លោក ស ខេង សន្យាជួយចាស់ជរាមានជំងឺនៅក្នុងខេត្ត ព្រៃវែង
ព្រៃវែងៈ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោត លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនមណ្ឌល បាត់ដំបង បានធ្វើការសន្យាជាលើកដំបូង ចំពោះប្រជាពលរដ្ឋនៅខេត្ត ព្រៃវែង ដែលជាស្រុកកំណើតរបស់លោកថា លោកនឹងឧបត្ថម្ភប្រាក់ផ្ទាល់ខ្លួនរបស់លោកទៅចាស់ជរាដែលទីទាល់ក្រ ហើយមានជំងឺ ប្រសិនបើគណបក្សប្រជាជនឈ្នះឆ្នោតជាថ្មីទៀត។
តាមអង្គការ ឃ្លាំមើលការបោះឆ្នោត ខុម ហ្វ្រែល បានឲ្យដឹងថាខេត្ត ព្រៃវែង ជាសមរភូមិក្តៅ ក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ ២០១២ ដោយគណបក្សប្រឆាំង បានឈ្នះអាសនៈឃុំ សង្កាត់ ចំនួន ៤០ ភាគរយ។
យោងតាមសេចក្តី ជូនដំណឹងកាលពីថ្ងៃទី ២០ ខែកក្កដាបានឲ្យដឹងថា លោករដ្ឋមន្រ្តី ស ខេង ដែលជាប្រធានក្រុមការងារគណបក្សប្រជាជនខេត្ត ព្រៃវែង បាន សន្យាថា នឹងឧបត្ថម្ភប្រាក់ផ្ទាល់ខ្លួនជូនចាស់ជរា ដែលមានអាយុ ចាប់ពី ៦៥ ឆ្នាំឡើងទៅ ហើយមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងម្នាក់ៗមានទឹកប្រាក់ចាប់ពី ២០ ម៉ឺន ទៅដល់ ៥០ ម៉ឺនរៀល អាស្រ័យទៅតាមស្ថានភាពជាក់ស្តែង។ ឧបត្ថម្ភស្រ្តីសម្រាលកូន ម្នាក់ ១០ ម៉ឺនរៀល និងចូលបុណ្យគ្រួសារសព ២០ម៉ឺនរៀល។
លោក ស ខេង បានឲ្យដឹងក្នុងសេចក្តីជូនដំណឹងនេះថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវធ្វើឡើងពេញមួយអាណត្តិទី៥ ប្រសិនបើគណបក្សប្រជាជនជាប់ឆ្នោត។…
សែន ដាវិត
http://www.postkhmer.com/index.php/national/1-national-news/101255-2013-07-24-03-03-26