សន្និសីទ​ជាតិ​ទិន្នន័យ​បើក​ទូលាយ​​បាន​បញ្ចប់​៖​ ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អនាគត​​ដែល​​មាន​​បរិ​យា​បន្ន​​

សន្និសីទ​ជាតិ​ទិន្នន័យ​បើក​ទូលាយ​នៅ​កម្ពុជា​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២៤​ ដោយ​ផ្តោត​លើ​ការ​ពង្រីក​បណ្តាញ​ទិន្នន័យ​បើក​ទូលាយ​ ជំរុញ​កិច្ចសហការ​ និង​ការ​ជំរុញ​លទ្ធភាព​ប្រើប្រាស់​ទិន្នន័យ​របស់​រដ្ឋាភិបាល​សម្រាប់​សេវា​សាធារណៈ​ ការ​អប់រំ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នា​ពេល​អនាគត​។​ ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​នេះ​បាន​ប្រមូលផ្តុំ​អ្នកចូលរួម​ចម្រុះ​ដែល​ក្នុង​នោះ​មាន​អ្នកចូលរួម​ចំនួន​ ៩៤​នាក់​ ដែល​មាន​ស្ត្រី​ ៤៤​នាក់​ (​ក្នុង​នោះ​មាន​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ ៣​នាក់​)​ និង​ជន​មាន​ពិការ​ភាព​ចំនួន​ ៦​នាក់​។

​ថ្ងៃ​ទី​ពីរ​បាន​ចាប់ផ្តើម​ជាមួយនឹង​បទ​បង្ហាញ​ជា​វី​ដេ​អូ​ដោយ​អ្នកជំនាញ​ច្បាប់​ស្តី​ពី​ទិន្នន័យ​បើក​ទូលាយ​ដ៏​ល្បីឈ្មោះ​ William​ Gilles​។​ សាស្ត្រាចារ្យ​ Gilles​ មក​ពី​សាកលវិទ្យាល័យ​ Paris​ 1​ Panteon-Sorbonne​ បាន​ចែករំលែក​ការ​យល់​ដឹង​អំពី​គំរូ​ទិន្នន័យ​បើក​ទូលាយ​របស់​អឺរ៉ុប​ និង​សក្តានុពល​របស់​វា​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ទិន្នន័យ​នៅ​កម្ពុជា​។​

​ការ​ធ្វើ​បទ​បង្ហាញ​បែងចែក​តាម​មូលបទ​បាន​ផ្តល់​នូវ​ឱកាស​ឱ្យ​អ្នកចូលរួម​ដើម្បី​ស្វែងរក​ឧទាហរណ៍​ជាក់ស្តែង​នៃ​រឿងរ៉ាវ​ជោគជ័យ​នៃ​ទិន្នន័យ​បើក​ទូលាយ​ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​លើស​ពី​នេះ​។​ អ្នកចូលរួម​បាន​ស្វែង​យល់​ពី​សមិទ្ធិ​ផល​របស់​តៃវ៉ាន់​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​សម្រាប់​បរិ​យា​បន្ន​ក្នុង​សង្គម​ ជា​ពិសេស​សម្រាប់​ជន​មាន​ពិការ​ភាព​។​ ទន្ទឹម​នឹង​នេះ​ បទ​បង្ហាញ​ពី​ Learning​ Platform​ របស់​ ODC​ ថ្នាល​ទិន្នន័យ​រាយការណ៍​សូចនាករ​ស្តិ​តិ​ជាតិ​ (CAMStat)​ និង​ Microdata​ Catalog​ (NADA)​ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ (NIS)​ បាន​ផ្តល់​ការ​យល់​ដឹង​អំពី​មុខងារ​ បញ្ហា​ប្រឈម​ និង​សក្តានុពល​នា​ពេល​អនាគត​នៃ​ធនធាន​ដ៏​មាន​តម្លៃ​ដែល​មាននៅ​លើ​វេ​ប​ផត​ថ​ល​ទាំងនេះ​។​

​តំណាង​ក្រសួង​អប់រំ​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​ “​សាលា​ឌី​ជី​ថ​ល​ (Sala​ Digital)”​ ក្នុង​គោលបំណង​បញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​ ខណៈ​ ODC​ ផ្តល់​ការ​ចែករំលែក​ស្តី​ពី​ “​អាជីវកម្ម​ដែល​មាន​ទំនួល​ខុស​ត្រូវ​នៅ​កម្ពុជា​”​ ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ធ្វើ​មជ្ឈការ​ព័ត៌មាន​ស្តី​ពី​ការ​អនុវត្ត​ទំនួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម​ (CSR)​។​ លើស​ពី​នេះ​ទៀត​ តំណាង​មក​ពី​ក្រសួង​ផ្សេងៗ​ រួម​ទាំង​សេវា​សាធារណៈ​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ បាន​បង្ហាញ​នូវ​វេទិកា​ទិន្នន័យ​របស់​ខ្លួន​ ដូច​ជា​៖​ ច្រក​ទ្វា​អេ​ឡិច​ត្រូ​និ​ច​ផ្តល់​ព័ត៌មាន​សេវា​សាធារណៈ​ (seva.gov.kh)​ វេទិកា​សម្រាប់​ការ​តាមដាន​ផល​ប៉ះពាល់​ និង​ស្ថានភាព​ជាក់ស្តែង​ (PRISM)​ និង​ប្រព័ន្ធ​ព័ត៌មាន​ការ​ខូចខាត​ និង​ការ​បាត់បង់​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​ (CamDI)​ និង​ទិន្នន័យ​ការ​ប្រែប្រួល​អាកាសធាតុ​។​ ទីភ្នាក់ងារ​សង្គម​ព័ត៌មាន​ជាតិ​ (NIA)​ នៅ​ប្រទេស​កូរ៉េ​ក៏​បាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​​របស់​ OPEN​ DATA​ PORTAL​ (data.go.kr)​ ដោយ​សង្កត់ធ្ងន់​លើ​មុខងារ​ដែល​ធ្វើ​ឱ្យ​ទិន្នន័យ​អាច​ចូល​ប្រើ​បាន​កាន់តែ​ទូលំទូលាយ​ដល់​អ្នកចូលរួម​នៅ​កម្ពុជា​។​

