អូ​ឌី​ស៊ី​ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅកម្ពុជាដែល​បាន​ចូលរួម​វេទិកា​ទី​ក្រុងប៉ារីស​ស្តី​ពី​សន្តិភាព​ ឆ្នាំ​២០១៩

​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​វេទិកា​ទី​ក្រុងប៉ារីស​ស្តី​ពី​សន្តិភាព​ ឆ្នាំ​២០១៩​ នៅ​ថ្ងៃ​ទី​ ១២-១៣​ ខែវិច្ឆិកា​។​

​លោក​ ធី​ ទ្រី នៅ​មុខសាល La Grande halle de La Villette កន្លែងប្រារព្ធវេទិកា​ទី​ក្រុងប៉ារីស​ស្តី​ពី​សន្តិភាព។

​វេទិកា​ទី​ក្រុងប៉ារីស​ស្តី​ពី​សន្តិភាព​ គឺជា​កិច្ចប្រជុំ​អន្តរជាតិ​ប្រចាំឆ្នាំ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​ក្រុងប៉ារីស​ សម្រាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​វិស័យ​អភិបាលកិច្ច​ពិភពលោក​ ដែល​ផ្តួចផ្តើម​ដោយ​លោក​ អេ​ម៉ា​នុយ​អែ​ល​ ម៉ា​ក្រុង​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​។​ វេទិកា​លើក​ដំបូង​ត្រូវ​បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​ឆ្នាំ​២០១៨​។​

រូបភាព ថតដោយ Jonathan SARAGO / MEAE ថតនៅថ្ងៃ ១២ វិច្ឆិកា ២០១៩។ អាជ្ញាប័ណ្ណ CC BY-NC-SA 2.0

គោលបំណង​របស់​វេទិកា​ទី​ក្រុងប៉ារីស​ស្តី​ពី​សន្តិភាព​ គឺ​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ពិភពលោក​ ដែល​ជា​លក្ខខណ្ឌ​មួយ​សម្រាប់​សន្តិភាព​នៅ​ក្នុង​បរិស្ថាន​អន្តរជាតិ​ដែល​កំពុង​តែ​យ៉ាប់យ៉ឺន​។​ វេទិកា​នេះ​លើកយក​ប្រធានបទ​សំខាន់ៗចំនួន​ ៦​ រួម​មាន​សន្តិភាព​ និង​សន្តិសុខ​ ការ​អភិវឌ្ឍ​ បរិស្ថាន​ បច្ចេកវិទ្យា​ថ្មីៗ​ សេដ្ឋកិច្ច​ វប្បធម៌​ និង​ការ​អប់រំ​។

​វេទិកា​ទី​ក្រុងប៉ារីស​ស្តី​ពី​សន្តិភាព​ជំរុញ​បណ្តាញ​ពហុភាគី​ និង​សម្ព័ន្ធភាព​តាម​រយៈ​ការ​ប្រមូលផ្តុំ​អ្នក​ពាក់ព័ន្ធ​ដែល​មាន​ចំណាប់អារម្មណ៍​លើ​អភិបាលកិច្ច​ពិភពលោក​ ដែល​រួម​មាន​ប្រមុខរដ្ឋ​ អង្គការ​អន្តរជាតិ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ក្រុមហ៊ុន​ មូលនិធិ​ អង្គការ​សប្បុរសធម៌​ ភ្នាក់ងារ​អភិវឌ្ឍន៍​ ក្រុម​សាសនា​ ក្រុម​សហជីព​ ក្រុមប្រឹក្សា​យោបល់​ ក្រុម​និស្សិត​សាកលវិទ្យាល័យ​ និង​តំណាង​សង្គម​ស៊ី​វិល​។​ វេទិកា​នេះផ្តល់​ជូន​នូវ​ឱកាស​ដើម្បី​ធ្វើការ​ជជែក​ពិភាក្សា​ជាមួយ​បុគ្គល​ជាន់ខ្ពស់​នៅ​កម្រិត​ពិភពលោក​ ដើម្បី​រក​ដំណោះស្រាយ​ថ្មី​តាម​រយៈ​គម្រោង​ដែល​បាន​បង្ហាញ​ និង​ដើម្បី​លើកទឹកចិត្ត​ដល់​ការ​បង្កើត​ថ្មី​​តាម​រយៈ​កម្ម​វិធី​​ហេ​ក​កា​ថុ​ន​។​

រូបភាព ថតដោយ Jonathan SARAGO / MEAE ថតនៅថ្ងៃ ១២ វិច្ឆិកា ២០១៩។ អាជ្ញាប័ណ្ណ CC BY-NC-SA 2.0

​វេទិកា​ទី​ក្រុងប៉ារីស​ស្តី​ពី​សន្តិភាព​លើក​ដំបូង​ប្រព្រឹត្ត​ឡើង​នៅ​ឆ្នាំ​២០១៨​ ដោយ​មានការ​ចូលរួម​ពី​ប្រមុខរដ្ឋ​ មន្ត្រី​រដ្ឋាភិបាល​ និង​តំណាង​អង្គការ​ចំនួន​ ៧៥​។​ ក្រុម​គម្រោង​ចំនួន​ ១២១​ បាន​បង្ហាញ​អំពី​ដំណោះស្រាយ​ដែលពួក​គេ​បាន​ស្នើ​​​។​ វេទិកា​នេះ​ក៏​មានការ​ចូលរួម​ពី​វាគ្មិន​ និង​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ជាង​ ៣០០​ នាក់​ និង​អ្នកចូលរួម​ជាង​ ៦០០០​ នាក់​។​

