ក្រុមហ៊ុននៅតែប្រើវិធីបោកប្រាស់ពលករ
ពួកគេសន្សំប្រាក់រាប់ខែខ្ចីប្រាក់ពីក្រុមគ្រួសារ និងមិត្តភក្តិ ហើយថែមទាំងបានចងការប្រាក់គេថែមទៀតដែលស្មើនឹងចំណូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីផ្តល់ទៅឲ្យអ្នកជ្រើសរើសពលករដែលអាចគ្មានការធានា ផ្តល់ការងារនៅក្រៅប្រទេសដល់ពួកគេឡើយ។ ក្រុមហ៊ុនជ្រើសរើសពលករដែលមានឈ្មោះអសោចពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឲ្យធ្វើការ និងការរំលោភសិទិ្ធមនុស្សដទៃទៀត បានរកឃើញវិធីសាស្រ្តថ្មីមួយទៀត ដើម្បីកេងយកប្រយោជន៍ពីអ្នកនេសាទ និងពលករចំណាកស្រុក កម្ពុជា ដែលចង់រកប្រាក់នៅក្នុង ប្រទេសថៃ ដែលខ្វះកម្លាំងពលកម្ម។ ក្រុមហ៊ុនទាំងនោះដែលមួយចំនួនតូចប៉ុណ្ណោះ មានអាជ្ញាប័ណ្ណស្របច្បាប់ បានយកកម្រៃពីកម្មកររហូតដល់ទៅ ៧៥០ ដុល្លារ ក្នុងការរៀបចំឯកសារធ្វើដំណើរ និងការដឹកជញ្ជូន ហើយបន្ទាប់មកប្រាប់កម្មករឲ្យរង់ចាំខណៈពេលដែលក្រុមហ៊ុនកំពុងរៀបចំរកការងារឲ្យពួកគេ។ លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថា៖ «ពួកគេរង់ចាំ ១ ខែ ៦ ខែ និង ១២ ខែ។ ក្រុមហ៊ុនប្រាប់ឲ្យអត់ធ្មត់ យើងក៏រង់ចាំផងដែរ។ ប៉ុន្តែក្រោយមកពេលកម្មករទូរស័ព្ទសួរពួកគេបានបិទទូរស័ព្ទ ពេលកម្មករបានព្យាយាមទៅដល់កន្លែង ក្រុមហ៊ុនបានផ្លាស់ប្តូរទីតាំង»។ លោកបានថ្លែងបន្ថែមថា មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានដាក់ពាក្យបណ្តឹងជាច្រើន នៅក្នុងឆ្នាំនេះហើយជឿជាក់ថា គម្រោងបោកប្រាស់នេះ កំពុងតែកើនឡើងដែលការសង្ស័យនេះត្រូវបានបញ្ជាក់ថាពិត ដោយអង្គការដទៃទៀតជាច្រើន។ …
Laignee Barron និង ផាក់ សៀងលី
http://postkhmer.com/national/1-national-news/114239-2014-05-13-04-02-00