គម្រោងផ្លូវដែករបស់ ADB មានកំហុសធំធ្វើឲ្យសហគមន៍នានាកាន់តែលំបាកនិងក្រីក្រ
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានធ្វើឲ្យមានកំហុស “ធំ” នៅក្នុងការបង្កើតនិងអនុវត្តគម្រោងមួយដែលមានទំហំទឹកប្រាក់១៤៣លានដុល្លារ ដើម្បីស្ដារប្រព័ន្ធផ្លូវដែកដែលចាស់ទ្រុឌទ្រោម ជាកំហុសឆ្គងដែលបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរយគ្រួសារធ្លាក់ចូលក្នុងភាពក្រីក្រកាន់តែជ្រៅ និងជំពាក់បំណុលគេជុំទិស នេះបើយោងតាមរបាយការណ៍ថ្មីមួយសម្រាប់ធនាគារនេះចេញផ្សាយកាលពីថ្ងៃសុក្រ។ របាយការណ៍ចុងក្រោយរបស់គណៈកម្មការពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តន៍ឯករាជ្យរបស់ ADB ដែលជាលទ្ធផលនៃការស៊ើបអង្កេតរយៈពេល១៧ខែនេះ បង្ហាញពីប្រវត្តិធ្វើផែនការមិនបានល្អ ការវាស់វែងដីធ្លីមានកំហុសឆ្គងនិងឱកាសខកខាននានាហើយ បានលើកឡើងថា ធនាគារនេះចាំបាច់ត្រូវគិតគូរឡើងវិញអំពីដំណោះស្រាយទាំងមូលរបស់ខ្លួនពាក់ព័ន្ធនឹងសហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ផ្ទាល់ដោយសារគម្រោងទាំងអស់របស់ខ្លួន។ របាយការណ៍ដែលអនុម័តដោយក្រុមប្រឹក្សានាយករបស់ ADB កាលពីថ្ងៃទី៣១ ខែមករា ដែលជាការទទួលស្គាល់កំហុសឆ្គងរបស់ខ្លួនជាផ្លូវការនេះ បង្ហាញពីពាក្យបណ្ដឹងនិងការសិក្សាស្រាវជ្រាវយ៉ាងច្រើនដែលបណ្ដាអង្គការសិទ្ធិមនុស្សលើកឡើងថា បានក្លាយជាបញ្ហាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សានាយករបស់ ADB បានអនុម័តអនុសាសន៍ចំនួនប្រាំមួយរបស់គណៈកម្មការនេះ ហើយបានលើកឡើងថា ខ្លួននឹងរិះរកផែនការសកម្មភាពមួយឲ្យបានក្នុងរយៈពេល៦០ថ្ងៃដើម្បីអនុវត្តវា។ ប្រជាពលរដ្ឋប្រមាណ៣.០០០គ្រួសារដែលរស់នៅតាមបណ្ដោយផ្លូវដែកបានបាត់បង់ដីធ្លីមួយចំនួនរបស់ខ្លួន ដោយសារតែគម្រោងនេះ ហើយប្រជាពលរដ្ឋ១.០០០គ្រួសារទៀតត្រូវរើទីលំនៅទៅរស់នៅកន្លែងតាំងលំនៅថ្មី ដែលមានហេដ្ឋារចនាសម្ព័ន្ធអន់ចាប់ពីខេត្តព្រះសីហនុ រហូតដល់ប៉ោយប៉ែត។ របាយការណ៍នេះមានខ្លឹមសារដូច្នេះថា “ប្រជាពលរដ្ឋទាំងនេះបានបាត់បង់ដីធ្លី ជីវភាព និងប្រាក់ចំណូល ហើយជាលទ្ធផលបានធ្វើឲ្យការចំណាយគ្មានសមតុល្យនិងបង្កជាបន្ទុកលើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដែលផ្ដល់មូលនិធិដោយ ADB”។ …
Zsombor Peter
http://www.cambodiadailykhmer.com/news/10481/