ក្រុម​បាតុករ​បក្ស​ប្រឆាំង​បិទ​ផ្លូវ​នៅ​កំពង់ឆ្នាំង​តវ៉ា​ចូល​រួម​បាតុកម្ម​នៅ​ភ្នំពេញ

ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជា ៥០០​នាក់ បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ផ្សារត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ជាង​មួយ​ម៉ោង បណ្ដាល​ឲ្យ​រថយន្ត​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​រាប់​រយ​គ្រឿង​មាន​ការ​ កកស្ទះ។ ការ​សម្រេច​ចិត្ត​បិទ​ផ្លូវ​ជាតិ​របស់​ហ្វូង​បាតុករ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ផ្លូវ​គោក និង​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង បាន​ព្យាយាម​រារាំង​រថយន្ត​ដឹក​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ ក្រោម​ហេតុ​ផល​ផ្សេងៗ។ «សំឡេង​បាតុករ​ស្រែក​ហ៊ោ» ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ជា​ច្រើន​រយ​នាក់ ប្រដាប់​ដោយ​ឧបករណ៍​បំពង​សំឡេង នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា បាន​ស្រែក​ព្រមាន​ទៅ​ក្រុម​សមត្ថកិច្ច ដែល​បាន​ឃាត់​រថយន្ត​ដឹក​ក្រុម​បាតុករ​ទៅ​ធ្វើ​មហា​បាតុកម្ម​នៅ​រាជធានី​ ភ្នំពេញ ថា​ខ្លួន​នឹង​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ រយៈពេល​បី​យប់​បី​ថ្ងៃ ប្រសិន​បើ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ក្បួន​រថយន្ត​របស់​ពួក​គាត់​ចូល​ទៅ​ ធ្វើ​មហា​បាតុកម្ម​នៅ​ក្នុង​ក្រុង​ភ្នំពេញ ទេ​នោះ។ បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង លោក គី វណ្ណដារ៉ា មាន​ប្រសាសន៍​ថា សកម្មភាព​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍​របស់​ក្រុម​សមត្ថកិច្ច​ខេត្ត​ កំពង់ឆ្នាំង នា​ពេល​នេះ គឺ​ជា​ហេតុផល​នយោបាយ និង​ចង់​បន្ទច់បង្អាក់​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​ភ្នំពេញ៖ «គេ​ឃាត់​ឡាន​យើង​គេ​ យក​លេស​ថា អត់​នេះ​អត់​នោះ ប៉ុន្តែ​យើង​បាន​ពន្យល់​ថា បើ​ជា​អត់​នេះ​អត់​នោះ ហេតុ​អី​បាន​អនុញ្ញាត​ឲ្យ​ឡាន​ទំនើបៗ សូម្បី​តែ​អត់​ស្លាក​លេខ​ទៅ​ដែរ អា​នេះ​ជា​បញ្ហា​មាន​ការ​រើសអើង​ក្នុង​ការ​អនុវត្ត​ច្បាប់ គោល​បំណង​សំខាន់​ដែល​ប៉ូលិស​ដែល​ឃាត់​យើង​ហ្នឹង មិន​រឿង​ឃាត់​ឡាន​ទេ គឺ​ឃាត់​បាតុករ​មិន​ឲ្យ​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​ហ្នឹង ហើយ​ដែល​ជា​ហេតុ​ចម្បង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​បាតុកម្ម​នៅ​នឹង​កន្លែង​ដែល​គេ ​ឃាត់​ហ្នឹង»។ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ម្នាក់​ទៀត​មក​ពី​មណ្ឌល​ខេត្ត​បាត់ដំបង លោក ឡុង ប៊ុត្ដា បញ្ជាក់​ថា លោក​ត្រូវ​បាន​ក្រុម​ការងារ​គណបក្ស​ចាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ និង​សម្រួល​ផ្នែក​ចរាចរណ៍​ដល់​ក្រុម​បាតុករ​ធ្វើ​ដំណើរ​នៅ​តាម​បណ្ដោយ​ផ្លូវ ​ជាតិ​លេខ​៥ ចេញ​ពី​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​មហា​បាតុកម្ម ក៏ប៉ុន្តែ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង រារាំង៖ «គឺ​ជា​ល្បិច​គ្រប់​ យ៉ាង រាល់​ដង​មិន​ធ្វើ​អីចឹង​ទេ ប៉ុន្តែ​យ៉ាង​ម៉េច​ក៏ដោយ​ក៏​ទប់​មិន​ជាប់​ដែរ​នូវ​ទំនោរ និង​ចំណូល​ចិត្ត​របស់​ប្រជាពលរដ្ឋ​ណា៎»។ ចំណែក​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក កែវ ថៃ មាន​ប្រសាសន៍​ថា សម្រាប់​ខេត្ត​កំពង់ឆ្នាំង មាន​រថយន្ត​ដឹក​ក្រុម​បាតុករ​ជាង ៥០​គ្រឿង ស្មើ​នឹង​បាតុករ​ជាង ៥០០​នាក់ ក្រៅ​ពី​ចំនួន​នេះ​នៅ​មាន​ក្រុម​បាតុករ​ខ្លះ​ទៀត​បាន​ស្ម័គ្រ​ចិត្ដ​ធ្វើ​ ដំណើរ​ដោយ​ជិះ​ឡាន ឬ​ម៉ូតូ​ផ្ទាល់​ខ្លួន៖ «ជា​រូបភាព​មួយ​ដើម្បី​គំរាម​ កំហែង​តែ​ម្ដង ឬ​ក៏​បង្អាក់​ដំណើរ​បន្ទច់បង្អាក់​ធ្វើ​ឲ្យ​យើង​យឺតយ៉ាវ​ក្នុង​ការ​ទៅ​ចូល​ រួម​តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក៏ដោយ យើង​មាន​រយៈពេល​បី​ថ្ងៃ យើង​មិន​យឺត​យ៉ាវ​ទេ»។…

សូត សុខប្រាថ្នា និង ជិន ជេដ្ឋា
http://www.rfa.org/khmer/news/politics/demonstrator-want-to-join-demonstration-09152013075014.html