ព្រះ​មហាក្សត្រ​អញ្ជើញ​មេ​គណបក្ស​ធំ​ពីរ​ឲ្យ​ចូល​ប្រជុំ​ក្នុង​ព្រះ​បរម​រាជវាំង​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ

ភ្នំពេញៈ ព្រះ​មហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បាន​ចេញ​ព្រះ​រាជសារ​អញ្ជើញ​មេ​ដឹក​នាំ​គណបក្ស​ធំៗ​ឈ្នះ​ឆ្នោត ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​ទី១៤ ខែ កញ្ញា នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ក្រោម​ព្រះ​រាជាធិបតី​របស់​ព្រះអង្គ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ នៅ​ខណៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ព្រមាន​ថា ជន​ណា​ក៏​ដោយ​ដែល​មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​ខ្លួន អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ បន្ទាប់​ពី​គណបក្ស​ប្រឆាំង បាន​ប្រកាស​ថា ខ្លួន​បាន​ប្តឹង​មន្រ្តី​ជាន់​ខ្ពស់​បី​នាក់​នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត។ នៅ​ក្នុង​ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី ដែល​បាន​ចេញ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ទ្រង់​បាន​ត្រាស់​បង្គាប់​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រួម​នឹង​សហការី​ចំនួន ២រូប និង​លោក សម រង្ស៊ី និង​សហការី ២ រូប អញ្ជើញ​ចូល​រួម​ប្រជុំ​ក្រោម​ព្រះ​រាជា​ធិបតី​នៃ​ព្រះអង្គ​ដើម្បី​ដោះស្រាយ​ លើ​បញ្ហា​ជាតិ​ដែល​កំពុង​កើត​មាន។​ជំនួប​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ សៅរ៍​ម៉ោង ៩ ព្រឹក​នៅ​មហា​ប្រាសាទ ខេមរិន្ទ ក្នុង​ព្រះ​បរម រាជវាំង។ ជា​ការ​ឆ្លើយ​តប​ភ្លាមៗ​នោះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​តប​ថា​នឹង​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ។ ក្នុង​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា៖ «ទូល​ព្រះបង្គំ​ជា​ខ្ញុំ​នឹង​ដឹកនាំ​សហការី​ចំនួន ២ រូប គឺ ឯកឧត្តម សាយ ឈុំ និង ឯកឧត្តម ស ខេង»។…

ម៉ៃ ទិត្យថារ៉ា មាស សុខជា និង Abby Seiff
http://www.postkhmer.com/index.php/national/1-national-news/103893-2013-09-13-02-33-08