ចំណុច​ល្អ​និង​ចំណុច​អាក្រក់​របស់​លោក ម៉ុក ម៉ារ៉េត ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន

រុម​អ្នក​ស្រាវជ្រាវ ឬ​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​សង្គម​ស៊ីវិល​ខ្លះ​ដែល​ធ្វើ​ការងារ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ បាន​លើក​ឡើង​ពី​ផល​វិជ្ជមាន និង​អវិជ្ជមាន​របស់ លោក ម៉ុក ម៉ារ៉េត នៅ​អំឡុង​ពេល​លោក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្មាន​អាណត្តិ​មក​នេះ។ អ្នក​ឃ្លាំ​មើល​ សង្គម​មួយ​ចំនួន​បាន​បង្ហាញ​ថា សកម្មភាព​ការងារ​របស់ លោក ម៉ុក ម៉ារ៉េត មាន​ផល​វិជ្ជមាន​តិចតួច ប៉ុន្តែ​ផល​អវិជ្ជមាន​បាន​កើត​មាន​ច្រើន​គគោក ឬ​ស្ទើរ​រលាយ​ហិនហោច​បរិស្ថាន ឬ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ លោក ម៉ុក ម៉ារ៉េត ច្រាន​ចោល។ លោក ម៉ុក ម៉ារ៉េត បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៣។ ទើប​តែ​ក្រោយ​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ​ទេ​ដែល លោក ម៉ុក ម៉ារ៉េត ត្រូវ​បាន​ផ្ទេរ​តំណែង​ទៅ​កាន់​តួនាទី​ថ្មី​ជា​ប្រធាន​គណៈកម្មការ​ផែន​ការ​ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក ឬ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា​នីតិកាល​ទី​៥។ លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា សកម្មភាព ឬ​ផល​វិជ្ជមាន​របស់ លោក ម៉ុក ម៉ារ៉េត បី​អាណត្តិ​មក​នេះ​មាន​តិចតួច​បំផុត។ ផល​វិជ្ជមាន​ទាំង​នោះ​មាន​ដូចជា ឃើញ​មាន​បង្កើត ឬ​ធ្វើ​ជា​គោល​នយោបាយ​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​មួយ​ចំនួន​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ជាពិសេស លោក ម៉ុក ម៉ារ៉េត បាន​ធ្វើ​កិច្ចការ​តាក់តែង​គោល​នយោបាយ និង​តាក់តែង​ច្បាប់ ដើម្បី​ការពារ​បរិស្ថាន ជាដើម មាន​ចំនួន​ច្រើន និង​មាន​សកម្មភាព​ជា​ហូរហែ​ដែរ។ លោក កែម ឡី បន្ថែម​ថា ផល​វិជ្ជមាន​ផ្សេង​ទៀត​ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន​របស់ លោក ម៉ុក ម៉ារ៉េត គឺ​ចូល​រួម​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។ បញ្ហា​នេះ លោក ម៉ុក ម៉ារ៉េត បាន​រៀប​ចំ​ឲ្យ​មាន​យន្តការ​ទប់ស្កាត់ និង​ការពារ​បម្រែបម្រួល​ទាំង​នេះ។ បន្ថែម​លើ​នេះ លោក​បាន​រៀប​ចំ​ឲ្យ​មាន​តំបន់​ថែរក្សា​អភិរក្ស​ព្រៃ​ឈើ និង​តំបន់​ការពារ​សត្វ​ព្រៃ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ផង។ ក្នុង​នោះ​មាន​ផ្ទៃ​ដី​ជាង ៣​លាន​ហិកតារ ដែល​ត្រូវ​ចាត់​ទុក​ជា​តំបន់​ការពារ​បរិស្ថាន៖ «ភាគ​ច្រើន​ការ​ផ្តល់​ដី​ សម្បទាន​សេដ្ឋកិច្ច​ហ្នឹង គឺ​មិន​បាន​រៀប​ចំ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ជាក់ស្តែង ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​ផ្តល់​សិទ្ធិ​អំណាច​នៃ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ទៅ​ឲ្យ​ ក្រុមហ៊ុន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច។ អ៊ីចឹង​បើ​ក្រុមហ៊ុន​ហ្នឹង​បម្រុង​នឹង​ធ្វើ ឬ​អភិវឌ្ឍ​កន្លែង​ហ្នឹង​ហើយ អ៊ីចឹង​ធ្វើ​ម៉េច​បាន​ជា​ចេញ​លទ្ធផល​អវិជ្ជមាន​អំពី​ការ​វាយ​តម្លៃ​ផល​ ប៉ះពាល់​បរិស្ថាន។ អា​កន្លែង​ហ្នឹង​ដែល​ឃើញ​មាន​បញ្ហា​ច្រើន​កន្លង​មក»។ យ៉ាង ​ណា​ក៏ដោយ អ្នក​ស្រាវជ្រាវ​សង្គម​រូប​នេះ​សង្កត់​ធ្ងន់​ថា ចំពោះ​ផល​អវិជ្ជមាន​ដែល លោក ម៉ុក ម៉ារ៉េត រង​ការ​រិះគន់​ខ្លាំង​នោះ គឺ​ទាក់ទង​ទៅ​នឹង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​វិនិយោគទុន ដែល​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ជា​មុន​នោះ​ទេ។ លោក កែម ឡី ថ្លែង​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រសួង​បរិស្ថាន ក្រោម​ការ​ដឹក​នាំ​របស់ លោក ម៉ុក ម៉ារ៉េត កន្លង​មក គឺ​មិន​បាន​វាយ​តម្លៃ​ទៅ​លើ​ផល​ប៉ះពាល់​ទេ។ ទោះ​បី​តំបន់​ខ្លះ​ដែល​អាច​អភិវឌ្ឍ​ទៅ​ជា​តំបន់​បរិស្ថាន​បែប​ទេសចរណ៍​ ធម្មជាតិ ក៏​អតីត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រូប​នេះ​មិន​ខ្វល់​ដែរ ដោយ​បាន​ប្រែ​ក្លាយ​តំបន់​ដែល​មាន​សក្ដានុពល​ទេសចរណ៍ ទៅ​ជា​តំបន់​វារីអគ្គិសនី ឬ​អភិវឌ្ឍន៍​វិស័យ​ផ្សេងៗ។ អ្នក​វិភាគ​រូប​ នេះ​បាន​លើក​ជា​ឧទាហរណ៍​ដូច​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា មាន​ប្រទេស​ថៃ និង​វៀតណាម ជាដើម ដែល​ប្រទេស​គេ​មាន​តំបន់ ឬ​ទីកន្លែង​អាច​ផ្តល់​សក្ដានុពល​ដល់​វិស័យ​ទេសចរណ៍ គឺ​គេ​អភិវឌ្ឍ​តំបន់​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍ ភ្ញៀវ​ទេសចរ ខុស​ប្លែក​តែ​ប្រទេស​កម្ពុជា៖ «ហើយ​តំបន់​មួយ​ចំនួន​ដែល​ត្រូវ​ជា​តំបន់​ ទេសចរណ៍​ធម្មជាតិ ដែល​អាច​ថែរក្សា​បរិស្ថាន​បាន​ច្រើន​នោះ ក្លាយ​ទៅ​ជា​តំបន់​វារីអគ្គិសនី​ទៅ​វិញ។ អា​ហ្នឹង​យើង​ឃើញ​ថា ខូចខាត​ធ្ងន់​ច្រើន​ហើយ​នៅ​ក្នុង​កំឡុង​ពេល​នៃ​ការ​អភិវឌ្ឍ​ហ្នឹង បើ​នៅ​វៀតណាម ឬ​ឥណ្ឌូនេស៊ី វិញ គឺ​គេ​អភិវឌ្ឍ​បាន​ល្អ ហើយ​គេ​បាន​ថែរក្សា​គម្រប​ព្រៃ​ឈើ​ហ្នឹង​ពី ១២ ទៅ​ដល់ ១៧​ភាគរយ នៃ​គម្រប​ព្រៃ​ឈើ​ទាំង​មូល។ ក៏ប៉ុន្តែ​យើង​ហ្នឹង គឺ​ហិនហោច​ខ្ពស់​បំផុត»។…

ដែន អយុធ្យា
http://www.rfa.org/khmer/news/environment/profile-of-mok-mareth-04232014011119.html