​កម្មវិធី​ពេល​រសៀល​បាន​ចាប់ផ្តើម​ជាមួយនឹង​សិក្ខាសាលា​ដែល​ដឹកនាំ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ (UNDP)​ នៅ​កម្ពុជា​ ដែល​ផ្តោត​លើ​ឥទ្ធិពល​នៃ​ទិន្នន័យ​បើក​ទូលាយ​ទៅ​លើ​ពី​វឌ្ឍនភាព​របស់​កម្ពុជា​ឆ្ពោះទៅ​រក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​ និង​កិច្ច​ផ្តួចផ្តើម​គំនិត​ជាស​កល (Data Future Exchange)​។​

​វគ្គ​ដ៏​លេចធ្លោរ​នៃ​សន្និសីទ​ជាតិ​ គឺ​ការ​ធ្វើ​បទ​បង្ហាញ​ប្រកួត​ Hackathon​ របស់​ក្រុម​យុវជន​។​ ក្រុម​ចំនួន​ដប់​បាន​បង្ហាញ​ដំណោះស្រាយ​ដែល​ជំរុញ​ដោយ​ទិន្នន័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ពួក​គេ​ទៅ​កាន់​ក្រុម​ចៅក្រម​ ដោយ​ផ្តោត​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​សង្គម​ ជា​ពិសេស​បញ្ហា​ដែល​ប៉ះពាល់​ដល់​ជន​មាន​ពិការ​ភាព​។​

​សន្និសីទ​បាន​បញ្ចប់​ជាមួយនឹង​ការ​ប្រកាស​អ្នក​ឈ្នះ​ការ​ប្រកួត​ hackathon​ ដោយ​ក្រុម​ដែល​មាន​ដំណោះស្រាយ​ល្អ​បំផុត​ចំនួន​បី​ទទួល​បានការ​ទទួលស្គាល់​សម្រាប់​គម្រោង​គំនិត​ដ៏​អស្ចារ្យ​របស់​ពួក​គេ​។​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​ ODC​ បាន​ថ្លែង​សុន្ទរកថា​បិទ​បញ្ចប់​ដែល​បំផុសគំនិត​ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ដំណើរការ​សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ជោគជ័យ​ និង​បង្ហាញ​ពី​ក្តី​រំភើប​សម្រាប់​អនាគត​ដែល​ដំណើរការ​ដោយ​ទិន្នន័យ​បើក​ទូលាយ​ កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ និង​ការ​រួម​បញ្ចូល​។​

​សរុប​មក​ សន្និសីទ​ជាតិ​ទិន្នន័យ​បើក​ទូលាយ​លើក​ទី​មួយ​ ប្រៀប​បានជា​កាតាលីករ​ដែល​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ដែល​ជំរុញ​ដោយ​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ តាម​រយៈ​ការ​សម្របសម្រួល​ ការ​ផ្លាស់​ប្តូរ​ចំណេះដឹង​ ការ​បង្ហាញ​ការ​អនុវត្ត​ល្អ​បំផុត​ និង​ការ​បណ្តុះ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ សន្និសីទ​បាន​ដាក់​មូលដ្ឋាន​គ្រឹះ​សម្រាប់​អនាគត​ដែល​ជំរុញ​ដោយ​ទិន្នន័យ​បើក​ទូលាយ​ និង​រួម​បញ្ចូល​។​

​ព្រឹត្តិការណ៍​នេះ​អាច​​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ការ​ឧបត្ថម្ភ​ថវិកា​ដ៏​សប្បុរស​របស់​ក្រសួងការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​ តាម​រយៈ​កម្មវិធី​ពន្លក​ចំណេះ​៖​ ទិន្នន័យ​ និង​ការ​ពិភាក្សា​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ របស់​អង្គការ​មូលនិធិ​អាស៊ី​ជាមួយនឹង​ការ​រួមចំណែក​ពី​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​។​ យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​វាគ្មិន​ អ្នកចូលរួម​ទាំងអស់​ និង​ក្រុមការងារ​ ODC​ ដែល​ខិតខំ​ប្រឹងប្រែង​សម្រាប់​ការ​រួមចំណែក​ និង​ការ​គាំទ្រ​ដ៏​មាន​តម្លៃ​របស់​អ្នក​ទាំងអស់​គ្នា​។​ ព្រឹត្តិការណ៍​នេះ​នឹង​មិន​មានជោគ​ជ័យ​ និង​បាន​ក្លាយជា​ការ​ពិត​នោះ​ទេ​ បើ​គ្មាន​អ្នក​រាល់គ្នា​ទេ​។​

ថ្ងៃទី១៖ សន្និសីទ​ជាតិ​ទិន្នន័យ​ទូលាយ​​ថ្នាក់​ជាតិ​លើក​ដំបូង​របស់​កម្ពុជា​​បាន​ចាប់​ផ្តើម​​ហើយ​!​