សិស្ស​អប់រំ​ពហុ​ភាសា​ ទស្សនា​និង​រៀនសូត្រ​ពី​ធនធាន​អប់រំ​ឌី​ជី​ថ​ល​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​ ក្រោម​បរិយាកាស​ដ៏​រីករាយ​

​បន្ទាប់​ពី​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ស្ដី​ពី​ “​ធនធាន​អប់រំ​ឌី​ជី​ថ​ល​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​បឋម​សិក្សា​”​ ដោយ​ជោគជ័យ​ កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២៣​ នៅ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់ចាម​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ចាប់ផ្ដើម​ចុះ​ទៅ​ផ្សព្វផ្សាយ​ផ្ទាល់​អំពី​របៀប​ប្រើប្រាស់​ធនធាន​អប់រំ​ឌី​ជី​ថ​ល​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​តាម​សាលា​បឋម​សិក្សា​ដែល​អនុវត្ត​កម្មវិធី​អប់រំ​ពហុ​ភាសា​។​ សាលា​គោលដៅ​ចំនួន​២​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ចុះ​ទៅ​ផ្សព្វផ្សាយ​ផ្ទាល់​នេះ​ រួម​មាន​ សាលា​បឋម​សិក្សា​អន្លង់​កេះ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្រែ​ន​ន​ ឃុំ​កន្ទួត​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ នៅ​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០២៣​ និង​សាលា​បឋម​សិក្សា​ក្បាល​រមាស​ ដែល​មាន​ទី​តាង​ស្ថិត​នៅ​ភូមិ​ក្បាល​រមាស​ ឃុំ​ក្បាល​រមាស​ ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​ នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៣​ ហើយ​សាលា​ទាំង​២​នេះ​អនុវត្ត​កម្មវិធី​អប់រំ​ពហុ​ភាសា​សម្រាប់​សិស្ស​ជនជាតិ​ដើម​ភាគតិច​ព្នង​។​

សកម្មភាពសិស្សទស្សនាវីដេអូអប់រំនៅសាលាបឋមសិក្សាអន្លង់កេះ

​មុន​នឹង​ចាប់ផ្ដើម​ការ​ចាក់​ផ្សាយ​វី​ដេ​អូ​ដល់​សិស្ស​ពហុ​ភាសា​ ក្រុមការងារ​បាន​សាកសួរ​គណៈ​គ្រប់គ្រង​សាលា​ ពី​ស្ថានភាព​នៃ​ការ​សិក្សា​របស់​សិស្ស​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​ឌី​ជី​ថ​ល​សម្រាប់​បង្រៀន​និង​រៀន​ សេវា​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់​នេះ​ ព្រមទាំង​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​សិស្ស​និង​គ្រូ​ជួប​ប្រទះ​។​ ចំពោះ​ការ​ចាក់​ផ្សាយ​វី​ដេ​អូ​អប់រំ​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ជ្រើសរើស​វី​ដេ​អូ​អប់រំ​ទៅ​តាម​ភាសា​កំណើត​ដែល​អនុវត្ត​ដោយ​សាលា​បឋម​សិក្សា​នោះ​ ទៅ​ដល់​សិស្ស​ លោកគ្រូ​-​អ្នកគ្រូ​ និង​គណៈ​គ្រប់គ្រង​សាលា​ទស្សនា​ ដូច​ជា​រៀន​ព្យញ្ជនៈ​ខ្មែរ​ គណិត​វិទ្យា​ និង​រឿងនិទាន​។​ ពួក​គាត់​មាន​អារម្មណ៍​រីករាយ​និង​យកចិត្តទុកដាក់​ទស្សនា​ទៅ​តាម​ការ​រៀបរាប់​ ពន្យល់​ និង​និទាន​នៅ​ក្នុង​វី​ដេ​អូ​អប់រំ​តាម​ប្រធានបទ​នីមួយៗ​។​ មុន​នឹង​បញ្ចប់​វី​ដេ​អូ​នីមួយៗ​ សិស្ស​ពហុ​ភាសា​ចូលរួម​លេងល្បែង​ឆ្លើយ​សំណួរ​ដើម្បី​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ ដែល​ជា​ការ​សាទរ​ចំពោះ​ភាព​ក្លាហាន​ និង​ការ​ទស្សនា​ដោយ​ការ​យកចិត្តទុកដាក់​។​ រីឯ​លោកគ្រូ​-​អ្នកគ្រូ​ និង​គណៈ​គ្រប់គ្រង​សាលា​ក៏​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ផលិត​ធនធាន​អប់រំ​ទាំងនេះ​ ដើម្បី​ប្រើ​ជា​មធ្យោបាយ​សិក្សា​បន្ថែម​សម្រាប់​សិស្ស​ ដែល​ពួក​គេ​អាច​ទស្សនា​និង​រៀន​បាន​ដោយ​ខ្លួនឯង​តាម​បែប​កម្សាន្ត​ផង​ដែរ​។​ ធនធាន​ទាំងនេះ​ជួយ​ឱ្យ​សិស្ស​ងាយ​យល់​ និង​រៀន​ឆាប់​ចេះ​ ដោយសារ​មាន​ចលនា​ កាយវិការ​ អម​ដោយ​សំឡេង​និង​រូបភាព​។​ ជា​ពិសេស​ ធនធាន​ទាំងនេះ​ក៏​ជួយ​មួយ​ផ្នែក​ដល់​ការ​បង្រៀន​របស់​គ្រូ​ផង​ដែរ​ តាម​រយៈ​ការ​បង្កើត​បរិយាកាស​បង្រៀន​និង​រៀន​ឱ្យ​សកម្ម​រវាង​គ្រូ​និង​សិស្ស​ និង​រស់​រវើក​ជាង​មុន​។​ បន្ទាប់​មក​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​បង្ហាញ​ពី​ទីតាំង​ដែល​ស្វែងរក​ធនធាន​អប់រំ​ទាំងនេះ​ទៅ​ដល់​ពួក​គេ​ ដូច​ជា​នៅ​លើ​យូ​ធូប​របស់​អូ​ឌី​ស៊ី​ជាដើម​ ព្រោះ​វា​ជា​កម្មវិធី​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​សម្រាប់​សិស្ស​និង​គ្រូ​។​

