អូឌីស៊ីចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការផ្ទៀងផ្ទាត់លទ្ធផលលើការពិនិត្យច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារ
នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៨ អង្គការទិន្នន័យអំពីការអភិវឌ្ឍត្រូវបានអញ្ជើញអោយចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការផ្ទៀងផ្ទាត់លទ្ធផលលើការពិនិត្យច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារ។ សិក្ខាសាលាពិគ្រោះយោបល់នេះមានការចូលរួមពីតំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដែលធ្វើការទាក់ទងទៅនឹងការគ្រប់គ្រងធនធានធម្មជាតិ មន្ត្រីមកពីនាយកដ្ឋានបច្ចេកទេស នៃក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ២៤រូប។
នៅក្នុងកិច្ចពិភាក្សា និងពិគ្រោះយោបល់នេះមានរបៀបវារៈសំខាន់ៗចំនួន៣ ដែលរបៀបវារៈទី១ និយាយអំពីលទ្ធផល និងអនុសាសន៍សម្រាប់ច្បាប់ព្រៃឈើ របៀបវារៈសំខាន់ទី២និយាយអំពីលទ្ធផលនិងអនុសាសន៍សម្រាប់ច្បាប់ស្តីពីតំបន់ការពារ ដែលមានការសម្របសម្រួលដោយ លោក ហេង ដា និងរបៀបវារៈសំខាន់ទី៣ និយាយអំពីការសរុបលទ្ធផលនៃកិច្ចពិភាក្សា និងពិគ្រោះយោបល់ដែលមានការសម្របសម្រួលដោយ អ្នកស្រី ហ៊ូ កល្យាណ។ គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺស្វែងរកការចូលរួមជាយោបល់ពីតំណាងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការទាក់ទងទៅនឹងការគ្រប់គ្រងធនធានធម្មជាតិ មន្ត្រីមកពីនាយកដ្ឋាន បច្ចេកទេស នៃក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីផ្ទៀងផ្ទាត់លទ្ធផលដែលបានមកពីការពិនិត្យទៅលើច្បាប់ព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិដើម្បីពង្រឹងសិទ្ធិរបស់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងធនធានធម្មជាតិ។