សិស្សអប់រំពហុភាសា ទស្សនានិងរៀនសូត្រពីធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិច ក្រោមបរិយាកាសដ៏រីករាយ
បន្ទាប់ពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់ស្ដីពី “ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា” ដោយជោគជ័យ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្រុមការងារអូឌីស៊ីបានចាប់ផ្ដើមចុះទៅផ្សព្វផ្សាយផ្ទាល់អំពីរបៀបប្រើប្រាស់ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅតាមសាលាបឋមសិក្សាដែលអនុវត្តកម្មវិធីអប់រំពហុភាសា។ សាលាគោលដៅចំនួន២ត្រូវបានជ្រើសរើសសម្រាប់ការចុះទៅផ្សព្វផ្សាយផ្ទាល់នេះ រួមមាន សាលាបឋមសិក្សាអន្លង់កេះ ដែលមានទីតាំងស្ថិតនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ និងសាលាបឋមសិក្សាក្បាលរមាស ដែលមានទីតាងស្ថិតនៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ហើយសាលាទាំង២នេះអនុវត្តកម្មវិធីអប់រំពហុភាសាសម្រាប់សិស្សជនជាតិដើមភាគតិចព្នង។
មុននឹងចាប់ផ្ដើមការចាក់ផ្សាយវីដេអូដល់សិស្សពហុភាសា ក្រុមការងារបានសាកសួរគណៈគ្រប់គ្រងសាលា ពីស្ថានភាពនៃការសិក្សារបស់សិស្ស ក៏ដូចជាការប្រើប្រាស់ឌីជីថលសម្រាប់បង្រៀននិងរៀន សេវាអ៊ីនធឺណិតនៅក្នុងតំបន់នេះ ព្រមទាំងបញ្ហាប្រឈមផ្សេងៗដែលសិស្សនិងគ្រូជួបប្រទះ។ ចំពោះការចាក់ផ្សាយវីដេអូអប់រំ ក្រុមការងារអូឌីស៊ីបានជ្រើសរើសវីដេអូអប់រំទៅតាមភាសាកំណើតដែលអនុវត្តដោយសាលាបឋមសិក្សានោះ ទៅដល់សិស្ស លោកគ្រូ-អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាទស្សនា ដូចជារៀនព្យញ្ជនៈខ្មែរ គណិតវិទ្យា និងរឿងនិទាន។ ពួកគាត់មានអារម្មណ៍រីករាយនិងយកចិត្តទុកដាក់ទស្សនាទៅតាមការរៀបរាប់ ពន្យល់ និងនិទាននៅក្នុងវីដេអូអប់រំតាមប្រធានបទនីមួយៗ។ មុននឹងបញ្ចប់វីដេអូនីមួយៗ សិស្សពហុភាសាចូលរួមលេងល្បែងឆ្លើយសំណួរដើម្បីទទួលបានរង្វាន់លើកទឹកចិត្ត ដែលជាការសាទរចំពោះភាពក្លាហាន និងការទស្សនាដោយការយកចិត្តទុកដាក់។ រីឯលោកគ្រូ-អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាក៏បង្ហាញការគាំទ្រចំពោះការផលិតធនធានអប់រំទាំងនេះ ដើម្បីប្រើជាមធ្យោបាយសិក្សាបន្ថែមសម្រាប់សិស្ស ដែលពួកគេអាចទស្សនានិងរៀនបានដោយខ្លួនឯងតាមបែបកម្សាន្តផងដែរ។ ធនធានទាំងនេះជួយឱ្យសិស្សងាយយល់ និងរៀនឆាប់ចេះ ដោយសារមានចលនា កាយវិការ អមដោយសំឡេងនិងរូបភាព។ ជាពិសេស ធនធានទាំងនេះក៏ជួយមួយផ្នែកដល់ការបង្រៀនរបស់គ្រូផងដែរ តាមរយៈការបង្កើតបរិយាកាសបង្រៀននិងរៀនឱ្យសកម្មរវាងគ្រូនិងសិស្ស និងរស់រវើកជាងមុន។ បន្ទាប់មក ក្រុមការងារអូឌីស៊ីបានបង្ហាញពីទីតាំងដែលស្វែងរកធនធានអប់រំទាំងនេះទៅដល់ពួកគេ ដូចជានៅលើយូធូបរបស់អូឌីស៊ីជាដើម ព្រោះវាជាកម្មវិធីដែលមានប្រជាប្រិយភាពជាងគេសម្រាប់សិស្សនិងគ្រូ។
គួរបញ្ជាក់ថា សកម្មភាពនេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោង “ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា” ដែលទទួលបានជំនួយហិរញ្ញវត្ថុពីកម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅក្នុងតំបន់កំពុងអភិវឌ្ឍ (SPIDER) និងអនុវត្តដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយនាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដល់នូវដំណោះស្រាយឧបសគ្គខាងភាសានៃការអប់រំថ្នាក់ដំបូង ដែលកើតមានចំពោះសិស្សជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា។ គម្រោងនេះផលិតវីដេអូអប់រំចំនួន៥ភាសាកំណើតដូចជា ភាសាព្នង កាវ៉ែត គ្រឹង ទំពួន និងកួយ និងផ្តោតលើ៣ប្រធានបទ ដូចជារៀនអាននិងសរសេរព្យញ្ជនៈខ្មែរ រៀនគណិតវិទ្យា និងរឿងនិទានកុមារ ដើម្បីប្រើប្រាស់ជាសាធារណៈនៅក្នុងតំបន់ជនបទគោលដៅនៅខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី។
ដើម្បីទស្សនាវីដេអូ សូមចុចលើភាសាដែលបែងចែកទៅតាមប្រធានបទនីមួយៗនៅខាងក្រោមនេះ៖
រៀនអាននិងសរសេរព្យញ្ជនៈខ្មែរ | រៀនគណិតវិទ្យា | រឿងនិទានកុមារ |