ការចុះអនុស្សរណៈយោគយល់​រវាងអូឌីស៊ី​ និងសាកលវិទ្យាល័យស្វាយរៀង

នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២១​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​សាកលវិទ្យាល័យ​ស្វាយ​រៀង​ បាន​រៀបចំ​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​ស្ដី​ពី​ការ​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​និស្សិត​របស់​សាកលវិទ្យាល័យ​ស្វាយ​រៀង​ក្នុង​ការ​ធ្វើ​និក្ខេបបទ​បញ្ចប់​ការ​សិក្សា​។​ ស្ថិត​ក្នុង​ដំណើរការ​ធ្វើ​កិច្ច​សហ​ប្រ​ត្តិ​បត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ អង្គការ​អូ​ឌី​ស៊ី​កំពុង​តែ​ អនុវត្ត​គម្រោង​ និង​វគ្គ​បណ្ដុះបណ្ដាល​នានា​ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ព័ត៌មានវិទ្យា​ ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ ក្នុង​នោះ​ កម្មវិធី​ផ្ដល់​មូលនិធិ​ដើម្បី​គាំទ្រ​និស្សិត​ក្នុង​ការ​សរសេរ​និក្ខេបបទ​បញ្ចប់​ការ​សិក្សា​ ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​អង្គការ​អូ​ឌី​ស៊ី​។​

​គោលបំណង​សំខាន់​នៃ​កម្មវិធី​នេះ​ គឺ​៖

  • ​ដើម្បី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អង្គការ​អូ​ឌី​ស៊ី​ និង​សាកលវិទ្យាល័យ​ស្វាយ​រៀង​ដើម្បី​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​និស្សិត​សរសេរ​និក្ខេបបទ​បញ្ចប់​ការ​សិក្សា​។​
  •  ​ធ្វើ​បទ​បង្ហាញ​ពី​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ដល់​និស្សិត​សាកលវិទ្យាល័យ​ស្វាយ​រៀង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើការ​ស្រាវជ្រាវ​ និង​សរសេរ​និក្ខេបបទ​ ។​
  • បទ​បង្ហាញ​ពី​គេហទំព័រ​ ASEAN​ Data​ Science​ Explorers​ ដល់​និស្សិត​សាកលវិទ្យាល័យ​ស្វាយ​រៀង​ ក្នុង​ការ​វិភាគ​ទិន្នន័យ​។

ឯកឧត្តម​ ទុំ​ សារា​វុ​ធ​ សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ស្វាយ​រៀង (ខាងឆ្វេង)​ និងលោក​ ធី​ ទ្រី​ នាយក​ប្រ​ត្តិ​បត្តិ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឈ (ខាងស្តាំ) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងបានប្រកាសអំពីកិច្ចសហការរវាងស្ថាប័នទាំងពីរ។

​នៅ​ក្នុង​កម្មវិធី​ចុះ​អនុស្សរណៈ​នេះ​មានការ​ចូលរួម​ពី​គណៈ​គ្រប់គ្រង​របស់​សាកលវិទ្យាល័យ​ស្វាយ​រៀង​ លោកគ្រូ​ អ្នកគ្រូ​ សាស្ត្រាចារ្យ​ និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ស្វាយ​រៀង​។​ កម្មវិធី​នេះ​ចាប់ផ្ដើម​ឡើង​ដោយ​មានការ​ថ្លែងស​ន្ទ​រក​ថា​បើក​កម្មវិធី​ពី​ឯកឧត្តម​ ទុំ​ សារា​វុ​ធ​ សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ស្វាយ​រៀង​។​ លោក​មាន​ចំណាប់អារម្មណ៍​នៅ​ក្នុង​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ថា​ សាកលវិទ្យាល័យ​ធ្លាប់​បាន​សហការ​ជាមួយ​ស្ថាប័ន​ផ្សេងៗ​សម្រាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​របស់​និស្សិត​ ហើយ​ការ​សហការ​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ពិតជា​បាន​ចូលរួម​លើក​ស្ទួយ​កម្មវិធី​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ ជា​ពិសេស​គឺ​ស្ថិត​ក្នុង​ផែនការ​១០​ឆ្នាំ​របស់​សាកលវិទ្យាល័យ​ផង​ដែរ​។​ ឯកឧត្តម​លើក​ឡើង​ទៀត​ថា​ សាក​លវិទ្យាល័យ​ស្វាយ​រៀង​នឹង​រីករាយ​ក្នុង​ការ​សហការ​ និង​បន្ត​អនុវត្ត​សកម្មភាព​ផ្សេងៗ​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​