សកម្មភាពសិស្សទស្សនាវីដេអូអប់រំនៅសាលាបឋមសិក្សាក្បាលរមាស

​គួរ​បញ្ជាក់​ថា​ សកម្មភាព​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​គម្រោង​ “​ធនធាន​អប់រំ​ឌី​ជី​ថ​ល​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​បឋម​សិក្សា​”​ ដែល​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​កម្មវិធី​របស់​ប្រទេស​ស៊ុ​យ​អែ​ត​សម្រាប់​វិស័យ​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍ​ (SPIDER)​ និង​អនុវត្ត​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​នាយកដ្ឋាន​អប់រំ​ពិសេស​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដើម្បី​ផ្ដល់​នូវ​ដំណោះស្រាយ​ឧបសគ្គ​ខាង​ភាសា​នៃ​ការ​អប់រំ​ថ្នាក់ដំបូង​ ដែល​កើត​មាន​ចំពោះ​សិស្ស​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​កម្ពុជា​។​ គម្រោង​នេះ​ផលិត​វី​ដេ​អូ​អប់រំ​ចំនួន​៥​ភាសា​កំណើត​ដូច​ជា​ ភាសា​ព្នង​ កា​វ៉ែត​ គ្រឹ​ង​ ទំពួន​ និង​កួយ​ និង​ផ្តោត​លើ​៣​ប្រធានបទ​ ដូច​ជា​រៀន​អាន​និង​សរសេរ​ព្យញ្ជនៈ​ខ្មែរ​ រៀន​គណិត​វិទ្យា​ និង​រឿងនិទាន​កុមារ​ ដើម្បី​ប្រើប្រាស់​ជា​សាធារណៈ​នៅ​ក្នុង​តំបន់​ជនបទ​គោលដៅ​នៅ​ខេត្តកំពង់ធំ​ ក្រចេះ​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ មណ្ឌលគិរី​ និង​រតនគិរី​។​

ដើម្បី​ទស្សនា​វី​ដេ​អូ​ សូម​ចុច​លើ​ភាសា​ដែល​បែងចែក​ទៅ​តាម​ប្រធានបទ​នីមួយៗ​នៅ​ខាងក្រោម​នេះ​៖​

រៀនអាននិងសរសេរព្យញ្ជនៈខ្មែរ

រៀនគណិតវិទ្យា

រឿងនិទានកុមារ