សង្គមស៊ីវិលបារម្ភពីការគំរាមកំហែងទៅលើសកម្មជនបក្សនយោបាយ
សង្គមស៊ីវិលសម្ដែងការព្រួយបារម្ភចំពោះការគំរាមកំហែង បំភិតបំភ័យ ដែលអាជ្ញាធរមូលដ្ឋាននៅកន្លែងមួយចំនួនធ្វើទៅលើសកម្មជន ឬអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ សេចក្តីថ្លែងការណ៍ ការគំរាមកំហែង ឬបំភ័យណាមួយនោះ ជាទង្វើរំលោភច្បាប់ និងរំលោភសិទ្ធិប្រជាពលរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ។ គណៈកម្មាធិការប្រព្រឹត្តិកម្មសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឲ្យគណបក្សជាប់ឆ្នោតទាំងពីរគណបក្ស ចេញសេចក្តីណែនាំជាសាធារណៈ ទៅអ្នកគាំទ្ររបស់ខ្លួន និងអាជ្ញាធរមូលដ្ឋាន កុំឲ្យប្រព្រឹត្តអំពើដែលបង្កការភ័យខ្លាច ភាពរំជើបរំជួលក្នុងសង្គម ដែលអាចប៉ះពាល់ដល់ការសាមគ្គី និងភាពសុខដុមនៃសង្គមទាំងមូល ក្នុងពេលដែលកម្ពុជា នឹងរៀបចំរាជរដ្ឋាភិបាលថ្មីនាពេលខាងមុខ។ សមាជិកគណៈកម្មាធិការប្រព្រឹត្តិកម្មសិទ្ធិមនុស្សកម្ពុជា និងជាប្រធានផ្នែកអង្កេតសមាគមអាដហុក (Adhoc) លោក នី ចរិយា មានប្រសាសន៍ថា បរិយាកាសក្រោយការបោះឆ្នោតមិនទាន់មានភាពល្អប្រសើរទេ ដោយសារពលរដ្ឋម្ចាស់ឆ្នោតមួយចំនួនដែលគាំទ្របក្សសង្គ្រោះជាតិ រងនូវការបំភ័យពីអាជ្ញាធរភូមិឃុំ និងពីក្រុមការងារពង្រឹងបក្សរបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្តថា អាជ្ញាធរមូលដ្ឋានជាអ្នកមានសមត្ថកិច្ចក្នុងកិច្ចការពារពលរដ្ឋទូទៅ មិនមែនជាអ្នកបម្រើបក្សកាន់អំណាចឡើយ។ លោកបញ្ជាក់ថា ពេលដែលលទ្ធផលបណ្ដោះអាសន្នមិនទាន់បានបង្ហាញដោយ គ.ជ.ប ហេតុនេះការរក្សាសន្តិសុខសង្គម និងទប់ស្កាត់រាល់ការគំរាមកំហែងទៅលើពលរដ្ឋជាប្រការចាំបាច់ ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្ត៖ «ខ្ញុំចង់ជម្រាបពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឲ្យបញ្ឈប់ការរើសអើង ត្រូវចាំថា យន្តការនៃការបោះឆ្នោត ធ្វើឡើងដើម្បីរើសមេដឹកនាំដោយអហិង្សា មិនមែនធ្វើសង្គ្រាមប្រឆាំងគ្នាទេ ហើយអាជ្ញាធរមូលដ្ឋានមានតួនាទីការពារពលរដ្ឋទូទៅ មិនមែនការពារតែពលរដ្ឋបក្សខាងណាមួយនោះទេ»។…