សិក្ខាសាលាឆ្លុះបញ្ចាំងបុគ្គលិកអូឌីស៊ីប្រចាំឆ្នាំ២០២២
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងបុគ្គលិកប្រចាំឆ្នាំ២០២២ ជាថ្មីម្តងទៀតនៅខេត្តព្រះសីហនុចាប់ពី ថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២។ អ្វីដែលគួរឱ្យពិសេសនោះ គឺពិធីបុណ្យសមុទ្រលើកទី ៩ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” ត្រូវបានប្រារព្ធនៅថ្ងៃជាមួយគ្នាផងដែរ។ ពិធីបុណ្យនេះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានមកទស្សនា។
អូឌីស៊ី តែងតែគិតគូដល់សុខុមាលភាពបុគ្គលិករបស់ខ្លួនជាធំ ដែលជាហេតុផលចម្បងមួយធ្វើឱ្យលទ្ធផលក្រុមការងារអូឌីស៊ីតែងតែមានភាពលេចធ្លោ។ នេះជាលើកទីមួយហើយដែលពួកយើងបានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលចំណាយពេលត្រឹមតែបីម៉ោងប៉ុណ្ណោះដើម្បីទៅដល់ទីរួមខេត្តព្រះសីហនុ។
នៅថ្ងៃទីមួយនៃដំណើរកំសាន្តនេះ ក្រុមការងារបានចូលរួមសកម្មភាពកសាងក្រុមជាច្រើន ដើម្បីពង្រឹងស្មារតី និងសាមគ្គីភាពនៅក្នុងក្រុម។ ក្រុមការងារបានចូលរួមយ៉ាងសកម្ម និងដោយរីករាយក្នុងសកម្មភាពទាំងនោះ។ នៅថ្ងៃបន្ទាប់ ពួកយើងបានទៅលេងកន្លែងជាច្រើនក្នុងខេត្តព្រះសីហនុ ហើយបានរៀបចំល្បែងផ្លាស់ប្តូរកាដូរគ្នាទៅវិញទៅមក។ ពួកយើងមានភាពសប្បាយរីករាយក្នុងកម្មវិធីនេះ ហើយពួកយើងទាំងអស់គ្នាពេញចិត្តនឹងកាដូរដែលទទួលបានពីសមាជិកផ្សេងទៀត។ នៅថ្ងៃចុងក្រោយ ពួកយើងបានទទួលទានអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ជាមួយនឹងទិដ្ឋភាពមាត់សមុទ្រដ៏ស្រស់ស្អាត ហើយអ្នកគ្រប់គ្នាមានភាពរីករាយពីការទទួលទានអាហារពេលព្រឹក និងថតរូបអនុស្សាវរីយ៍ជាច្រើន។ ពួកយើងក៏បានទៅកោះមួយ ដើម្បីគយគន់ទេសភាពនៅទីនោះផងដែរ។ មុនពេលត្រឡប់មកទីក្រុងភ្នំពេញវិញ ពួកយើងបានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នានៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ដើម្បីមើលទេសភាពធម្មជាតិ និងអាហារដ៏សម្បូរបែប។
ខេត្តព្រះសីហនុ គឺជាកន្លែងមួយដែលក្រុមការងារអូឌីសុីធ្លាប់បានទៅជាញឹកញាប់ ប៉ុន្តែភាគច្រើនគឺសម្រាប់ការបំពេញការងារផ្សេងៗ។ ការធ្វើដំណើរកំសាន្តរយៈពេលបីថ្ងៃនេះអាចជាមានរយៈពេលខ្លី ប៉ុន្តែវាបានជួយពួកយើងអោយសម្រាកលំហែ និងបង្កើនការងារជាក្រុមអោយកាន់តែរឹងមាំ ហើយពួកយើងបានរៀនសូត្រស្វែងយល់អំពីចំណីអាហារក្នុងតំបន់ ទីកន្លែង និងជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងខេត្តផងដែរ។ ពួកយើងក៏បានថតរូបអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា។ “ពេលវេលាដើរទៅមុខ ប៉ុន្តែការចងចាំនឹងនៅតែមានជារៀងរហូត”។