ការ​បណ្តុះបណ្តាល​លើ​ Google​ Analytics​ សម្រាប់​ក្រុមការងារ​អូ​ឌី​ស៊ី​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (អូ​ឌី​ស៊ី​)​ បាន​និង​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ Internews​ ក្រោម​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា (ISAC)​។​ ដើម្បី​ពង្រឹងសមត្ថភាពក្រុមការងារ​អូ​ឌី​ស៊ី​​ក្នុង​ការ​វាយ​តម្លៃ​​លើ​​វេ​ប​សាយ​របស់​អូ​ឌី​ស៊ី​ អង្គការ​ Internews ​បាន​សម្របសម្រួល​​ការ​បណ្តុះបណ្តាល​មួយ​នៅ​លើ​ Google​ Analytics​ សម្រាប់​ក្រុមការងារ​អូ​ឌី​ស៊ី​ចំនួន​ ៦​ នាក់​ និង​អ្នក​សង្កេតការណ៍​អង្គការ​សង្គម​ស៊ី​វិល​ម្នាក់​។​

​ការ​បណ្តុះបណ្តាល​នេះ​​ត្រូវ​​បានធ្វើ​ឡើង​ក្នុង​ខែឧសភា ​និង​បង្រៀន​ដោយ​លោកគ្រូ​ដែល​ជា​អ្នកជំនាញ​ផ្នែក​ទីផ្សារ​ឌី​ជី​ថ​ល​ដែល​ទទួលស្គាល់​ដោយ​ហ្គូ​ហ្គោ​ល​​ ដោយ​ផ្តោត​លើ​ការ​ឈ្វេងយល់​ពី​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់​វេ​ប​សាយ​អូ​ឌី​ស៊ី​។​

​ការ​សិក្សា​ឈ្វេងយល់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ត្រួតពិនិត្យ​ការ​ប្រើប្រាស់​វេ​ប​សាយ​អូ​ឌី​ស៊ីក្នុង​ពេលវេលា​ខុសៗ​គ្នា​ ក៏​ដូច​ជា​ពី​ទស្សនៈ​របស់​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​គ្នា​ ដូច​ជា​ក្រុមការងារ​អូ​ឌី​ស៊ី​ មន្ត្រី​កម្មវិធី​ ម្ចាស់​ជំនួយ​ អ្នក​ប្រើប្រាស់​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​ ការ​បណ្តុះបណ្តាល​បាន​កំណត់​ថា​ តើ​ការ​វាស់វែង​មួយ​ណា​ ដូច​ជា​អត្រា​នៃ​ការ​ចាក​​ចេញ​​ពី​ទំព័រ​​​ ចំនួន​អ្នក​ប្រើប្រាស់​​ និង​ការ​វិល​ត្រឡប់​មក​វិញ​​ ដែល​អាច​ត្រូវ​បាន​កំណត់​​ជា​​សូចនាករ​ជាក់លាក់​ ដើម្បី​វាយតម្លៃ​អំពី​ទំនាក់ទំនង​នៅ​ក្នុង​វេ​ប​សាយ​ និង​បញ្ជាក់​ពី​អាកប្បកិរិយា​របស់​អ្នក​ប្រើប្រាស់​។​

​ការ​បណ្តុះបណ្តាល​នេះ​ក៏​បាន​ពិភាក្សា​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រើប្រាស់​វេ​ប​សាយ​ និង​ឱកាស​ទូលំទូលាយ​ដើម្បី​បង្កើន​ចរាចរ​ក្នុង​វេ​ប​សាយ​ និង​ការ​ចូលរួម​របស់​អ្នក​ប្រើប្រាស់​ ជាមួយ​សំណួរ​ជា​ច្រើន​ពី​ក្រុមការងារ​អូ​ឌី​ស៊ី​។​ អូ​ឌី​ស៊ី​នឹង​អនុវត្ត​ចំណេះដឹង​នេះ​សម្រាប់​ការ​វាយតម្លៃ​វេ​ប​សាយ​នា​ពេល​អនាគត​ និង​របាយការណ៍​កម្មវិធី​ ហើយនឹង​បន្ត​ការ​បណ្តុះបណ្តាល​កម្រិត​ខ្ពស់​បន្ថែម​ទៀត​លើ​វិស័យ​នេះ​នៅ​ឆ្នាំ​ ២០២២​ ជាមួយ​​អង្គការ Internews​។​