ក្រុម​សកម្មជន​ ​និង​ព្រះសង្ឃ​ប្រឆាំង​បម្រាម​រដ្ឋាភិបាល​ ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​បុរស​២៣​នាក់​

​សកម្មជន​ ​និង​ព្រះសង្ឃ​ជាង​៥០​អង្គ​នាក់​ដែល​ប្រឆាំង​នឹង​បម្រាម​ថ្មី​ចំពោះ​សកម្មភាព​ប្រមូលផ្តុំ​ ​បាន​ជួបជុំ​គ្នា​នៅ​ខាងក្រៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​កាលពី​ព្រឹក​ម្សិលមិញ​ ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​បុរស​២៣​នាក់​ឆាប់ៗ​នេះ​។​ ​គួរ​បញ្ជាក់​ថា​ ​បុរស​ទាំងនេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ដើមខែ​នេះ​អំឡុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ ​រវាង​ក្រុម​នគរបាល​ ​និង​កម្មករ​កាត់ដេរ​។​

​បុរស​ទាំង​២៣​នាក់​នោះ​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ការ​តវ៉ា​រយៈពេល​ពីរ​ថ្ងៃ​ ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​ ​ក៏​ប៉ុន្តែ​ ​សកម្មភាព​តវ៉ា​នេះ​បាន​បញ្ចប់​ទៅ​ដោយ​មានការ​បាញ់​សម្លាប់​អ្នក​តវ៉ា​ប្រាំ​នាក់​ ​ពី​សំណាក់​កងរាជអាវុធហត្ថ​នៅ​ខាងក្រៅ​រោងចក្រ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ ​ពី​ថ្ងៃ​ទី​៣ ​ខែមករា​ ​ឆ្នាំ​២០១៤​។​

​មួយ​ថ្ងៃ​ក្រោយមក​ ​ក្រសួងមហាផ្ទៃ​បាន​ចេញ​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​ជួបជុំ​គ្នា​ជា​សាធារណៈ​ដែល​មាន​អ្នកចូលរួម​ចាប់ពី​១០​នាក់​ឡើង​ទៅ​ ​ហើយ​បុរស​ទាំង​២៣​នាក់​នោះ​ក៏​ត្រូវ​បាន​ចោទប្រកាន់​ថា​ ​បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ ​និង​សកម្មភាព​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន​។​ ​បុរស​ទាំងនោះ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ​ក្នុង​ម្នាក់​។​ ...

ម៉ិច ដារ៉ា និង Zsombor Peter
http://www.cambodiadailykhmer.com/news/9385/