GW៖ កម្ពុជា​ជា​ប្រទេស​ដែល​សកម្មជន​ការពារ​បរិស្ថាន​និង​ដីធ្លី​ជាច្រើន​ត្រូវ​បាន​សម្លាប់

អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ឈ្មោះ ក្លូបប៊ល វីតណែស្ស (Global Witness = GW) ចាត់​ទុក​កម្ពុជា ថា​ជា​ប្រទេស​មួយ​ដែល​មាន​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី​ជាច្រើន​ត្រូវ​បាន​គេ​សម្លាប់។ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​បញ្ឈប់​ការ​គំរាម​កំហែង​នានា​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី។ នៅ​ក្នុង​របាយការណ៍​សិក្សា​ចុះ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៤ អង្គការ​ក្លូបប៊ល វីតណែស្ស បាន​ផ្តល់​ចំណាត់​ថ្នាក់​ដល់​កម្ពុជា ស្ថិត​ក្នុង​លំដាប់​លេខ​៩ ក្នុង​ចំណោម​ប្រទេស​ទាំងអស់​ចំនួន​៣៥ ដែល​មាន​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី ត្រូវ​បាន​គេ​សម្លាប់។ ក្នុង​ចំណោម​ប្រទេស​ទាំង​៣៥ នោះ ប្រទេស​ដែល​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី​ត្រូវ​បាន​គេ​សម្លាប់​ច្រើន​ជាង​គេ រួម​មាន​ប្រទេស​ប្រេស៊ីល (Brazil) ប្រទេស​ហុងឌុយរ៉ាស់ (Honduras) ប្រទេស​ហ្វីលីពីន (Philippines) ប្រទេស​ប៉េរូ (Peru) និង​ប្រទេស​កូឡុំប៊ី (Columbia)។ ចំណែក​ប្រទេស​កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​៩ គឺ​នៅ​ពី​ក្រោយ​ប្រទេស​ម៉ិចស៊ិក (Mexico) ហ្គាតេម៉ាឡា (Guatemala) និង​ប្រទេស​ថៃ (Thailand)។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៣ ចំនួន​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី​ដែល​ត្រូវ​បាន​គេ​សម្លាប់​មាន​សរុប​ចំនួន ១៣​នាក់។…

យាង សុជាមេត្តា
http://www.rfa.org/khmer/news/human-rights/Global-Witness-report-on-killings-of-environmental-defenders-04162014091349.html