កម្ពុជា​និង​ថៃ​ព្រម​បង្កើត​ច្រក​សម្រាប់​ពលករ

មន្រ្តី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា កម្ពុជា និង ថៃ បាន​ព្រម​ព្រៀង​បង្កើត​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ នៅ​ក្នុង​ខេត្ត​ចំនួន ៣ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពលករ ខ្មែរ ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ ប្រទេស​ថៃ ដើម្បី​ចៀសវាង​ការ​ឆបោក​ពី​មេ​ខ្យល់ និង​ការ​បាញ់​ប្រហារ​តាម​ព្រំដែន។ លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង ការងារ បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​បន្ទាប់​ពី​បញ្ចប់​ពិធី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​កាល​ពី​ម្សិលមិញ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ កោះ​ពេជ្រ ថា ក្រសួង​ការងារ​បាន​ជួប​ជាមួយ​ភាគី ថៃ កាល​ពី​ដើម​សប្តាហ៍​នេះ ដែល​អនុវត្ត​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​រវាង កម្ពុជា និង ថៃ ក្នុង​ការ​ផ្លាស់​ប្តូរ​ពលកម្ម។ «ភាគី​ខ្មែរ​បាន​រៀបចំ​នូវ ៣ ច្រក​ចេញ​ចូល​តែ​មួយ​គឺ​នៅ ខេត្ត​កោះកុង បន្ទាយ​មាន​ជ័យ និង ខេត្ត​ប៉ៃលិន ហើយ​ភាគី ថៃ ក៏​យក​ខេត្ត ៣ ដែល​នៅ​ជាប់​ព្រំដែន​គ្នា​នោះ​ផង​ដែរ។ នីតិវិធី​នេះ គឺ​ជួយ​សម្រួល​ដល់​ពលករ​យើង​ឲ្យ​មាន​ភាព​ងាយ​ស្រួល​បំផុត និង​រហ័ស​បំផុត។ ដូច​នេះ បង​ប្អូន​ពលករ​ដែល​ទៅ​ដល់​កន្លែង​ច្រក​ចេញ​ចូល​តែ​មួយ​នេះ គឺ​បំពេញ​បែបបទ​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​អាច​ចប់»។ ...

មុំ គន្ធា
http://postkhmer.com/national/1-national-news/113817-2014-05-02-04-07-39