បណ្ដាសហជីពដែលគាំទ្ររដ្ឋាភិបាលអំពាវនាវឲ្យមានការចាត់វិធានការប្រឆាំងនឹងកូដកម្ម
បណ្ដាសហជីពដែលគាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ អំពាវនាវឲ្យរដ្ឋាភិបាល “ចាត់វិធានការ” ប្រឆាំងមេដឹកនាំសហជីព ដែលពួកគេចោទ ប្រកាន់ថា បានញុះញង់កម្មករឲ្យធ្វើកូដកម្ម និងបាតុកម្មហិង្សា។ សហជីពគាំទ្រគណបក្សកាន់អំណាចទាំងនេះបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “យើងសូមស្នើឲ្យលោក អិុត សំហេង [រដ្ឋមន្ត្រីក្រសួងការងារមកពីគណបក្សប្រជាជនកម្ពុជា] ចាត់វិធានការប្រឆាំងមេដឹកនាំសហជីពមួយចំនួននិងសកម្មភាពរបស់ពួកគេដែលបានញុះញង់កម្មករនិងគំរាមកំហែងប្រើអំពើហិង្សាលើជនស្លូតត្រង់អំឡុងកូដកម្ម និងបាតុកម្ម”។ សេចក្ដីថ្លែងការណ៍ដែលចុះហត្ថលេខាដោយលោក សោម អូន លោក ឈុំ សុជាតិ និងលោក ជួន មុំថុល ប្រធានសហព័ន្ធសហជីព ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនេះ មានខ្លឹមសារដូច្នេះថា “ក្រសួងគួរតែចាប់ខ្លួនអ្នកទាំងនោះយកទៅផ្ដន្ទាទោសតាមច្បាប់”។ សហជីពទាំងនេះបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីដើមខែនេះចំពេលកំពុងមានកូដកម្មទូទាំងប្រទេសទាមទារដំឡើងប្រាក់ខែគោល ដើម្បីអបអរសាទររាជរដ្ឋាភិបាលចំពោះការខំប្រឹងប្រែងរបស់ខ្លួននៅក្នុងការដំឡើងប្រាក់ខែគោលពី៨០ដុល្លារដល់៩៥ដុល្លារ ដែលនៅតិចជាងឆ្ងាយណាស់ បើប្រៀបធៀបទៅនឹងប្រាក់ខែគោលចំនួន១៦០ដុល្លារ ដែលទាមទារដោយសហជីពកម្មករកាត់ដេរចំនួនប្រាំមួយដែលមិនគាំទ្ររដ្ឋាភិបាល។ …