​នៅ​ក្នុង​វេទិកា​លើក​ទី​ ២​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ១២-១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ គម្រោង​ជាង​ ១០០​ ត្រូវ​បាន​បង្ហាញ​។​ វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផ្តោត​លើ​គម្រោង​គាំទ្រ​ដល់​ដំណោះស្រាយ​បទដ្ឋាន​ ឬ​ការ​កសាង​សមត្ថភាព​។​

រូបភាព ថតដោយ Jonathan SARAGO / MEAE ថតនៅថ្ងៃ ១២ វិច្ឆិកា ២០១៩។ អាជ្ញាប័ណ្ណ CC BY-NC-SA 2.0

លោក​ ទ្រី​ យល់​ឃើញ​ថា​ វេទិកា​នេះ​ពិតជា​ឱកាស​មួយ​ដ៏​សំខាន់​។​ ជាបឋម​ វេទិកា​នេះ​បាន​ប្រមូលផ្តុំ​អ្នកចូលរួម​ និង​អ្នកជំនាញ​ជាន់ខ្ពស់​ជា​ច្រើន​មក​ពី​ជុំវិញ​ពិភពលោក​។​ នេះ​គឺជា​ឱកាស​សម្រាប់​អូ​ឌី​ស៊ី​ដើម្បី​ធ្វើ​ឱ្យ​គេ​ស្គាល់​កាន់តែ​ច្រើន​ និង​ពង្រីក​បណ្តាញ​របស់​ខ្លួន​។​

ទី​ពីរ​ លោក​បាន​រៀនចំណេះ​ដឹង​ និង​ជំនាញ​ថ្មីៗ​ពី​គម្រោង​ដែល​បាន​ដាក់​បង្ហាញ​ និង​តាមដាន​ការ​ពិភាក្សា​នៅ​ក្នុង​វេទិកា​។​ គម្រោង​ទាំងនេះ​ គឺជា​មធ្យោបាយ​ដ៏​ល្អ​ដើម្បី​រៀន​អំពី​និន្នាការ​ និង​គំនិត​ផ្តួចផ្តើម​ថ្មីៗ​នៅ​ក្នុង​វិស័យ​ដែល​គ្របដណ្តប់​ដោយ​វេទិកា​នេះ​។​ គម្រោង​ទាំងនេះ​បាន​បំផុសគំនិត​ និង​បើកទ្វារ​សម្រាប់​ភាព​ជា​ដៃគូ​ជាមួយ​អ្នកដឹកនាំ​គម្រោង​ជា​ច្រើន​ ដើម្បី​ត្រៀម​សម្រាប់​ការ​ណែនាំ​ពី​គំនិត​ផ្តួចផ្តើម​ស្រ​ដៀង​គ្នា​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​

វាគ្មិន​នៅ​ក្នុង​វេទិកា​នេះ​ក៏​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​អក្ខរកម្ម​ទិន្នន័យ​ ទិន្នន័យ​បើក​ទូលាយ​ គម្រោង​ប្រមូល​ទិន្នន័យ​ និង​គម្រោង​គ្រប់គ្រង​ទិន្នន័យ​នៅ​ក្នុង​ការ​អភិវឌ្ឍ​បច្ចុប្បន្ន​ និង​អនាគត​។​ ពួក​គេ​កំពុង​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​សម្រាប់​វិស័យ​ទាំងនេះ​ផង​ដែរ​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប៉ា​រី​ស​ លោក​ ទ្រី​ បាន​ជួប​ជាមួយ​អតីត​និស្សិត​ហាត់​ការងារ​នៅ​អូ​ឌី​ស៊ី​មក​ពី​ប្រទេស​សិង្ហ​បុរី​ និង​បារាំង​ដែល​បច្ចុប្បន្ន​កំពុងធ្វើការ​ និង​សិក្សា​នៅ​ប្រទេស​បារាំង​។​ អ្នក​ហាត់​ការងារ​មាន​សេចក្តី​រីករាយ​នៅ​ពេល​បានលឺ​អំពី​គម្រោង​អភិវឌ្ឍន៍​របស់​អូ​ឌី​ស៊ី​នា​ពេល​បច្ចុប្បន្ន​ ដើម្បី​ជំរុញ​ចលនា​ទិន្នន័យ​បើក​ទូលាយ​នៅ​កម្ពុជា​។​ ពួក​គេ​ក៏​បាន​ជម្រាប​លោក​ថា​ ពួក​គេ​បាន​ចែករំលែក​បទ​ពិសោធន៍​របស់​ពួក​គេ​ក្នុងអំឡុងពេល​ហាត់​ការងារ​នៅ​អូ​ឌី​ស៊ី​ជាមួយ​មិត្ត​រួមការ​ងារ​ និង​មិត្តភក្តិ​នៅ​កន្លែងធ្វើការ​ និង​សាកលវិទ្យាល័យ​របស់​ពួក​គេ​។​ វា​ពិតជា​ការ​ជួប​ដ៏​អស្ចារ្យ​ជាមួយ​ពួក​គេ​!

លោក ធី ទ្រី ថតរូបជាមួយអតីត​និស្សិត​ហាត់​ការងារ​នៅ​អូ​ឌី​ស៊ី​មក​ពី​ប្រទេស​សិង្ហ​បុរី​ និង​បារាំង។

អូ​ឌី​ស៊ី​សង្ឃឹមថា​ អ្នក​រៀបចំ​វេទិកា​ឆ្នាំ​២០២០​ នឹង​ជ្រើសរើស​តំណាង​របស់​អូ​ឌី​ស៊ី​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ​ដើម្បី​ចែករំលែក​មេរៀន​សំខាន់ៗ​ និង​បទ​ពិសោធន៍​ពី​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​