កម្មវិធី​រោង​ចក្រ​​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា មិន​បង្ហាញ​ទំនាក់​ទំនង​រវាង​រោង​ចក្រ​ល្មើស​ច្បាប់​និង​ម្ចាស់​ម៉ាក

អគារ​រោង​ចក្រ​ យូអេស​អេ​ ហ្វូលី ហ្វៀល​​ហ្គាមិន​ (USA Fully Field Garment) ដែល​មាន​ទី​តាំង​ស្ថិតក្នុង​​ខណ្ឌ​មានជ័យ ​រាជ​ធានី​ភ្នំពេញ​​បច្ចុប្បន្ន​នេះ​មិន​មាន​អ្វី​នៅ​ខាង​ក្នុង​ទេ ហើយ​នៅ​ខាង​​ក្រោមមាន​សំរាមរាយ​បា៉ាយ​ និង​​ឡាំង​ពេញ​​ដោយ​ស្លាក​សម្គាល់​ម៉ាក​សម្លៀក​បំពាក់​ ដែល​ត្រូវ​បាន​ក​ម្មករ​ជិត​៤០០​នាក់​បាន​ដេរ​នៅ​​មុន​ពេល​​ម្ចាស់​រោង​ចក្រនេះ​បាន​រត់​គេច​ខ្លួន​កាល​ពី​ខែ​ធ្នូ​​ ហើយ​កម្មករ​ក៏​ឈប់​ធ្វើ​ការ​។ ស្លាក​សម្គាល់​សម្លៀក​បំពាក់​ដែល​ត្រូវ​បាន​​គេ​បោះ​ចោល​​លើ​គំនរកម្ទេចក្រណាត់​​មាន​តាំង​ពី​ស្លាក​ម៉ាកសម្លៀក​បំពាក់ Joe Fresh ជា “ផលិត​ផល​សម្លៀក​​បំពាក់​​លេខ​១​នៅ​កាណា​ដា​” ស្លាក​ម៉ាកសម្លៀក​បំពាក់​ Vero Modo ដែល​ជា​ម៉ាក​សម្លៀក​បំពាក់​អឺរ៉ុប​ និង​ស្លាក​ម៉ាក​សម្លៀក​បំពាក់ Givova ដែល​ជា​ម៉ាក​សម្លៀក​បំពាក់​កីឡា​សម្រាប់​ផ្គត់​ផ្គង់​ជា​ឯក​សណ្ឋាន​ឲ្យ​ក្រុម​កីឡា​ករ​បាល់​ទាត់​អាជីព​ជា​ច្រើន​ ព្រម​ទាំង​ក្រុមជម្រើស​ជាតិ​នៃ​ប្រទេស​ម៉ាល់ត៍​ផង​ដែរ​។ រោង​ចក្រ​ យូអេស​អេ​ ហ្វូលី ហ្វៀល​ ដែល​ជា​​កម្មសិទ្ធិ​របស់​ថៅ​កែ​ចិន​នោះ​ ត្រូវ​បានចុះ​បញ្ជី​​​ជា​រោង​ចក្រ​​មួយ​ក្នុង​ចំណោម​រោង​ចក្រ​ដប់​ដែល​អនុវត្ត​ច្បាប់​ការ​ងារ​កម្ពុជា​បាន​តិច​បំផុត​ នៅ​ក្នុង​សំណុំ​ទិន្នន័យ​តម្លាភាព​ដែល​កម្មវិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា ​(BFC) របស់​អង្គការ​ពល​កម្ម​អន្តរជាតិ​ (ILO)។ សំណុំ​ទិន្នន័យ​ដែល​ត្រូវ​បាន​​បង្ហាញ​កាល​ពី​ខែ​មុន​ និង​គ្រោង​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ពេញ​មួយ​ឆ្នាំ​នេះ​ បាន​បង្ហាញ​ករណី​រំលោភ​ច្បាប់​ការ​ងារ​ជា​ច្រើន​ នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ទាក់​ទង​នឹង​សុវត្ថិ​ភាព​ការ​ងារ​ ប្រាក់​ខែ​កម្មករ​ និង​ការ​បញ្ឈប់​ពី​ការ​ងារ​ដោយ​មិន​ត្រឹម​ត្រូវ​។​ …

Simon Henderson និង ឃី សុវុទ្ធី
http://www.cambodiadailykhmer.com/news/12876/