​លោក​ ធី​ ទ្រី​ នាយក​ប្រ​ត្តិ​បត្តិ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ថ្លែងស​ន្ទ​រក​ថា​ស្វាគមន៍​អំពី​ការ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ថវិកា​ទៅ​ដល់​និស្សិត​សាកលវិទ្យាល័យ​ស្វាយ​រៀង​ថា​ អង្គការ​អូ​ឌី​ស៊ី​កំពុងធ្វើការ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដើម្បី​ផ្សព្វផ្សាយ​ និង​ពង្រីក​ការ​ផ្ដល់​ជូន​នូវ​ទិន្នន័យ​បើក​ទូលាយ​អំពី​វិស័យ​អប់រំ​។​ លោក​បន្ថែម​ថា​ការ​ផ្ដល់​ការ​គាំទ្រ​និស្សិត​ក្នុង​ការ​សរសេរ​និក្ខេបបទ​បញ្ចប់​ការ​សិក្សា​នេះ​ ត្រូវ​ផ្ដល់​ជូន​និស្សិត​ចំនួន​១០​នាក់​ ក្នុង​រយៈពេល​៣​ឆ្នាំ​ ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំ​ ២០២២​ ដល់​ឆ្នាំ​២០២៤​ ដោយ​ក្នុង​នោះ​និស្សិត​ម្នាក់​/​ក្រុម​ នឹង​ទទួល​បាន​ថវិកា​ចំនួន​៣៥០​ដុល្លា​។​ បន្ថែម​ពី​នោះ​ សាស្ត្រាចារ្យ​ដឹកនាំ​និស្សិត​ក្នុង​ការ​ធ្វើ​និក្ខេបបទ​ក៏​នឹង​ទទួល​បានការ​ឧបត្ថម្ភ​ផង​ដែរ​។​

វគ្គថតរូបជុំគ្នាដែលរួមមានប្រតិភូ និងអ្នកចូលរួមទាំងអស់ក្នុងពិធី។

​បន្ទាប់​ពី​ការ​ថ្លែងស​ន្ទ​រក​ថា​បើក​កម្មវិធី​ តំណាង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ដែល​មាន​លោក​ ធី​ ទ្រី​ ជានា​យក​ប្រ​ត្តិ​បត្តិ និង​តំណាង​របស់​សាកលវិទ្យាល័យ​ស្វាយ​រៀង​ដែល​មាន​ឯកឧត្តម​ ទុំ​ សារា​វុ​ធ​ ជា​សាកល​វិទ្យា​ធិ​ការ​ បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​អនុស្សរណ​យោគយល់​ និង​ប្រកាស​បើក​កិច្ចសហការ​រវាង​ស្ថាប័ន​ទាំង​ពីរ​។​

​ជា​កិច្ច​បន្ទាប់​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ធ្វើ​បទ​បង្ហាញ​ទៅ​ដល់​សិស្ស​និស្សិត​ និង​សាស្ត្រាចារ្យ​ដែល​បាន​អញ្ជើញ​ចូលរួម​ អំពី​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ផង​ដែរ​ ក៏​ដូច​ជា​លើក​ឡើងជា​សំណួរ​ពាក់ព័ន្ធ​នានា​។​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​ប្រើប្រាស់​ និង​ស្វែងរក​ទិន្នន័យ​នៅ​ក្នុង​គេហទំព័រ​អូ​ឌី​ស៊ី​ទៅ​ដល់​និស្សិត​សាកលវិទ្យាល័យ​ស្វាយ​រៀង​ផង​ដែរ​ ដើម្បី​សម្រួល​ដល់​ការ​ស្វែងរក​ទិន្នន័យ​ និង​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ប្រធានបទ​ស្រាវជ្រាវ​របស់​ពួក​គាត់​។​ និស្សិត​ម្នាក់​បាន​លើក​ឡើង​ថា​ ការ​ចែករំលែក​ពី​គេហទំព័រ​អូ​ឌី​នេះ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​គាត់​ពុំដែល​បានដឹង​ពី​គេហទំព័រ​ដែល​ផ្ដល់​ទិន្នន័យ​បើក​ទូលាយ​ និង​សំបូរ​បែប​ដូច​អូ​ឌី​ស៊ី​ពី​មុន​មក​ទេ​។​ កម្មវិធី​បញ្ចប់​ទៅ​ដោយ​មានការ​ធ្វើ​បទ​បង្ហាញ​អំពី​ គេហទំព័រ​ ASEAN​ Data​ Science​ Explorers​។​

ក្រុមការងារអូឌីស៊ីកំពុងធ្វើបទបង្ហាញអំពីលក្ខខណ្ឌនៃការគាំទ្រផ្នែកហិរញ្ញវត្ថុដល់និស្សិត និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យស្វាយរៀង។

​ការ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អូ​ឌី​ស៊ី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សហការ​ជាមួយ​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​ វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លាប​។​ ការ​គាំទ្រ​ធ្វើ​ឡើង​ដើម្បី​ ចូលរួម​ចំណែក​ជួយ​ដល់​និស្សិត​ដែល​ត្រូវការ​ថវិកា​ជា​ចាំបាច់​ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ និង​សរសេរ​និក្ខេបបទ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​។​ នៅ​ក្នុង​ឆ្នាំ​២០២០​ អង្គការ​អូ​ឌី​ស៊ី​បាន​ផ្ដល់​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ដល់​និស្សិត​របស់​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លាភ​ ចំនួន​បី​នាក់​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​សរសេរ​និក្ខេបបទ​របស់​ពួក​គាត់​។​ អាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​៖​ កិច្ចសហការ​រវាង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប​ (PLNIA)