មនុស្សមួយចំនួនតវ៉ាមិនឲ្យជនជាតិវៀតណាមបោះឆ្នោត
ភ្នំពេញៈ មនុស្សរាប់រយនាក់ ផ្អើលឈូឆរចុះឡើងៗ ឬផ្តុំគ្នាចាំឃ្លាំមើលជាប់ជាប្រចាំស្ទើរពេញណែន នៅក្នុងមណ្ឌលបោះឆ្នោត សាលាបឋមសិក្សា ចម្ប៉ា នឹងនៅតាមផ្លូវច្រកចូលជាមួយនឹងសំឡេងស្រែកហ៊ោកញ្ជ្រៀវ យ៉ាងទ្រហឹងអ៊ឹងកង រារាំងជនជាតិវៀតណាម មិនឲ្យចូលបោះឆ្នោត បានក្លាយទៅជាព្រឹត្តិការណ៍ដ៏ក្តៅគគុកមួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនទៀត ដែលបានកើតឡើងនៅក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិកាលពីម្សិលមិញ។ …
នៅ ម៉ោងប្រមាណ ១១ និង ៣០ នាទីព្រឹក ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលភ្នំពេញ ប៉ុស្តិ៍បានជួបសម្ភាស នៅមណ្ឌលបោះឆ្នោតក្នុងសាលាបឋមសិក្សា ចម្ប៉ា បាននិយាយថា ចាប់តាំងពីម៉ោង ៧ ព្រឹក មកពួកគាត់បានបណ្តេញជនជាតិវៀតណាម ដែលមិនចេះនិយាយខ្មែរច្បាស់ ចេញពីមណ្ឌលបោះឆ្នោតនេះប្រមាណជាង ១០ នាក់។ ក្រុមអ្នកភូមិដែលហាក់បីដូចជាកំពុងមានកំហឹងពុះកញ្រ្ជោល ចំពោះជនជាតិវៀតណាមបានចោទសួរថា«ជនជាតិវៀតណាមទាំងនោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប៉ុន្តែពួកគេមិនចេះនិយាយភាសាខ្មែរច្បាស់ទេ។ តើពួកគេ បានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះមកពីណា? ខ្មែរមានឈ្មោះ នៅពេលទៅបោះឆ្នោតបែរជាត្រូវគេបោះបាត់ ហេតុអ្វីក៏ដូច្នេះ!»។ …
លោក ម៉ៅ ផល្លា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតសង្កាត់ ក្បាលកោះ បានថ្លែងថា ប្រជាពលរដ្ឋបានធ្វើការតវ៉ាប្រឆាំងជនជាតិវៀតណាម មិនឲ្យចូលបោះឆ្នោត។ ប៉ុន្តែលោកបញ្ជាក់ថា៖«ខ្ញុំក្តាប់អត់បានទេបញ្ហាជនជាតិវៀតណាមមកបោះឆ្នោតនេះ»។ យ៉ាងណាក្តី លោកបន្តថា សម្រាប់មន្ត្រីនៅតាមការិយាល័យបោះឆ្នោតឲ្យតែអ្នកទៅបោះឆ្នោត មានអត្តសញ្ញាណប័ណ្ណ ហើយមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺពួកគាត់មានសិទ្ធិបោះឆ្នោតទៅតាមច្បាប់។ …
សូ វិសាល
http://www.postkhmer.com/index.php/national/1-national-news/101464-2013-07-29-03-03-12