អូឌីស៊ីបានចូលរួមចំណែកធ្វើបរិវត្ដកម្មឌីជីថលនៅក្នុងការអប់រំពហុភាសា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានសហការជាមួយនាយកដ្ឋានអប់រំពិសេសនៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ស្ដីពី «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា» សម្រាប់គម្រោង «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា» នៅវេលាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នាមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម។ សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ធី ទ្រី នាយកប្រតិបត្តិអូឌីស៊ី និងលោកស្រីបណ្ឌិត Katja Sarajeva ប្រធានគ្រប់គ្រងកម្មវិធីនៃកម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅក្នុងតំបន់កំពុងអភិវឌ្ឍ (SPIDER) ដែលជាតំណាងម្ចាស់ជំនួយនៃគម្រោងនេះផងដែរ។ សិក្ខាសាលាមួយព្រឹកនេះ មានវត្តមានអ្នកចូលរួមសរុប៣៤នាក់ ក្នុងនោះស្ត្រី១៤នាក់ ដែលជាមន្ត្រីថ្នាក់ជាតិនៃនាយកដ្ឋានអប់រំពិសេស មន្ដ្រីថ្នាក់ក្រោមជាតិនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ដរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ នាយកសាលា លោកគ្រូ-អ្នកគ្រូអប់រំពហុភាសាដែលបានចូលរួមថតសំឡេងផលិតវីដេអូ និងលោកគ្រូ-អ្នកគ្រូអប់រំពហុភាសាផ្សេងទៀត តំណាងគម្រោង Let’s Read នៃអង្គការមូលនិធិអាស៊ី តំណាងគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា តំណាងអង្គការលើកស្ទួយវប្បធម៌កួយ និងតំណាងភាពជាដៃគូអប់រំរបស់អង្គការក្រៅរដ្ឋាភិបាល។
សិក្ខាសាលានេះធ្វើឡើងបន្ទាប់ពីទទួលបានធាតុចូលសម្រាប់ផលិតវីដេអូអប់រំជាភាសាជនជាតិដើមភាគតិចពីសិក្ខាសាលាពិគ្រោះយោបល់ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅទីតាំងដដែលនេះ។ ឯកឧត្តម ជា ជាតិ មានប្រសាសន៍នាពេលថ្លែងសុន្ទរកថាបើកថា បច្ចុប្បន្ន សាលាចំណេះទូទៅ និងសាលាអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានព្យាយាមវិវត្តខ្លួនមួយកម្រិតទៀតឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល។ ជាពិសេស ឯកឧត្តមបានសាទរនិងកោតសរសើរចំពោះសមិទ្ធផលដែលអូឌីស៊ីបានផលិតឡើង បន្ទាប់ពីទទួលបានធាតុចូលកាលពីសិក្ខាសាលាពិគ្រោះយោបល់ និងការសហការជាមួយនាយកដ្ឋានអប់រំពិសេស ព្រោះអ្វីដែលអូឌីស៊ីបាននិងកំពុងធ្វើគឺជាការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងបរិវត្តកម្មឌីជីថលសម្រាប់ការអប់រំពិសេស និងការអប់រំបរិយាបន្ន ដោយផ្ដោតលើការអប់រំពហុភាសាសម្រាប់សិស្សជនជាតិដើមភាគតិច។ ទោះបីសមិទ្ធផលលេចឡើងជារូបរាងក៏ដោយ ការតភ្ជាប់អ៊ីនធឺណិតគឺជាបញ្ហាមួយដ៏សំខាន់សម្រាប់ជនជាតិដើមភាគតិចដែលរស់នៅតំបន់ដាច់ស្រយាល ទាញយកធនធានទាំងនោះដើម្បីប្រើប្រាស់។ ឯកឧត្តមសង្ឃឹមថា នៅឆ្នាំ២០២៤ សេវាអ៊ីនធឺណិតនឹងគ្របដណ្ដប់ទូទាំងប្រទេសកម្ពុជា ដែលជួយសម្រួលដល់ការតភ្ជាប់និងទំនាក់ទំនងពីមជ្ឈដ្ឋានមួយទៅមជ្ឈដ្ឋានមួយទៀត។
