ក្រុមហ៊ុន​នៅ​តែ​ប្រើ​វិធី​បោក​ប្រាស់​ពលករ

ពួកគេ​សន្សំ​ប្រាក់​រាប់​ខែ​ខ្ចី​ប្រាក់​ពី​ក្រុម​គ្រួសារ និង​មិត្តភក្តិ ហើយ​ថែម​ទាំង​បាន​ចង​ការ​ប្រាក់​គេ​ថែម​ទៀត​ដែល​ស្មើ​នឹង​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដើម្បី​ផ្តល់​ទៅ​ឲ្យ​អ្នក​ជ្រើសរើស​ពលករ​ដែល​អាច​គ្មាន​ការ​ធានា ផ្តល់​ការងារ​នៅ​ក្រៅ​ប្រទេស​ដល់​ពួកគេ​ឡើយ។ ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ដែល​មាន​ឈ្មោះ​អសោច​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស ការ​បង្ខំ​ឲ្យ​ធ្វើ​ការ និង​ការ​រំលោភ​សិទិ្ធ​មនុស្ស​ដទៃ​ទៀត បាន​រក​ឃើញ​វិធីសាស្រ្ត​ថ្មី​មួយ​ទៀត ដើម្បី​កេង​យក​ប្រយោជន៍​ពី​អ្នក​នេសាទ និង​ពលករ​ចំណាក​ស្រុក កម្ពុជា ដែល​ចង់​រក​ប្រាក់​នៅ​ក្នុង ប្រទេស​ថៃ ដែល​ខ្វះ​កម្លាំង​ពលកម្ម។ ក្រុមហ៊ុន​ទាំង​នោះ​ដែល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់ បាន​យក​កម្រៃ​ពី​កម្មករ​រហូត​ដល់​ទៅ ៧៥០ ដុល្លារ ក្នុង​ការ​រៀបចំ​ឯកសារ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន ហើយ​បន្ទាប់​មក​ប្រាប់​កម្មករ​ឲ្យ​រង់​ចាំ​ខណៈ​ពេល​ដែល​ក្រុមហ៊ុន​កំពុង​រៀបចំ​រក​ការងារ​ឲ្យ​ពួក​គេ។ លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ថ្លែង​ថា៖ «ពួក​គេ​រង់ចាំ ១ ខែ ៦ ខែ និង ១២ ខែ។ ក្រុមហ៊ុន​ប្រាប់​ឲ្យ​អត់ធ្មត់ យើង​ក៏​រង់​ចាំ​ផង​ដែរ។ ប៉ុន្តែ​ក្រោយ​មក​ពេល​កម្មករ​ទូរស័ព្ទ​សួរ​ពួក​គេ​បាន​បិទ​ទូរស័ព្ទ ពេល​កម្មករ​បាន​ព្យាយាម​ទៅ​ដល់​កន្លែង ក្រុមហ៊ុន​បាន​ផ្លាស់​ប្តូរ​ទីតាំង»។ លោក​បាន​ថ្លែង​បន្ថែម​ថា មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​ដាក់​ពាក្យ​បណ្តឹង​ជាច្រើន នៅ​ក្នុង​ឆ្នាំ​នេះ​ហើយ​ជឿ​ជាក់​ថា គម្រោង​បោក​ប្រាស់​នេះ កំពុង​តែ​កើន​ឡើង​ដែល​ការ​សង្ស័យ​នេះ​ត្រូវ​បាន​បញ្ជាក់​ថា​ពិត ដោយ​អង្គការ​ដទៃ​ទៀត​ជាច្រើន។ …

Laignee Barron និង ផាក់ សៀងលី
http://postkhmer.com/national/1-national-news/114239-2014-05-13-04-02-00