រដ្ឋាភិបាលនឹងពិនិត្យប្រវត្តិជាប់ទោសរបស់មេសហជីពមុនអនុញ្ញាតឲ្យបង្កើតសាខាថ្មី
យោងតាមសេចក្ដីប្រកាសមួយរបស់ក្រសួងការងារបានឲ្យដឹងថា ពេលនេះរដ្ឋាភិបាលតម្រូវឲ្យបណ្ដាមេដឹកនាំសហជីពបញ្ជាក់ថា ពួកគេគ្មានប្រវត្តិជាប់ទោស មុនពេលចុះបញ្ជីសាខាថ្មីៗនៃសហជីពរបស់ខ្លួន ជាសេចក្ដីសម្រេចមួយដែលកើតមានឡើងមិនដល់មួយសប្ដាហ៍ផងទេមុនគម្រោងកូដកម្មទូទាំងប្រទេសនៅក្នុងវិស័យកាត់ដេរ។ សេចក្ដីប្រកាសនេះបញ្ជាក់ថា បណ្ដាមេដឹកនាំសហជីពត្រូវតែដាក់ជូនលិខិតមួយច្បាប់ចេញពីក្រសួងយុត្តិធម៌ ដែលបញ្ជាក់ថា ពួកគេមិនធ្លាប់ជាប់ទោសពីមុនមក មុនពេលពួកគេអាចចុះបញ្ជីបង្កើតសហជីពថ្មីមួយបាន នេះបើតាមប្រសាសន៍របស់លោកស្រី ជីល ថាក់ឃើ (Jill Tucker) ជាទីប្រឹក្សាបច្ចេកទេសមួយរូបនៅអង្គការពលកម្មអន្តរជាតិ ILO ដែលបានលើកឡើងថា លោកស្រីបានមើលសេចក្ដីប្រកាសនេះ។ កាលពីសប្ដាហ៍មុនអ្នកនាំពាក្យក្រសួងការងារបានលើកឡើងថា សិទ្ធិបង្កើតសហជីពដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញត្រូវបានព្យួររហូតទាល់តែច្បាប់សហជីពកម្មករ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ចូលជាធរមាន។ អ្នកនាំពាក្យរូបនោះបានដកសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញវិញនៅថ្ងៃបន្ទាប់ដោយគ្មានការពន្យល់បកស្រាយ។ លោក ជា មុនី ប្រធានសហជីពសេរីកម្មករដែលគាំទ្រគណបក្សប្រឆាំងបានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់លោកដើម្បីចុះបញ្ជីសាខាថ្មីៗនៃសហជីពរបស់លោកនៅសប្ដាហ៍នេះ ត្រូវបានរដ្ឋាភិបាលច្រានចោលជាថ្មីម្ដងទៀត ដោយពេលនេះមន្ត្រីក្រសួងការងារទាមទារឲ្យមានភ័ស្ដុតាងបញ្ជាក់ពីប្រវត្តិគ្មានទោសឧក្រិដ្ឋ។ …
ឃី សុវុទ្ធី និង Colin Meyn
http://www.cambodiadailykhmer.com/latest/11625/