ពលរដ្ឋមួយចំនួននៅរតនគិរីបាត់ឈ្មោះពីបញ្ជីបោះឆ្នោត
មន្ត្រីគណៈកម្មការឃុំរៀបចំការបោះឆ្នោតនៅខេត្តរតនគិរី អះអាងថា ប្រជាពលរដ្ឋក្នុងឃុំមានឈ្មោះក្នុងប័ណ្ណព័ត៌មានបោះឆ្នោត ប៉ុន្តែពួកគាត់ខ្លះបាត់ឈ្មោះពីបញ្ជីបោះឆ្នោត។ មន្ត្រីគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋាននោះកត់សម្គាល់ថា ប្រជាពលរដ្ឋដែលបាត់ឈ្មោះពីបញ្ជីបោះឆ្នោតមួយផ្នែកជាសកម្មជន ឬប្រជាពលរដ្ឋមិនគាំទ្រគណបក្សប្រជាជនកម្ពុជា។ មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តរតនគិរី អំពាវនាវសុំឲ្យគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តរតនគិរី (គ.ខ.ប) ស៊ើបអង្កេតករណីបាត់ឈ្មោះប្រជាពលរដ្ឋពីបញ្ជីបោះឆ្នោតសម្រាប់ការ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥នេះ។ សេចក្ដីអំពាវនាវនេះធ្វើឡើងនៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ៥ថ្ងៃមុនពេលការបោះឆ្នោត និងបន្ទាប់ពីមន្ត្រីគណៈកម្មការឃុំរៀបចំការបោះឆ្នោតឃុំញ៉ាង ស្រុកអណ្ដូងមាស អះអាងថា បានរកឃើញប្រជាពលរដ្ឋប្រមាណ ៦% ក្នុងឃុំមានឈ្មោះក្នុងប័ណ្ណព័ត៌មានបោះឆ្នោត ប៉ុន្តែពួកគាត់រកមិនឃើញឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកអណ្ដូងមាស អ្នកស្រី សួន សុខាន់ មានប្រសាសន៍បញ្ជាក់ថា សកម្មជនគណបក្សសង្គ្រោះជាតិ មួយចំនួនខកខានចូលរួមធ្វើជាអ្នកសង្កេតការណ៍តំណាងគណបក្ស និងបាត់បង់សិទ្ធិបោះឆ្នោត ប្រសិនពលរដ្ឋទាំងនោះមិនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។ អ្នកស្រីកត់សម្គាល់ថា ទំនងជាចេតនាបំបាត់សំឡេងឆ្នោតរបស់សកម្មជនគាំទ្រគណបក្សប្រឆាំងនៅ មូលដ្ឋាន ទើបកើតមានបញ្ហាបែបនេះ៖ «យកឈ្មោះហ្នឹងថាដាក់ សង្កេតការណ៍ទៅមើលក្នុងបញ្ជីអត់មាន។ រដ្ឋបាល ស៊ិក ហ្នឹង ក៏ជួយមើលដែរ អត់ឃើញ បានគាត់ប្រាប់ខ្ញុំថា អូមេភូមិមកពិនិត្យសុទ្ធតែបាត់អ៊ីចឹងទាំងអស់»។ មន្ត្រីរដ្ឋបាលនៃគណៈកម្មការឃុំរៀបចំការបោះឆ្នោតឃុំញ៉ាង លោក ប៊ុន ថន កាលពីថ្ងៃច័ន្ទ មានប្រសាសន៍ថា នៅក្នុងឃុំញ៉ាង មានប្រជាពលរដ្ឋប្រមាណ ៧% រកឈ្មោះមិនឃើញក្នុងបញ្ជីបោះឆ្នោត។ លោកកត់សម្គាល់ថា ប្រជាពលរដ្ឋដែលរកមិនឃើញឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត មួយចំនួនធ្លាប់មានឈ្មោះ និងបានបោះឆ្នោតកាលពីអាណត្តិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់កន្លងទៅនេះ៖ «បាត់ឈ្មោះដែលគេរកមិនឃើញហ្នឹង ខ្លះឈ្មោះចាស់ តែគេមករកមិនឃើញនៅបញ្ជីចុងក្រោយនេះខ្លាចគេវាយឈ្មោះផ្សេង ដល់ប័ណ្ណព័ត៌មានឈ្មោះផ្សេង»។…
រដ្ឋា វិសាល
http://www.rfa.org/khmer/news/politics/some-people-in-rattanakiri-lost-name-for-election-07232013073900.html