លោក​ ស៊ូ​ប៊ែ​ឌី​ សន្យា​លើក​សំណើ​របស់​សហជីព​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​

​អ្នករាយការណ៍​ពិសេស​របស់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្ត​ផ្នែក​គោរព​សិទ្ធិ​មនុស្ស​។​ ជាង​នេះ​ទៀត​ អ្នករាយការណ៍​ពិសេស​រូប​នេះ​ ក៏​គ្រោង​នឹង​ជួប​សន្ទនា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា​ និង​មន្ត្រី​រដ្ឋាភិបាល​ដែរ​។​ ​លោក​ សុរិយា​ ស៊ូ​ប៊ែ​ឌី​ ដែល​បាន​ចេញ​មក​ទទួល​ញត្តិ​ដោយ​ផ្ទាល់​ពី​ក្រុម​សហជីព​ និង​បណ្ដាញ​អ្នកតស៊ូ​មតិ​ក្នុង​រឿង​ដីធ្លី​នៅ​ថ្ងៃ​ទី​១៣​ មក​រា​ បាន​សន្យា​ថា​ នឹង​យក​សំណើ​ទាំងនេះ​ទៅ​ពិនិត្យ​ដោយ​ល្អិតល្អន់​ មុន​នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ដៃគូ​ពិគ្រោះ​យោបល់​ និង​រដ្ឋាភិបាល​ក្នុង​ដំណើរ​នៃ​ការ​បំពេញ​ទស្សនកិច្ច​របស់​លោក​ជា​ថ្មី​ម្ដងទៀត​នេះ​។​ ​ថ្លែង​ទៅ​កាន់​អ្នកចូលរួម​ប្រមាណ​ជាង​ ១០០​នាក់​ នៅ​ខាង​មុខ​ការិយាល័យ​នៃ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ លោក​ សុរិយា​ ស៊ូ​ប៊ែ​ឌី​ អះអាង​ថា​ លោក​នឹង​យក​សំណើសុំ​កិច្ច​អន្តរាគមន៍​របស់​សហជីព​ និង​សហគមន៍​ដែល​មាន​ជម្លោះដីធ្លី​ក្នុង​តំបន់​បឹង​កក់​ និង​បុរី​កីឡា​ ដែល​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​មនុស្ស​ ២៣​នាក់​នេះ​ ទៅ​ពិនិត្យ​ជា​មុន​សិន​ មុន​នឹង​ត្រូវ​ពិភាក្សា​បន្ត​ជាមួយ​រដ្ឋាភិបាល​។​ ​លោក​ ស៊ូ​ប៊ែ​ឌី​ ដែល​ជា​ញឹកញាប់​តែង​ត្រូវ​បាន​រដ្ឋាភិបាល​ចំអក​ថា​ ជា​អ្នករាយការណ៍​ឲ្យ​បក្ស​ប្រឆាំង​ថ្លែង​ថា​ លោក​បានដឹង​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​ សព្វគ្រប់​ហើយ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​។​ បើ​ទោះជា​បែប​ណា​ លោក​បញ្ជាក់​ថា​ នឹង​នៅ​តែ​បន្ត​ឃ្លាំមើល​ការ​វិវត្តន៍​ស្ថានការណ៍​នេះ​បន្ត​ទៀត​។​ ​លោក​ សុរិយា​ ស៊ូ​ប៊ែ​ឌី​៖​ «​ខ្ញុំ​នឹង​អាន​ញត្តិ​ដែល​បាន​ដាក់​ជូន​ខ្ញុំ​នៅ​ពេល​នេះ​ ហើយ​ក៏​អរគុណ​ដែល​អស់លោក​ លោកស្រី​បាន​មក​ជួប​ខ្ញុំ​ដែរ​។​ ខ្ញុំ​នឹង​ជួប​ប្រជុំ​ជាមួយ​តួអង្គ​សំខាន់ៗ​ ដែល​ពាក់ព័ន្ធ​ ក៏​ដូច​រដ្ឋាភិបាល​ដែរ​។​ ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​របស់ខ្ញុំ​ ចំពោះ​កង្វល់​ទាំងនេះ​ របស់​លោក​ លោកស្រី​ ជាមួយ​ដៃគូ​ដែល​ខ្ញុំ​នឹង​ជួប​»​។​ …

បុគ្គលិកសារព័ត៌មាន វិទ្យុអាស៊ីសេរី
http://www.rfa.org/khmer/news/human-rights/rally-at-un-office-01122014222212.html