កិច្ចប្រជុំអំពីកិច្ចសហប្រតិបត្តិការរវាង អូឌីស៊ី និង គ.ជ.អ.ប
នៅថ្ងៃទី២៦ ខែមករាឆ្នាំ ២០១៨ ក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានជួបប្រជុំជាមួយក្រុមការងាររបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ( គ.ជ.អ.ប) នៅក្រសួងមហាផ្ទៃដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាង អូឌីស៊ី និង គ.ជ.អ.ប។
ក្រុមការងាររបស់អង្គការអូឌីស៊ីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមន្ត្រីមកពី គ.ជ.អ.ប។ បន្ទាប់ពីការណែនាំខ្លួន ក្រុមការងាររបស់អង្គការអូឌីស៊ីបានបង្ហាញពីប្រវត្តិ និងគេហទំព័ររបស់អង្គការអូឌីស៊ីដល់ក្រុមការងាររបស់ គ.ជ.អ.ប។ ឯកឧត្តម ជាម ប៉េអាបានបង្ហាញពីចំណាប់អារម្មណ៍របស់ឯកឧត្តមចំពោះគេហទំព័រ និងការរចនារបស់អូឌីស៊ី។ ឯកឧត្តមក៏បានកោតសរសើរដល់អូឌីស៊ីផងដែរ ដែលបានបង្កើតព័ត៌មានសង្ខេប និងតារាងទិន្នន័យសម្រាប់អ្នកប្រើដើម្បីងាយស្រួលក្នុងការទទួលបានព័ត៌មាន។ កិច្ចប្រជុំនេះផ្តោតលើវិធីសាស្ត្រដែល អូឌីស៊ី អាចគាំទ្រដល់ គ.ជ.អ.ប និងព័ត៌មានដែលយើងអាចចែករំលែកសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។ កិច្ចពិភាក្សាបានដំណើរការទៅយ៉ាងរលូន និងបានឈានទៅដល់កិច្ចសហការនាពេលអនាគតរវាង អូឌីស៊ី និង គ.ជ.អ.ប។
ក្រុមអង្គការអូឌីស៊ីក៏សូមអរគុណដល់លោក ជេដ្ឋ គីមជុង ដែលបានចូលរួមក្នុងការរៀបចំកិច្ចប្រជុំនេះឡើង។ កិច្ចប្រជុំនឹងមិនអាចកើតមានឡើង បើគ្មានការគាំទ្រពីលោកទេ។