សន្និសីទជាតិទិន្នន័យបើកទូលាយបានបញ្ចប់៖ ការត្រួសត្រាយផ្លូវសម្រាប់អនាគតដែលមានបរិយាបន្ន
សន្និសីទជាតិទិន្នន័យបើកទូលាយនៅកម្ពុជាបានបញ្ចប់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើការពង្រីកបណ្តាញទិន្នន័យបើកទូលាយ ជំរុញកិច្ចសហការ និងការជំរុញលទ្ធភាពប្រើប្រាស់ទិន្នន័យរបស់រដ្ឋាភិបាលសម្រាប់សេវាសាធារណៈ ការអប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត។ ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកចូលរួមចម្រុះដែលក្នុងនោះមានអ្នកចូលរួមចំនួន ៩៤នាក់ ដែលមានស្ត្រី ៤៤នាក់ (ក្នុងនោះមានស្ត្រីជនជាតិដើមភាគតិច ៣នាក់) និងជនមានពិការភាពចំនួន ៦នាក់។
ថ្ងៃទីពីរបានចាប់ផ្តើមជាមួយនឹងបទបង្ហាញជាវីដេអូដោយអ្នកជំនាញច្បាប់ស្តីពីទិន្នន័យបើកទូលាយដ៏ល្បីឈ្មោះ William Gilles។ សាស្ត្រាចារ្យ Gilles មកពីសាកលវិទ្យាល័យ Paris 1 Panteon-Sorbonne បានចែករំលែកការយល់ដឹងអំពីគំរូទិន្នន័យបើកទូលាយរបស់អឺរ៉ុប និងសក្តានុពលរបស់វាក្នុងការជំរុញសេដ្ឋកិច្ចដែលពឹងផ្អែកលើទិន្នន័យនៅកម្ពុជា។
ការធ្វើបទបង្ហាញបែងចែកតាមមូលបទបានផ្តល់នូវឱកាសឱ្យអ្នកចូលរួមដើម្បីស្វែងរកឧទាហរណ៍ជាក់ស្តែងនៃរឿងរ៉ាវជោគជ័យនៃទិន្នន័យបើកទូលាយ ទាំងនៅក្នុងប្រទេសកម្ពុជា និងលើសពីនេះ។ អ្នកចូលរួមបានស្វែងយល់ពីសមិទ្ធិផលរបស់តៃវ៉ាន់ក្នុងការប្រើប្រាស់ទិន្នន័យបើកទូលាយសម្រាប់បរិយាបន្នក្នុងសង្គម ជាពិសេសសម្រាប់ជនមានពិការភាព។ ទន្ទឹមនឹងនេះ បទបង្ហាញពី Learning Platform របស់ ODC ថ្នាលទិន្នន័យរាយការណ៍សូចនាករស្តិតិជាតិ (CAMStat) និង Microdata Catalog (NADA) របស់វិទ្យាស្ថានជាតិស្ថិតិ (NIS) បានផ្តល់ការយល់ដឹងអំពីមុខងារ បញ្ហាប្រឈម និងសក្តានុពលនាពេលអនាគតនៃធនធានដ៏មានតម្លៃដែលមាននៅលើវេបផតថលទាំងនេះ។
តំណាងក្រសួងអប់រំបង្ហាញពីគំនិតផ្តួចផ្តើម “សាលាឌីជីថល (Sala Digital)” ក្នុងគោលបំណងបញ្ចូលបច្ចេកវិទ្យាទៅក្នុងប្រព័ន្ធអប់រំរបស់កម្ពុជា ខណៈ ODC ផ្តល់ការចែករំលែកស្តីពី “អាជីវកម្មដែលមានទំនួលខុសត្រូវនៅកម្ពុជា” ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើមជ្ឈការព័ត៌មានស្តីពីការអនុវត្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)។ លើសពីនេះទៀត តំណាងមកពីក្រសួងផ្សេងៗ រួមទាំងសេវាសាធារណៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព បានបង្ហាញនូវវេទិកាទិន្នន័យរបស់ខ្លួន ដូចជា៖ ច្រកទ្វាអេឡិចត្រូនិចផ្តល់ព័ត៌មានសេវាសាធារណៈ (seva.gov.kh) វេទិកាសម្រាប់ការតាមដានផលប៉ះពាល់ និងស្ថានភាពជាក់ស្តែង (PRISM) និងប្រព័ន្ធព័ត៌មានការខូចខាត និងការបាត់បង់គ្រោះមហន្តរាយនៅកម្ពុជា (CamDI) និងទិន្នន័យការប្រែប្រួលអាកាសធាតុ។ ទីភ្នាក់ងារសង្គមព័ត៌មានជាតិ (NIA) នៅប្រទេសកូរ៉េក៏បានបង្ហាញពីលក្ខណៈពិសេសរបស់ OPEN DATA PORTAL (data.go.kr) ដោយសង្កត់ធ្ងន់លើមុខងារដែលធ្វើឱ្យទិន្នន័យអាចចូលប្រើបានកាន់តែទូលំទូលាយដល់អ្នកចូលរួមនៅកម្ពុជា។
