សាលារៀនមួយមានតែគ្រូម្នាក់ហើយត្រូវបង្រៀនសិស្ស៦ថ្នាក់
សិស្សសាលាចំនួន ១២៤ នាក់កំពុងតែប្រឈមនឹងភាពអវិជ្ជានៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ ដោយសារមានតែគ្រូបង្រៀនម្នាក់ក្នុងសាលា ដែលត្រូវបង្រៀនសិស្សរហូតដល់ទៅ ៦ ថ្នាក់ចូលគ្នា។ សំរោងលើ ជាភូមិដាច់ស្រយាលមួយស្ថិតក្នុង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ភាគអាគ្នេយ៍នៃ ខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋចំនួន ១៥០ គ្រួសារកំពុងរស់នៅ ដោយធ្វើស្រែចម្ការ និងដុតធ្យូងលក់។ នៅក្នុងភូមិនេះ មានសាលាបឋមសិក្សាមួយឈ្មោះ សំរោងលើ មានថ្នាក់រៀនចំនួន ៦ បន្ទប់។ សាលានេះ ត្រូវបានសាងសង់ឡើងកាលពី ឆ្នាំ២០០៣ ក្រោមការឧបត្ថម្ភធ្វើខ្លោងទ្វារ និងរបងរបស់អង្គការទស្សនពិភពលោកនិងសហគមន៍មូលដ្ឋាន។ កាលពីសប្តាហ៍មុន ភ្នំពេញ ប៉ុស្តិ៍ បានចុះទៅដល់ទីនោះ ហើយបានឃើញប្រជាពលរដ្ឋមួយក្រុម ដែលក្នុងនោះ ក៏មានអាជ្ញាធរមូលដ្ឋានផង កំពុងតែជជែកគនៅហ្នឹងតូបលក់អីវ៉ាន់មួយ ពីរឿងដែលកូនចៅរបស់គាត់មិនចេះអានអក្សរ ដោយសារបានរៀនតិច ហើយឈប់ច្រើន។ ពួកគាត់និយាយថា ក្នុងមួយខែកូនចៅពួកគាត់បានរៀនយ៉ាងច្រើនណាស់មួយសប្តាហ៍ប៉ុណ្ណោះ ដោយសារមានគ្រូបង្រៀនតែម្នាក់ ហើយគ្រូនោះ គាត់មានតួនាទីជានាយកសាលាផងដែរ។ មន្ត្រីអាជ្ញាធរមូលដ្ឋានម្នាក់អាយុ ៤៦ឆ្នាំ ដែលសុំមិនប្រាប់ឈ្មោះ បាននិយាយថា សាលារៀននោះមានថ្នាក់រៀនចាប់ពីទីមួយដល់ ទី៦ ប៉ុន្តែមានគ្រូបង្រៀនតែម្នាក់គត់ឈ្មោះ សាវឿន ឌីម៉ង់ មកពីទីរួម ខេត្តបាត់ដំបង ជាអ្នកខំតស៊ូបង្រៀន។ …
ផាក់ ស៊ាងលី
http://bit.ly/1ieeI33