GW៖ កម្ពុជាជាប្រទេសដែលសកម្មជនការពារបរិស្ថាននិងដីធ្លីជាច្រើនត្រូវបានសម្លាប់
អង្គការការពារធនធានធម្មជាតិឈ្មោះ ក្លូបប៊ល វីតណែស្ស (Global Witness = GW) ចាត់ទុកកម្ពុជា ថាជាប្រទេសមួយដែលមានសកម្មជនការពារបរិស្ថាន និងដីធ្លីជាច្រើនត្រូវបានគេសម្លាប់។ ស្ថាប័នអន្តរជាតិមួយនេះ អំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានតឹងរ៉ឹង ដើម្បីបញ្ឈប់ការគំរាមកំហែងនានាទៅលើសកម្មជនការពារបរិស្ថាន និងដីធ្លី។ នៅក្នុងរបាយការណ៍សិក្សាចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤ អង្គការក្លូបប៊ល វីតណែស្ស បានផ្តល់ចំណាត់ថ្នាក់ដល់កម្ពុជា ស្ថិតក្នុងលំដាប់លេខ៩ ក្នុងចំណោមប្រទេសទាំងអស់ចំនួន៣៥ ដែលមានសកម្មជនការពារបរិស្ថាន និងដីធ្លី ត្រូវបានគេសម្លាប់។ ក្នុងចំណោមប្រទេសទាំង៣៥ នោះ ប្រទេសដែលសកម្មជនការពារបរិស្ថាន និងដីធ្លីត្រូវបានគេសម្លាប់ច្រើនជាងគេ រួមមានប្រទេសប្រេស៊ីល (Brazil) ប្រទេសហុងឌុយរ៉ាស់ (Honduras) ប្រទេសហ្វីលីពីន (Philippines) ប្រទេសប៉េរូ (Peru) និងប្រទេសកូឡុំប៊ី (Columbia)។ ចំណែកប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៩ គឺនៅពីក្រោយប្រទេសម៉ិចស៊ិក (Mexico) ហ្គាតេម៉ាឡា (Guatemala) និងប្រទេសថៃ (Thailand)។ របាយការណ៍បានឲ្យដឹងថា នៅកម្ពុជា ក្នុងរយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ ពោលគឺពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣ ចំនួនសកម្មជនការពារបរិស្ថាន និងដីធ្លីដែលត្រូវបានគេសម្លាប់មានសរុបចំនួន ១៣នាក់។…
យាង សុជាមេត្តា
http://www.rfa.org/khmer/news/human-rights/Global-Witness-report-on-killings-of-environmental-defenders-04162014091349.html