កម្មវិធីពេលរសៀលបានចាប់ផ្តើមជាមួយនឹងសិក្ខាសាលាដែលដឹកនាំដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា ដែលផ្តោតលើឥទ្ធិពលនៃទិន្នន័យបើកទូលាយទៅលើពីវឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងកិច្ចផ្តួចផ្តើមគំនិតជាសកល (Data Future Exchange)។
វគ្គដ៏លេចធ្លោរនៃសន្និសីទជាតិ គឺការធ្វើបទបង្ហាញប្រកួត Hackathon របស់ក្រុមយុវជន។ ក្រុមចំនួនដប់បានបង្ហាញដំណោះស្រាយដែលជំរុញដោយទិន្នន័យប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេទៅកាន់ក្រុមចៅក្រម ដោយផ្តោតទៅលើការដោះស្រាយបញ្ហានានាក្នុងសង្គម ជាពិសេសបញ្ហាដែលប៉ះពាល់ដល់ជនមានពិការភាព។
សន្និសីទបានបញ្ចប់ជាមួយនឹងការប្រកាសអ្នកឈ្នះការប្រកួត hackathon ដោយក្រុមដែលមានដំណោះស្រាយល្អបំផុតចំនួនបីទទួលបានការទទួលស្គាល់សម្រាប់គម្រោងគំនិតដ៏អស្ចារ្យរបស់ពួកគេ។ លោក ធី ទ្រី នាយកប្រតិបត្តិនៃ ODC បានថ្លែងសុន្ទរកថាបិទបញ្ចប់ដែលបំផុសគំនិត ដោយឆ្លុះបញ្ចាំងពីដំណើរការសន្និសីទរយៈពេលពីរថ្ងៃដែលពោរពេញទៅដោយភាពជោគជ័យ និងបង្ហាញពីក្តីរំភើបសម្រាប់អនាគតដែលដំណើរការដោយទិន្នន័យបើកទូលាយ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការរួមបញ្ចូល។
សរុបមក សន្និសីទជាតិទិន្នន័យបើកទូលាយលើកទីមួយ ប្រៀបបានជាកាតាលីករដែលជំរុញកិច្ចសហប្រតិបត្តិការដែលជំរុញដោយទិន្នន័យនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការសម្របសម្រួល ការផ្លាស់ប្តូរចំណេះដឹង ការបង្ហាញការអនុវត្តល្អបំផុត និងការបណ្តុះដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សន្និសីទបានដាក់មូលដ្ឋានគ្រឹះសម្រាប់អនាគតដែលជំរុញដោយទិន្នន័យបើកទូលាយ និងរួមបញ្ចូល។
ព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបានដោយការឧបត្ថម្ភថវិកាដ៏សប្បុរសរបស់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ីជាមួយនឹងការរួមចំណែកពីម្ចាស់ជំនួយផ្សេងទៀត។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន អ្នកចូលរួមទាំងអស់ និងក្រុមការងារ ODC ដែលខិតខំប្រឹងប្រែងសម្រាប់ការរួមចំណែក និងការគាំទ្រដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នា។ ព្រឹត្តិការណ៍នេះនឹងមិនមានជោគជ័យ និងបានក្លាយជាការពិតនោះទេ បើគ្មានអ្នករាល់គ្នាទេ។
ថ្ងៃទី១៖ សន្និសីទជាតិទិន្នន័យទូលាយថ្នាក់ជាតិលើកដំបូងរបស់កម្ពុជាបានចាប់ផ្តើមហើយ!