អាមេរិក​ទាមទារ​ឲ្យ​កម្ពុជា​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត

តំណាង​រាស្ត្រ និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​ធ្វើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​ពីរ​ផ្សង​គ្នា ទាមទារ​ឲ្យ​ក្រសួង​ការ​បរទេស និង​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​សហរដ្ឋ​អាមេរិក ពិចារណា​កាត់​ជំនួយ​ដោយ​ផ្ទាល់​ទៅ​រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​បាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ពលរដ្ឋ។ ការ​ព្រាង​សេចក្តី​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា និង​នៅ​បរទេស កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត មុន​ពេល​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល។ តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ដ៏​មាន​ឥទ្ធិពល​ចំនួន​ពីរ​នាក់ ប្រកាស​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ថ្ងៃ​ទី២៨ ខែ​កក្កដា។ ជំហរ​របស់​តំណាង​រាស្ត្រ​ទាំង​ពីរ​នាក់ ធ្វើ​ឡើង​នៅ​ពេល​ពលរដ្ឋខ្មែរ-អាមេរិកាំង និង​កាណាដា ប្រមាណ ៥០០​នាក់ កាល​ពី​ថ្ងៃ​ពុធ ទី១៨ កញ្ញា បាន​តវ៉ា​នៅ​មុខ​វិមាន​សភា​តំណាង​រាស្ត្រ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ទាមទារ​ឲ្យ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​ដាក់​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​ចំនួន​ពីរ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាមេរិក អាច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​លទ្ធផល​បោះ​ឆ្នោត​មិន​អាច​ជឿជាក់​បាន។ តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក លោក ស្ទីវ ឆាបុត្រ (Steve Chabot) កាល​ពី​ថ្ងៃ​ពុធ មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​បាតុករ​នៅ​មុខ​វិមាន​សភា​តំណាង​រាស្ត្រ ខេបភីថល ហីល (Capital Hill) ថា លោក​គាំទ្រ​ការ​ទាមទារ​របស់​បាតុករ​រាប់​ម៉ឺន​នាក់ ដែល​បាន​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ នា​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។ លោក​ស្នើ​ឲ្យ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចាំ​ផ្ទះ ត្រូវ​តែ​យល់​ព្រម​បង្កើត​នូវ​គណៈកម្មការ​មួយ​ស៊ើប​អង្កេត​ភាព​មិន​ ប្រក្រតី។ លោក ស្ទីវ ឆាបុត្រ បន្ត​ថា បាតុកម្ម​នៅ​កម្ពុជា និង​នៅ​សហរដ្ឋ​អាមេរិក ជា​សញ្ញា​រួម​ដែល​ឲ្យ លោក ហ៊ុន សែន ពិចារណា ប្រសិន​បើ​លោក​ជា​មនុស្ស​ឆ្លាត។ លោក ស្ទីវ ឆាបុត្រ៖ «ការ​ជួប​ជុំ​នៅ​ថ្ងៃ​នេះ ជា​ការ​ជួប​ជុំ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ យើង​កំពុង​ឈរ​នៅ​ពី​មុខ​អគារ​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​អ្វីៗ​ទាំងអស់ ពិសេស​លទ្ធិប្រជាធិបតេយ្យ​ក៏​ពិត​ប្រាកដ សេរីភាព និង​ឱកាស។ ដូច្នោះ​ហើយ លោក ហ៊ុន សែន ត្រូវ​ពិចារណា​ប្រសិន​បើ​ជា​គាត់​ឆ្លាត។ ពលរដ្ឋ​កម្ពុជា ទទួល​រង​គ្រោះ​គ្រប់គ្រាន់​ចំពោះ​ការ​ដឹក​នាំ​របៀប​ផ្តាច់​ការ​របស់ លោក ហ៊ុន សែន និង​បន្ត​រំលោភ​សិទ្ធិ​មនុស្ស សូម្បី​តែ​សិទ្ធិ​ជា​មូលដ្ឋាន​ក៏ដោយ។ ពលរដ្ឋ​កម្ពុជា គួរ​តែ​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ ហើយ​នៅ​ពេល​នេះ​ជា​ពេល​វេលា​សមស្រប​មួយ ដើម្បី​បញ្ចប់​របប​ដឹក​នាំ​ដោយ​ខុស​ច្បាប់​របស់ លោក ហ៊ុន សែន ទៅ​លើ​ពលរដ្ឋ​កម្ពុជា»។…

យន់ សាមៀន
http://www.rfa.org/khmer/news/politics/US-lawmakers-demanded-regime-changes-in-Cambodia-09202013003228.html