ខ្មែរ​ក្រៅ​ប្រទេស​ទាមទារ​ឲ្យ UN មក​ស៊ើប​ការ​លួច​បន្លំ​ឆ្នោត

ភ្នំពេញៈ ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​នៅ​ទូទាំង​ពិភពលោក កាល​ពី​ថ្ងៃ​ចន្ទ​បាន​ចូល​រួម​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ UN ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ស៊ើប​អង្កេត​ចំពោះ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ដែល​បាន​កើត​ឡើង​ជា​ទូទៅ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ២៨ ខែ កក្កដា។ លោក ព្រំ សោណូរ៉ា សមាជិក​ក្រុម​ប្រឹក្សា នៃ​សមាគម​ខ្មែរ​អាមេរិកកាំង ដើម្បី​សិទិ្ធ​មនុស្ស និង​លទិ្ធ​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រហែល ១០០០ នាក់ បាន​ចូល​រួម​ធ្វើ​បាតុកម្ម នៅ​ខាង​ក្រៅ​អគារ​អង្គការ​សហ​ប្រជាជាតិ​នៅ​បុរី ញូវយ៉ក ខណៈ​មនុស្ស​រាប់​រយ​នាក់ ចូល​រួម​ធ្វើការ​តវ៉ា​នៅ​អគារ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង Los Angeloes ទីក្រុង វ៉ាស៊ីនតោន ឌីស៊ី និង​ទីក្រុង​ជាច្រើន​ទៀត។ លោក សោណូរ៉ា ថ្លែង​ថា៖ «យើង​មើល​ឃើញ​តែ​ដំណោះស្រាយ​មួយ​គត់ គឺ​ប្រសិន​បើ​អង្គការ​សហ​ប្រជាជាតិ មិន​ចូល​រួម​ទេ​នោះ វា​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​បោះឆ្នោត​នៅ​កម្ពុជា​ដោយ​យុត្តិធម៌​បាន​ឡើយ។ បើ​ទោះ​បី​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត បាន​ប្រកាស ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ក៏​ដោយ ក៏​ប៉ុន្តែ លោក ហ៊ុន សែន នឹង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​កាន់​អំណាច​ឡើយ»។ ចាប់​តាំង​ពី​យប់​ថ្ងៃ ទី ២៨ ខែ កក្កដា​នៅ​ពេល​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន បាន​ប្រកាស​លទ្ធផល​បឋម​ថា គណបក្ស​ប្រជាជន​ឈ្នះ ៦៨ អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ៥៥ អាសនៈ សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​លទ្ធផល​បឋម​របស់​គណបក្ស​ប្រជាជន​នេះ ដោយ​ចោទ​អំពី​ការ​ក្លែង​បន្លំ និង​បាន​គំរាម​ធ្វើ​មហា​បាតុកម្ម ប្រសិន​បើ​មិន​មាន​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដែល​មាន​ការ​ចូល​រួម​ពី​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី ដែល​បាន​កើត​ឡើង នៅ​ក្នុង​ការ​បោះឆ្នោត​ទេ​នោះ។ នៅ​ពេល​ក្រោយ​មក គណបក្ស​ប្រជាជន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ថ្លែង​ថា ការ​ចូល​រួម​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​គណៈកម្មការ​ស៊ើប​អង្កេត​ ដែល​ស្នើ​ឡើង​ដោយ​គណបក្ស​ប្រឆាំង​នោះ គឺ​ខុស​ច្បាប់។…

http://www.postkhmer.com/index.php/national/1-national-news/102711--un-