គួរបញ្ជាក់ដែរថា ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា មានចំនួន៩០ និង៥ភាសាកំណើត (ភាសាព្នង គ្រឹង ទំពួន កាវ៉ែត និងកួយ) ហើយផលិតឡើងក្រោមប្រធានបទចំនួន៣ ដូចជា ១) រៀនអាននិងសរសេរព្យញ្ជនៈខ្មែរ ចំនួន៦វីដេអូក្នុង១ភាសាកំណើត និងសម្រាប់៤ភាសាកំណើត, ២) រឿងនិទានកុមារ ចំនួន១២វីដេអូសម្រាប់ភាសាកំណើតចំនួន៤ និង២វីដេអូសម្រាប់ភាសាកួយ ៣) រៀនគណិតវិទ្យា ចំនួន៤វីដេអូក្នុង១ភាសាកំណើត និងសម្រាប់៤ភាសាកំណើត។ ប្រសាសន៍របស់លោក ធី ទ្រី នៅក្នុងឱកាសនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពគម្រោងដែលគិតត្រឹមថ្ងៃសិក្ខាសាលា គឺអូឌីស៊ីសម្រេចបាន៨២%នៃចំនួនវីដេអូសរុប ព្រមទាំងឆ្លុះបញ្ចាំងសកម្មភាពអូឌីស៊ីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ចំពោះបញ្ចកោណទី៥៖ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ លោកក៏បានលើកឡើងថា ធនធានអប់រំទាំងនេះនឹងផ្សព្វផ្សាយនៅលើគេហទំព័រសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ បន្ថែមពីនេះ លោកស្រីបណ្ឌិត Katja Sarajeva បានបង្ហាញក្ដីរីករាយចំពោះវឌ្ឍនភាពគម្រោង ដែលបានជាស្ពានចម្លងសិស្សជនជាតិដើមភាគតិចក្នុងការសិក្សាភាសាជាតិ។ លោកស្រីក៏បានលើកឡើងថា ការរួមបញ្ចូលរវាងការសិក្សាភាសាជាតិនិងភាសាកំណើតនៅក្នុងវីដេអូជាផ្នែកមួយនៃការបំផុសគំនិតច្នៃប្រឌិតដល់សិស្សផងដែរ។
សិក្ខាសាលានេះក៏ជាវេទិកាសម្រាប់មន្ត្រីអប់រំ និងអង្គការដៃគូ ចែករំលែកមតិយោបល់អំពីធនធានវីដេអូ បន្ទាប់ពីបទបង្ហាញអំពីគម្រោង និងការចាក់បញ្ចាំងវីដេអូជ្រើសរើសទៅតាមប្រធានបទនីមួយៗ។ មន្ត្រីអប់រំ បានបង្ហាញក្ដីរីករាយចំពោះការបង្កើតធនធាននេះឡើង ព្រោះវាអាចធ្វើឱ្យការសិក្សារបស់សិស្សកាន់តែមានភាពរស់រវើក ដោយសារវីដេអូបានបញ្ចូលនូវគំនូរជីវចល ចលនារូបភាពទៅតាមសំឡេង ទេសភាពពណ៌ចម្រុះដែលឆ្លុះបញ្ចាំងពីតថភាពរស់នៅរបស់ពួកគេ និងលើកកម្ពស់ភាសាជាតិនិងភាសាកំណើត។ មន្ត្រីអប់រំ ក៏សំណូមពរឱ្យអូឌីស៊ីពិចារណាផលិតធនធានអប់រំបែបនេះបន្ថែមទៀតដែរ។ ដោយឡែក អង្គការដៃគូ បានបង្ហាញពីផលវិជ្ជមាននៃការបំប្លែងសៀវភៅរឿងនិទានកុមារដែលបានផ្ដល់សិទ្ធិឱ្យអូឌីស៊ី ផលិតទៅជាទម្រង់ឌីជីថលនិងវីដេអូ ដែលបានពង្រីកវិសាលភាពនៃការយល់ដឹងពីតម្លៃអប់រំពីរឿងនិទាន។
មុននឹងប្រកាសបិទបញ្ចប់សិក្ខាសាលា អ្នកសម្របសម្រួលកម្មវិធីបានរៀបចំកិច្ចពិភាក្សារវាងអ្នកចូលរួមដោយផ្តោតលើវិធីសាស្ដ្រផ្សព្វផ្សាយបន្ត ការជ្រើសរើសបឋមសិក្សាអប់រំពហុភាសាដើម្បីផ្សព្វផ្សាយដោយផ្ទាល់ និងអនុសាសន៍ដល់អូឌីស៊ីដើម្បីជួយគាំទ្រដល់ការអប់រំពហុភាសា ព្រមទាំងការបង្ហាញផលវិបាកមួយចំនួនដែលសាលានៅមូលដ្ឋានជួបប្រទះ។ ក្នុងនោះ យើងសង្កេតឃើញថា មធ្យោបាយផ្សព្វផ្សាយដោយផ្ទាល់និងជាក្រុមនៅតែដើរតួនាទីយ៉ាងសំខាន់ ទោះបីការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលជាអាទិភាពក៏ដោយ ព្រោះតំបន់ខ្លះមិនមានសេវាអ៊ីនធឺណិតគ្រប់គ្រាន់។ ដើម្បីជួយសម្រួលដល់ការចាក់ផ្សាយវីដេអូឡើងវិញដោយប្រើប្រាស់អ៊ីនធឺណិតនៅកម្រិតមូលដ្ឋាន អូឌីស៊ីបានបង្កើតក្រុមតេលេក្រាមនិងបែងចែកតាមភាសាកំណើត សម្រាប់មន្ត្រីអប់រំថ្នាក់ក្រោមជាតិ នាយកសាលា ព្រមទាំងលោកគ្រូ-អ្នកគ្រូអប់រំពហុភាសា ទាញយកទុកប្រើប្រាស់និងផ្សព្វផ្សាយបន្ត និងអាចទទួលបានបច្ចុប្បន្នភាពព័ត៌មានពីអូឌីស៊ីផងដែរ។ បន្ថែមពីការផ្សព្វផ្សាយតាមរយៈក្រុមតេលេក្រាម អូឌីស៊ីក៏បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក Open Development Cambodia Organization យូធូប Open Development Cambodia Organization និង គេហទំព័រធនធានសិក្សា Learning Platform របស់អូឌីស៊ីផងដែរ។ បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះ អូឌីស៊ីនឹងបន្តផ្សព្វផ្សាយធនធានអប់រំដែលមានជាបន្តបន្ទាប់ទៀត ព្រមទាំងត្រៀមខ្លួនសម្រាប់រៀបចំរបាយការណ៍វាយតម្លៃគម្រោង៕