ក្រាហ្វិកព័ត៌មានថវិកាត្រូវបានដាក់បង្ហាញក្នុងកម្មវិធីទូរស័ព្ទដៃរបស់អង្គការដៃគូគម្រោង ISAC
ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានររចនាក្រាហ្វិកព័ត៌មានអំពីថវិការបស់រដ្ឋបាលសង្កាត់ក្នុងក្រុងគោលដៅនៃគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) រួមមានក្រុងតាខ្មៅ ក្រុងកំពត ក្រុងសៀមរាប ក្រុងកំពង់ឆ្នាំង ក្រុងបាត់ដំបង ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ អូឌីស៊ីបានសហការជាមួយដៃគូអនុវត្តគម្រោង ISAC គឺអង្គការអមរាបណ្តាញការងារស្ត្រីខ្មែរ ដើម្បីអភិវឌ្ឍន៍ (អមរា) ដើម្បីចែករំលែកព័ត៌មានគណនេយ្យភាពសង្គមតាមរយៈកម្មវិធីទូរស័ព្ទដៃ និងវិបផតថលពន្លឺសេវាមូលដ្ឋាន។ កម្មវិធីទូរស័ព្ទដៃ និងវិបផតថលនេះមានគោលបំណងធ្វើឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) ដើម្បីបង្កើនចំណេះដឹងរបស់ប្រជាពលរដ្ឋអំពីសិទ្ធិ និងសំឡេងរបស់ពួកគេ ដើម្បីទាមទារការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើងនៅក្នុងសាលាបឋមសិក្សា មណ្ឌលសុខភាព និងរដ្ឋបាលសង្កាត់ទាំងអស់នៅក្នុងក្រុងបាត់ដំបង លើកកម្ពស់តម្លាភាពសាធារណៈ និងការឆ្លើយតប អនុញ្ញាតឱ្យប្រជាពលរដ្ឋផ្តល់មតិត្រឡប់អំពីការផ្តល់សេវាសាធារណៈក្នុងមូលដ្ឋាន និងផ្សព្វផ្សាយវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួម (JAAP)។
កម្មវិធីរបស់អង្គការអមរា រួមបញ្ចូលក្រាហ្វិកព័ត៌មានថវិកាចំនួនដប់ដែលត្រូវបានបង្កើតឡើងដោយអូឌីស៊ី សម្រាប់ការងាររបស់ខ្លួនសម្រាប់គម្រោង ISAC ដែលកំពុងដំណើរការ។ ក្រាហ្វិកព័ត៌មានទាំងនេះគ្របដណ្តប់ថវិកាសង្កាត់ក្នុងក្រុងបាត់ដំបងក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំមុននេះ មានអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ/វិបផតថលចំនួន ៣៥៧៨ នាក់។ អូឌីស៊ីនឹងចែករំលែកពត៌មានបន្ថែមអំពីថវិការបស់មណ្ឌលសុខភាព និងសាលាបឋមសិក្សាជាមួយក្រុមកម្មវិធីរបស់អង្គការអមរាក្នុងឆ្នាំ២០២៣។