយលើគ្រែដាក់កុំព្យូទ័រលើភ្លៅ ជាដើម។
ទីបំផុត កន្លែងដែលធ្វើការល្អបំផុតរបស់ខ្ញុំ គឺចូលរួមជាមួយប្អូនស្រីខ្ញុំ ធ្វើការនៅលើតុធំមួយនៅក្នុងបន្ទប់ទទួលភ្ញៀវ។ ដោយសារតែនៅជិតផ្ទះបាយ ខ្ញុំអាចកំណត់ពេលសម្រាកបានល្អជាងមុនព្រោះខ្ញុំឈប់ជារឿយៗដើម្បីទៅយកទឹកញ៉ាំ ហើយម៉ាក់ខ្ញុំតែងតែរំឭកពីម៉ោងសម្រាកញ៉ាំបាយថ្ងៃត្រង់ និងបាយល្ងាច។
ការផ្ចង់អារម្មណ៍ពេញមួយថ្ងៃ ជារឿងមិនងាយស្រួលឡើយ ។ ពេលខ្លះ ខ្ញុំចំណាយពេលគិតពីការងារដែលត្រូវធ្វើ ជាជាងធ្វើការងារ ។ ម្ល៉ោះហើយ ដើម្បីជំនួយដល់ការផ្ចង់អារម្មណ៍ ខ្ញុំចាប់ផ្តើមប្រើប្រាស់បញ្ជីការងារប្រចាំដែលត្រូវធ្វើ និងកំណត់កម្រិតអាទិភាពទៅលើការងារនីមួយៗ ហើយខ្ញុំក៏បានសាកល្បងតម្លើងកម្មវិធីកុំព្យូទ័រមួយចំនួនជាជំនួយផងដែរ។
ក្នុងចំណោមកម្មវិធីទាំងអស់ កម្មវិធី Be Focused មានសារៈប្រយោជន៍ជាងគេ ព្រោះកម្មវិធីនេះ អនុញ្ញាតឱ្យខ្ញុំបញ្ចូលការងារអាទិភាពរបស់ខ្ញុំ ក៏ដូចជាកំណត់ម៉ោង និងម៉ោងចន្លោះសម្រាប់សម្រាក។
ប៉ុន្មានសប្តាហ៍ក្រោយមក…
ក្រោយពីធ្វើការនៅផ្ទះបានប៉ុន្មានសប្តាហ៍ ខ្ញុំបានជួបប្រទះបញ្ហាមួយចំនួន រួមមាន៖
- ការបែងចែកពេលវេលា៖ ទោះបីជាប្រើប្រាស់បញ្ជីការងារដែលត្រូវធ្វើក៏ដូចជាកម្មវិធី ខ្ញុំនៅតែមិនអាចផ្ចង់អារម្មណ៍លើការងារពេញនៅថ្ងៃបាននៅឡើយ។
- ការទំនាក់ទំនងនិងផ្តល់ជំនួយពីចម្ងាយ៖ ថ្វីបើខ្ញុំចាប់ផ្តើមទម្លាប់ជាបណ្តើរៗជាមួយការប្រជុំតាមប្រព័ន្ធអ៊ីនធឺណេត ខ្ញុំនៅតែមានអារម្មណ៍ថាមិនងាយស្រួលប៉ុន្មានទេ បើធៀបនឹងការទំនាក់ទំនងផ្ទាល់ជាមួយក្រុមការងារ។ ការណ៍នេះបណ្តាលមកពីមិនមានកង្វះការបង្ហាញតាមរយៈទឹកមុខ និងភាសាកាយវិការ។ ម្យ៉ាងវិញទៀត ការផ្តល់ជំនួយដល់ក្រុមការងារពីចម្ងាយមានការលំបាក ព្រោះពេលខ្លះកម្មវិធីសម្រាប់ធ្វើការផ្តល់ជំនួយពីចម្ងាយក៏មានបញ្ហាដែរ។
- ការមិនអាចទាញយកធនធាន និងការភ្ជាប់បណ្តាញមិននឹងនរ៖ ធនធានភាគច្រើនមិនអាចទាញយកបានពីផ្ទះបានទេ នៅពេលដែលមិនមានការភ្ជាប់ទៅក្នុងបណ្តាញកុំព្យូទ័រនៅក្នុងការិយាល័យ។ ក្រៅពីនេះ ការធ្វើការពីផ្ទះមិនរលូនដូចការរំពឹងទុកទេ ដោយសារតែប្រព័ន្ធអ៊ីនធឺណេតមិននឹងនរ។
ទន្ទឹមនឹងការលំបាកខាងលើ ខ្ញុំក៏បានឃើញពីអត្ថប្រយោជន៍មួយចំនួនចេញពីបទពិសោធន៍នេះដែរ។ នេះជាឱកាសសម្រាប់បង្កើនវិន័យផ្ទាល់ខ្លួន ពោលគឺផ្ចង់អារម្មណ៍ទៅលើការងារជាមួយនឹងការរៀបចំផ្ទាល់ខ្លួន។ ជាក់ស្តែង ខ្ញុំរីករាយនឹងការរៀបចំផ្ទាល់ខ្លួនមួយចំនួនដែរ ជាពិសេសនៅពេលធ្វើការងារមួយចំនួនដែលទាមទារការផ្តោតអារម្មណ៍ច្រើន។ មួយវិញទៀត ខ្ញុំមានពេលច្រើនជាងមុនសម្រាប់ចំនាយជាមួយក្រុមគ្រួសារ និងជួយធ្វើការងារផ្ទះ។
ពន្លកនៃក្តីសង្ឃឹម
ពេលនេះស្ថានភាពជំងឺរាតត្បាតនៅកម្ពុជាចាប់ផ្តើមល្អប្រសើរ ខ្ញុំសង្ឃឹមថាថ្ងៃដែលខ្ញុំអាចទៅធ្វើការនៅការិយាល័យនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ជាពិសេស ខ្ញុំនឹករឭកដល់ការពិភាក្សា និងសំណើចនៅពេលសម្រាកអាហារថ្ងៃត្រង់ ក៏ដូចជាតុការងាររបស់ខ្ញុំដែលអាចឱ្យខ្ញុំអង្គុយធ្វើការបានច្រើនម៉ោងដោយមិនចុករោយខ្នង។
ជាចុងក្រោយ ខ្ញុំអរគុណជាខ្លាំងចំពោះការអធ្យាស្រ័យ និងអត់ធ្មត់របស់ក្រុមការងារ ចំពោះភាពយឺតយ៉ាវមួយចំនួនក្នុងការទំនាក់ទំនង និងបំពេញការងារក្នុងកំឡុងពេលសម្រាប់ខ្លួនទៅនឹងបរិយាកាសកាងារថ្មី ពោលគឺធ្វើការពីផ្ទះ។
ប្លុកសរសេរដោយ៖ លោក សំអាន ម៉ារឌី មន្ត្រីផ្នែកអភិវឌ្ឍន៍គេហទំព័រ និងព័ត៌មានវិទ្យា នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។