វៀតណាម​និង​ចិន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ កម្ពុជា​ ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត​

ក្រុមហ៊ុន​ វៀតណាម​ និង​ក្រុមហ៊ុន​ ចិន​ ទទួល​បានការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ កម្ពុជា​ ច្រើន​ជាងគេ​ក្នុង​ចំណោម​ក្រុមហ៊ុន​បរទេស​ចំនួន​ ៨២​ ក្រុមហ៊ុន​ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ វិនិយោគ​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​នៅ​ក្នុង​ខេត្ត​ចំនួន​ ១៧​ នៅ​ កម្ពុជា​។​ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​បូក​សរុប​ការងារ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ប្រចាំឆ្នាំ​ ២០១២-២០១៣​ និង​ទិស​ដៅ​ឆ្នាំ​ ២០១៣-២០១៤​។​ ​នៅ​ក្នុង​របាយការណ៍​កម្រាស់​ ១១៥​ ទំព័រ​ ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទើបតែ​ទទួល​បាន​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​គោលការណ៍​វិនិយោគ​ជូន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​និង​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ សរុប​ចំនួន​ ១២១​ ក្រុមហ៊ុន​ លើ​ផ្ទៃដី​កិច្ចសន្យា​សរុប​ចំនួន​ ១.២៣០.៣៦៤​ ហិ​កតា​ ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​ ១៧​។​ ក្រុមហ៊ុន​ទាំង​ ១២១​ មាន​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​ ៣៩​ ក្រុមហ៊ុន​ លើ​ផ្ទៃដី​ចំនួន​ ៦០៩.៣៧៧​ ហិ​កតា​ និង​ក្រុមហ៊ុន​មក​ពី​បរទេស​សរុប​ចំនួន​ ៨២​ ក្រុមហ៊ុន​ លើ​ផ្ទៃដី​សរុប​ចំនួន​ ៦២០.៩៨៧​ ហិ​កតា​ នៅ​ក្នុង​នោះ​មាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន​ ១៣៥.៣២២​ ហិ​កតា​ ហើយ​ប្រភេទ​ដំណាំ​ដែល​បាន​ដាំ​ដុះ​រួម​មាន​ កៅស៊ូ​ ឈើ​ ដូងប្រេង​ ស្វាយចន្ទី​ ដំឡូង​មី​ និង​ចិញ្ចឹមសត្វ​។​ ​នៅ​ក្នុង​របាយការណ៍​ដដែល​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រុមហ៊ុន​មក​ពី​បរទេស​មាន​ចំនួន​ ៨២​ ក្រុមហ៊ុន​ រួម​មាន​ ប្រទេស​ វៀតណាម​ ចំនួន​ ៣៤​ ក្រុមហ៊ុន​ លើ​ផ្ទៃដី​ចំនួន​ ២៥៣.៦២៣​ ហិ​កតា​។​ ក្រុមហ៊ុន​ ចិន​ ចំនួន​ ២៥​ លើ​ផ្ទៃដី​ចំនួន​ ២០៣.៩៦០​ ហិ​កតា​។​ ប្រទេស​ កូរ៉េ​ ចំនួន​ ៧​ ក្រុមហ៊ុន​ លើ​ផ្ទៃដី​ ៣៨.៣៣៩​ ហិ​កតា​។​ ប្រទេស​ ថៃ​ ចំនួន​ ៤​ ក្រុមហ៊ុន​ លើ​ផ្ទៃដី​ ៣០.៧៧៣​ ហិ​កតា​។​ ប្រទេស​ ម៉ា​ឡេ​ស៊ី​ ចំនួន​ ៣​ ក្រុមហ៊ុន​លើ​ផ្ទៃដី​ ២៣.៩៩២​ ហិ​កតា​។​ ប្រទេស​ ឥណ្ឌា​ ចំនួន​ ៣​ ក្រុមហ៊ុន​ លើ​ផ្ទៃដី​ ១៧.៧២៧​ ហិ​កតា​។​ ប្រទេស​ សិង្ហ​បុរី​ ចំនួន​ ២​ ក្រុមហ៊ុន​លើ​ផ្ទៃ​ ដី​ ១៦.២០២​ ហិ​កតា​។​ ប្រទេស​ អូស្ត្រាលី​ ចំនួន​ ១​ ក្រុមហ៊ុន​ លើ​ផ្ទៃដី​ ៨.៩៧៧​ ហិ​កតា​។​ ប្រទេស​ អ៊ី​ស្រា​អែ​ល​ ចំនួន​ ១​ ក្រុមហ៊ុន​ លើ​ផ្ទៃដី​ ២.៤០៩​ ហិ​កតា​។​ ប្រទេស​ អា​មេ​រិ​ក​ ចំនួន​ ១​ ក្រុមហ៊ុន​ លើ​ផ្ទៃដី​សរុប​ ៩.៨២០​ ហិ​កតា​ និង​ រុ​ស្ស៊ី​ ចំនួន​ ១​ ក្រុមហ៊ុន​លើ​ផ្ទៃដី​ចំនួន​ ១៥.១៦៥​ ហិ​កតា​។​ ​នៅ​ក្នុង​របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា​៖​ «​រាជរដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​គោលការណ៍​ និង​កិច្ចសន្យា​វិនិយោគ​សរុប​ចំនួន​ ១១​ ក្រុមហ៊ុន​លើ​ផ្ទៃដី​ចំនួន​ ៨៥.៦៩៨​ ហិ​កតា​»​។​​ …

ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/111107-2014-02-25-04-03-35