អង្គការ​មិនមែន​រដ្ឋាភិបាល​បន្ត​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​តវ៉ា​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​

បន្ទាប់​ពី​ការ​ចាប់ខ្លួន​សកម្មជន​១១​នាក់​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​ដែល​ពួក​គេ​ព្យាយាម​យក​ញត្តិ​ទៅ​ដាក់​ជូន​ស្ថានទូត​អា​មេ​រិ​ក​ និង​ស្ថានទូត​បារាំង​ ​ស្វះស្វែង​ឲ្យ​មានការ​ដោះ​លែង​អ្នក​តវ៉ា​ទាំង​២៣​នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​នោះ​ ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក៏​បាន​យក​ញត្តិ​ស្រ​ដៀង​គ្នា​នេះ​ទៅ​ដាក់​ជូន​ស្ថានទូត​ជប៉ុន​ ​និង​ទីស្នាក់ការ​កណ្តាល​សហភាព​អឺរ៉ុប​ដោយ​ស្ងាត់ៗ​ផង​ដែរ​កាលពី​ម្សិលមិញ​។​ ​អ្នក​ធ្វើ​ញត្តិ​ ​ដែល​ ​តំណាង​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​១៨១​នេះ​ ​គ្រោង​ហែ​ក្បួន​ទៅ​កាន់​ស្ថានទូត​អា​ល្លឺ​ម៉​ង់​ ​កូរ៉េ​ខាងត្បូង​ ​អូស្ត្រាលី​ និង​ស្ថានទូត​ថៃ​នៅ​ព្រឹក​នេះ​ ​អំពាវនាវ​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឲ្យ​ដោះ​លែង​អ្នក​តវ៉ា​ទាំង​២៣​នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នគរបាល​កាលពី​ថ្ងៃ​ទី​២​ និង​ទី​៣​ ខែមករា​។​ ​នៅ​ស​ប្តា​ហ៍​នេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បដិសេធ​មិន​ដោះ​លែង​អ្នក​តវ៉ា​ទាំង​២៣​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ឡើយ​ ​ដោយ​លើក​ឡើង​ពី​ភាព​ចាំបាច់​ក្នុង​ការ​សាកសួរ​ពួក​គេ​ ​និង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ដោយ​យក​ពួក​គេ​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ដែល​មានការ​យាមកាម​តឹងរ៉ឹង​ក្នុង​ខេត្តកំពង់ចាម​ស្ថិត​នៅ​ជាប់​ព្រំដែន​វៀតណាម​។​ ញត្តិ​នោះ​មាន​ខ្លឹមសារ​ថា​ ការ​ដោះ​លែង​មនុស្ស​ទាំង​២៣​នាក់​ដោយ​គ្មាន​លក្ខខណ្ឌ​ “​ឥឡូវនេះ​គឺជា​បញ្ហា​បន្ទាន់​របស់​ស្ថាប័ន​មនុស្សធម៌​អន្តរជាតិ​ ​និង​ស្រប​តាម​ច្បាប់​របស់​កម្ពុជា​”​។​ ​លោកស្រី​ ធីតា​ ឃិះ​ នាយិកា​ប្រតិបត្តិ​អង្គកា​សីល​កា​ ​ជា​អង្គការក្រៅរដ្ឋាភិបាល​ផ្នែក​បណ្តុះបណ្តាល​ដែល​រៀបចំ​ការ​ហែ​ក្បួន​នៅ​ថ្ងៃនេះ​បាន​មាន​ប្រសាសន៍​ថា​ ​អ្នក​ដាក់​ញត្តិ​ដែល​មាន​គ្នា​ពី​៤០​ទៅ​៥០​នាក់​មាន​គម្រោង​ជួបជុំ​គ្នា​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ហើយ​ដើរ​រួម​គ្នា​ទៅ​កាន់​ស្ថានទូត​ចំនួន​៤​បើ​ទោះជា​រដ្ឋាភិបាល​ចេញ​បម្រាម​ហាមឃាត់​មិន​ឲ្យ​មានការ​ជួបជុំ​គ្នា​ជា​សាធារណៈ​ចាប់ពី​១០​នាក់​ឡើង​ទៅ​ក៏​ដោយ​។​ …

អូន ភាព និង ម៉ិច​ ដារ៉ា
http://www.cambodiadaily.com/news/after-arrests-ngos-continue-petitioning-to-free-the-23-50966/