ការបណ្តុះបណ្តាលលើ Google Analytics សម្រាប់ក្រុមការងារអូឌីស៊ី
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ Internews ក្រោមគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)។ ដើម្បីពង្រឹងសមត្ថភាពក្រុមការងារអូឌីស៊ីក្នុងការវាយតម្លៃលើវេបសាយរបស់អូឌីស៊ី អង្គការ Internews បានសម្របសម្រួលការបណ្តុះបណ្តាលមួយនៅលើ Google Analytics សម្រាប់ក្រុមការងារអូឌីស៊ីចំនួន ៦ នាក់ និងអ្នកសង្កេតការណ៍អង្គការសង្គមស៊ីវិលម្នាក់។
ការបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងក្នុងខែឧសភា និងបង្រៀនដោយលោកគ្រូដែលជាអ្នកជំនាញផ្នែកទីផ្សារឌីជីថលដែលទទួលស្គាល់ដោយហ្គូហ្គោល ដោយផ្តោតលើការឈ្វេងយល់ពីឥរិយាបថរបស់អ្នកប្រើប្រាស់វេបសាយអូឌីស៊ី។
ការសិក្សាឈ្វេងយល់នេះត្រូវបានធ្វើឡើងតាមរយៈការត្រួតពិនិត្យការប្រើប្រាស់វេបសាយអូឌីស៊ីក្នុងពេលវេលាខុសៗគ្នា ក៏ដូចជាពីទស្សនៈរបស់អ្នកពាក់ព័ន្ធផ្សេងៗគ្នា ដូចជាក្រុមការងារអូឌីស៊ី មន្ត្រីកម្មវិធី ម្ចាស់ជំនួយ អ្នកប្រើប្រាស់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ ការបណ្តុះបណ្តាលបានកំណត់ថា តើការវាស់វែងមួយណា ដូចជាអត្រានៃការចាកចេញពីទំព័រ ចំនួនអ្នកប្រើប្រាស់ និងការវិលត្រឡប់មកវិញ ដែលអាចត្រូវបានកំណត់ជាសូចនាករជាក់លាក់ ដើម្បីវាយតម្លៃអំពីទំនាក់ទំនងនៅក្នុងវេបសាយ និងបញ្ជាក់ពីអាកប្បកិរិយារបស់អ្នកប្រើប្រាស់។
ការបណ្តុះបណ្តាលនេះក៏បានពិភាក្សាអំពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់វេបសាយ និងឱកាសទូលំទូលាយដើម្បីបង្កើនចរាចរក្នុងវេបសាយ និងការចូលរួមរបស់អ្នកប្រើប្រាស់ ជាមួយសំណួរជាច្រើនពីក្រុមការងារអូឌីស៊ី។ អូឌីស៊ីនឹងអនុវត្តចំណេះដឹងនេះសម្រាប់ការវាយតម្លៃវេបសាយនាពេលអនាគត និងរបាយការណ៍កម្មវិធី ហើយនឹងបន្តការបណ្តុះបណ្តាលកម្រិតខ្ពស់បន្ថែមទៀតលើវិស័យនេះនៅឆ្នាំ ២០២២ ជាមួយអង្គការ Internews។