សហជីព​ចង់​ឲ្យ​រដ្ឋាភិបាល​ ​និង​រោងចក្រ​កាត់ដេរ​ ​ត្រឡប់​ទៅ​រក​តុ​ចរចា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​វិញ​

សហជីព​ដែល​នៅ​ពីក្រោយ​កូដកម្ម​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដែល​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ខែ​នេះ​ ​បាន​ឲ្យ​ដឹង​ថា​ ​ខ្លួន​នឹង​ស្នើ​ជា​ផ្លូវការ​នៅ​ក្នុងថ្ងៃនេះ​ឲ្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ត​ការ​ចរចា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​មួយ​សម្រាប់​វិស័យ​កាត់ដេរ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​បាន​លើក​ឡើង​ថា​ ​ខ្លួន​នឹង​ធ្វើការ​តវ៉ា​ទៀត​ ​ប្រសិនបើ​សំណើ​របស់​ខ្លួន​ត្រូវ​បាន​ច្រានចោល​។​ ​សហជីព​ចំនួន​ប្រាំមួយ​បាន​ដឹកនាំ​កូដកម្ម​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ​ដល់​១៦០​ដុល្លារ​ ​ហើយ​នៅ​ពេល​នោះ​ ​កម្លាំង​កងរាជអាវុធហត្ថ​បាន​បាញ់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​នៅ​ខាងក្រៅ​រោងចក្រ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣​ខែមករា​ ​ជា​ហេតុ​បណ្តាល​ឲ្យ​មនុស្ស​ប្រាំ​នាក់​ស្លាប់​ ​និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួស​។​ ​បើ​ទោះជា​ចាប់តាំងពី​ពេល​នោះ​ ​កម្មករ​ភាគច្រើន​បាន​វិល​ត្រឡប់​ចូល​ធ្វើការ​វិញ​ហើយ​ ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​យល់ព្រម​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី​៨០​ដុល្លារ​ ​ដល់​១០០​ដុល្លារ​ក្នុង​មួយ​ខែ​ក៏​ដោយ​ ​ក៏​សហជីព​ទាំងនេះ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា​ ​ពួក​គេ​នៅ​តែ​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ដដែល​។​​ …

អូន​ ភាព
http://www.cambodiadailykhmer.com/news/9300/