ព្រះសង្ឃនិងអ្នកភូមិតវ៉ាចំពោះការរំលោភយកដីវត្តទៅសាងសង់លំនៅដ្ឋានសម្រាប់លក់
ព្រះសង្ឃនិងអ្នកភូមិប្រហែល៤០០អង្គ-នាក់បានធ្វើការតវ៉ាកាលពីម្សិលមិញនៅខាងក្រៅវត្តកោះពោធិវង្ស ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញចំពោះអ្វីដែលព្រះសង្ឃនិងអ្នកភូមិលើកឡើងថា ក្រុមហ៊ុនអចលនទ្រព្យមួយបានរំលោភយកដីវត្ត រួមទាំងកោះមួយដែលព្រះសង្ឃចាត់ទុកជាកន្លែងស័ក្តិសិទ្ធិ។ អំឡុងការតវ៉ា យុវជនជាច្រើននាក់បានប្រើញញួរធំៗវាយកម្ទេចរបងមួយផ្នែករបស់ក្រុមហ៊ុនសាងសង់លំនៅដ្ឋានសម្រាប់លក់ដ៏ធំមួយ មុនពេលបាញ់ថ្នាំកំណត់ព្រំប្រទល់ដីវត្ត។ ព្រះតេជគុណ ពឿយ មេត្តា ជាព្រះគ្រូចៅអធិការបានមានសង្ឃដីកាថា “ប្រសិនបើយើងមិនចាត់វិធានការទេនោះ យើងនឹងបាត់បង់ដីនេះមិនខាន ពីព្រោះក្រុមហ៊ុនបានបន្តសាងសង់ បើទោះជាដឹងថា ដីនេះមានវិវាទជាមួយវត្តក៏ដោយ”។ ព្រះតេជគុណ ពឿយ មេត្តា បានមានសង្ឃដីកាថា ដីទំហំ៥.១០០ម៉ែត្រក្រឡាដែលមានវិវាទនេះ ត្រូវបានកាត់ចេញពីវត្តកាលពីឆ្នាំ២០១៣ ដោយអាជ្ញាធរមូលដ្ឋានដែលបានលើកឡើងថា នឹងសាងសង់អាងស្តុកទឹកដោយការពង្រីកបឹងតូចដែលមានស្រាប់។ ផ្ទុយទៅវិញ បឹងនេះត្រូវបានចាក់ដីលុប ហើយ បុរី ប៉េង ហួត បានចាប់ផ្តើមសាងសង់នៅកន្លែងនេះ។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/15875/