កម្មករ​ដែល​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​និយាយ​ពី​ភាព​អយុត្តិធម៌​ ​

ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ដែល​កម្មករ​រោងចក្រ​កាត់ដេរ​ឈ្មោះ​ ​យ៉ុ​ន​ ​ជា​ ​អាយុ​១៧​ឆ្នាំ​បាន​ជាប់​ក្នុង​ពន្ធនាគារ​នោះ​ ​គាត់​បាន​ចំណាយពេល​រាប់​ម៉ោង​មើល​តាម​បង្អួច​នៅ​ជញ្ជាំង​បេតុង​មួយ​ និង​គិត​ថា​ ​គាត់​នឹង​មិន​បានឃើញ​ផ្ទះ​ ​និង​គ្រួសារ​របស់​គាត់​វិញ​ទេ​។ គាត់​បាន​និយាយ​កាលពី​ម្សិលមិញ​នៅ​ពេល​អង្គុយ​លើ​កម្រាល​ឥដ្ឋ​នៃ​បន្ទប់​តូច​មួយ​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង​ក្នុង​ខណ្ឌមានជ័យ​ក្រុងភ្នំពេញ​ ​ដែល​គាត់​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ ​និង​បងប្អូន​ពីរ​នាក់​របស់​គាត់​ថា​ “​ខ្ញុំ​មិន​ដែល​គិត​ថា​ ​ខ្ញុំ​អាច​ចេញ​វិញ​បាន​ទេ​។​ ​មាន​បង្អួច​មួយ​ដែល​អាច​មើលទៅ​ក្រៅ​បាន​។​មួយ​ថ្ងៃៗ​ ​ខ្ញុំ​អង្គុយ​សម្លឹង​តាម​បង្អួច​នោះ​”​។​ ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ដោះ​លែង​លោក​ ​ជា​ ​និង​អ្នក​ជាប់​ឃុំ​ម្នាក់​ទៀត​ឈ្មោះ​ ​ប៊ូ​ ​សា​រិ​ទ្ធ​ ​អាយុ​២៧​ឆ្នាំ​ ​ហើយ​អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​ចំណោម​សកម្មជន​សហជីព​ ​និង​អ្នក​តវ៉ា​ទាំង​២៣​នាក់​ដែល​បាន​ជាប់​ឃុំ​បន្ទាប់​ពី​មានការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​ទៅ​លើ​កម្មករ​រោងចក្រ​កាត់ដេរ​ដែល​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​ ទី​២ ​និង​ទី​៣ ​ខែមករា​។​ ​ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​ដោះ​លែង​កាលពី​ថ្ងៃ​សៅរ៍​។​ មនុស្ស​ជា​ច្រើន​នាក់​ក្នុង​ចំណោម​មនុស្ស​២១​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅឡើយ​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​កាលពី​ព្រឹក​ម្សិលមិញ​។​ ​លោក​ ​គា​ ​សុ​វ​ណ្ណា​ ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ​ដែល​អ្នកទោស​ទាំង​២១​នាក់​ត្រូវ​បាន​ឃុំខ្លួន​នោះ​ ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា​ “​អ្នកទោស​១៦​នាក់​ក្នុង​ចំណោម​អ្នកទោស​ទាំង​២១​នាក់​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​តាំងពី​ព្រឹក​មិ​ញ​នេះ​ ​ពីព្រោះ​ពួក​គេ​ចង់​បញ្ជូន​សារ​ទៅ​ក្រសួងយុត្តិធម៌​ឲ្យ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​។​ … ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ថ្មីៗ​នេះ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​ ​ដោយ​មានការ​តវ៉ា​ទាំង​នៅ​ក្នុងស្រុក​ ​និង​នៅ​បរទេស​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​ពួក​គេ​ជា​បន្ទាន់​។​ នៅ​ថ្ងៃនេះ​ ​គឺ​មួយ​ថ្ងៃមុន​ពេល​បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​សម្រាប់​អ្នកទោស​ដែល​នៅ​សេសសល់​ចំនួន​២១​នាក់​ ​សហជីព​គ្រោង​ហែ​ក្បួន​តាម​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ​ ​ក្នុង​ទីក្រុង​ភ្នំពេញ​ ​ទៅ​កាន់​ស្ថានទូត​បរទេស​ ​ដើម្បី​តវ៉ា​ចំពោះ​ការ​ឃុំខ្លួន​មនុស្ស​ទាំង​២១​នាក់​ ​និង​តវ៉ា​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​មិន​ដោះស្រាយ​ការ​ទាមទារ​របស់​ខ្លួន​សុំ​ដំឡើង​ប្រាក់ខែ​គោល​របស់​កម្មករ​។​ …​

ម៉ិច ដារ៉ា និង​ Alice Cuddy
http://www.cambodiadailykhmer.com/news/10441/