ក្រុមចរចារបស់គណបក្សជាប់ឆ្នោតទាំងពីរនៅកម្ពុជាព្រមព្រៀងគ្នាចំណុចមួយចំនួន
ចាប់តាំងពីគណបក្សគូជម្លោះទាំងពីរបានបើកការចរចាគ្នាដើម្បីស្វែងរកកំណែទម្រង់លើប្រព័ន្ធបោះឆ្នោតមកដល់ថ្ងៃច័ន្ទដើមសប្តាហ៍នេះក្រុមអ្នកចរចាបច្ចេកទេសទាំងសងខាងបានព្រមព្រៀងគ្នា១៤ចំណុចធំៗ ក្នុងនោះមានចំណុចមួយបញ្ជាក់ពីកាលបរិច្ឆេទនៃការបោះឆ្នោត ក៏ប៉ុន្តែមិនបានបញ្ជាក់ឲ្យច្បាស់ថា គណបក្សទាំងពីរនឹងព្រមព្រៀងគ្នាថាបោះឆ្នោតឡើងវិញមុនអាណត្តិ ឬក៏យ៉ាងណាទេ។ សេចក្តីប្រកាសព័ត៌មានរួមគ្នានៃកិច្ចប្រជុំគណៈកម្មការចម្រុះរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ក្នុងក្របខណ្ឌកំណែទម្រង់បោះឆ្នោត គណបក្សទាំងពីរបានព្រមព្រៀងគ្នារៀបចំការចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប។ ការបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ ការកែទម្រង់ស្ថាប័នរៀបចំបោះឆ្នោត អព្យាក្រិត្យភាព និងសុចរិតភាពនៃអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយផ្សព្វផ្សាយរបស់គណបក្សនយោបាយ។ …