អ្នក​កាសែត​ត្រូវ​សន្តិសុខ​វាយ​ចេញ​ទៅ​ព្យាបាល​នៅ​ថៃ

អ្នក​កាសែត​ម្នាក់​នៅ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ដែល​ទទួល​រង​ការ​វាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ការ​វាយ​បង្ក្រាប​មួយ​កាល​ដើម​ខែ​នេះ​បាន​ចាក​ចេញ​ទៅ ប្រទេស​ថៃ កាល​ម្សិលមិញ​ដើម្បី​វះកាត់​របួស​ហើយ​គ្រោង​ដាក់​បណ្តឹង​ទៅ​តុលាការ​ទៅ​លើ​អ្នក​ដែល​បាន​វាយ​ប្រហារ​រូប​គាត់​នៅ​សប្តាហ៍​ក្រោយ។ អ្នក​កាសែត VOD ឈ្មោះ ឡាយ សាមាន អាយុ ២៧​ឆ្នាំ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​រួម​ទាំង​អ្នក​កាសែត​ស្រី​និង​អ្នក​ថត​រូប បាន​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​សន្តិសុខ ខណ្ឌ​ដូនពេញ ដែល​បាន​ចាប់​ផ្តើម​សំដៅ​ទៅ​រក​អ្នក​សង្កេត​ការណ៍​និង​ក្រុម​អ្នក​កាសែត ខណៈ​ពួក​គេ​កំពុង​រង់​ចាំ​ឃ្លាំ​មើល​ការ​ប្រមូល​ផ្តុំ​របស់​គណបក្ស​ប្រឆាំង​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​កាល​ថ្ងៃ ទី​២ ខែ​ឧសភា។ លោក សាមាន ដែល​ទទួល​រង​ការ​វាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរ​ត្រង់​ក្បាល​បាន​ថ្លែង​កាល​ម្សិលមិញ​ថា ឥឡូវ​នេះ​លោក​កំពុង​ទទួល​រង​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ត្រង់​ថ្គាម​ដែល​កើត​ចេញ​ពី​ការ​វាយ​ប្រហារ​នោះ។​ … លោក កាំង តុងងី មន្រ្តី​ផ្នែក​ទំនាក់​ទំនង​នៅ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) ដែល​កំពុង​ជួយ​លោក សាមាន ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ការ​វាយ​ប្រហារ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។ … លោក តុងងី មិន​បាន​ថ្លែង​ទៀត​ថា តើ​បទ​ចោទ​អ្វី​ដែល​ត្រូវ​ដាក់ ឬ​ចោទ​ទៅ​លើ​នរណា​ប៉ុន្តែ​បាន​ថ្លែង​ថា CCIM នៅ​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​ច្បាប់។ លោក​ក៏​បាន​អះអាង​ផង​ដែរ​ថា លោក សាមាន បាន​បង្ហាញ​កាត​អ្នក​កាសែត​ត្រឹម​ត្រូវ​នៅ​ពេល​មាន​ការ​វាយ​ប្រហារ​នោះ។ …

មាស សុខជា
http://postkhmer.com/national/1-national-news/114237-2014-05-13-03-54-19