អូ​ឌី​ស៊ី​​ដាក់​ឱ្យ​ដំណើរកា​រវិ​ប​ផត​ថ​ល​ចែករំលែក​ចំណេះដឹង​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ “Learning​ Platform”

​នៅ​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ ដែល​ឈ្មោះ​ថា​ Learning​ Platform​ នៅ​សណ្ឋាគារ​ Poulo​ Wai​ Hotel​ &​ Apartment​ រាជធានី​ភ្នំពេញ​ ដោយ​មានការ​ចូលរួម​ពី​មនុស្ស​ចំនួន​ ៤៣​នាក់​ (​ស្រី​ ១៨​នាក់​)​ មក​ពី​អង្គការ​ក្នុងស្រុក​ ជាតិ​ និង​អន្តរជាតិ​ ចំនួន​ ២៣​ រួម​ទាំង​សមាជិក​ក្រុម​ចង្កោម​អង្គការ​ និង​មិនមែន​សមាជិក​។​ អង្គការ​ទាំងនោះ​មាន​ NEP,​ CHRAC,​ TI,​ UNDP,​ BS,​ CIPL,​ CIPO,​ CIYA,​ Epic​ Art,​ WCV,​ IRAM,​ 3SPN,​ HA,​ FLO,​ CEDT,​ ODC,​ FHI,​ USAID,​ KAWSANG,​ SVC,​ ADHOC,​ LAC​ និង​ CENTRAL​។​ ក្នុង​នោះ​ អ្នកចូលរួម​ចំនួន​ ១២​នាក់​មក​ពី​ខេត្តរតនគិរី​ ក្រចេះ​ បាត់ដំបង​ សៀមរាប​ និង​កំពត​។​

​គេហទំព័រ​ Learning​ Platform​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្រោម​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID​ Cambodia)​ តាម​រយៈ​អង្គការ​អេ​ហ្វ​ អេ​ច​ អាយ​ ៣៦០​ (FHI​ 360)​ និង​ មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ច្បាប់​មិន​រក​ប្រាក់​កម្រៃ​ (ICNL)​ សម្រាប់​គម្រោង​គាំទ្រ​អង្ក​ការ​សង្គម​ស៊ី​វិល​ (CSS)​។​ តាម​រយៈ​មាតិកា​អន្តរ​កម្ម​ និង​ងាយស្រួល​ប្រើ​ វិ​ប​ផត​ថ​ល​ថ្មី​នេះ​នឹង​ផ្សព្វផ្សាយ​ទិន្នន័យ​ និង​ព័ត៌មាន​កាន់តែ​ទូលំទូលាយ​ដល់​បណ្តា​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ចាប់អារម្មណ៍​នឹង​គម្រោង​នេះ​ អាច​ចូល​ទៅ​ប្រើប្រាស់​ជា​សាធារណៈ​និង​ឥត​គិតថ្លៃ​ដោយ​មាន​ទាំង​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​។​

​មាតិកា​នៅ​លើ​ Learning​ Platform​ ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​តាម​វិស័យ​ដែល​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​បាន​កំពុង​អនុវត្ត​ រួម​មាន​៖​ នវានុវត្តន៍​សង្គម​ឌី​ជី​ថ​ល​ ការ​អប់រំ​ បរិស្ថាន​និង​ធនធានធម្មជាតិ​ ជនជាតិ​ដើម​ភាគតិច​ យេ​ន​ឌ័​រ​និង​បរិ​យា​បន្ន​សង្គម​ សារព័ត៌មាន​ សង្គម​ស៊ី​វិល​ ធនធាន​ច្បាប់​ និង​សម្ភារៈ​បណ្តុះបណ្តាល​។​ ឥឡូវនេះ​គេហទំព័រ​នេះ​អាច​ចូល​ប្រើ​ជា​សាធារណៈ​សម្រាប់​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ក៏​ដូច​ជា​សាធារណៈជន​។​ អ្នក​ប្រើប្រាស់​អាច​ចូល​ប្រើ​វេទិកា​នេះ​តាម​រយៈ​អាសយដ្ឋាន​គេហទំព័រ​ (https://learn.opendevelopmentcambodia.net/)​ ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ដោយ​ផ្ទាល់​ ហើយ​ស្វែងរក​វេទិកា​សិក្សា​នេះ​នៅ​លើ​របារ​ម៉ឺ​នុយ​ជា​ទំព័រ​រង​។​

​ព្រឹត្តិការណ៍​ដាក់​ឱ្យ​ដំណើរការ​នេះ​ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​ Learning​ Platform​។​ តាម​រយៈ​សិក្ខាសាលា​នេះ​ យើង​មាន​បំណង​ណែនាំ​ជា​ផ្លូវការ​នូវ​វេទិកា​នេះ​ និង​ប្រមូល​មតិ​កែ​លម្អ​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ទាំងអស់​ ដើម្បី​កែ​លម្អ​រូបរាង​ មុខងារ​ និង​បទ​ពិសោធន៍​អ្នក​ប្រើប្រាស់​។​ យើង​ក៏​អំពាវនាវ​ឱ្យ​បង្កើន​កិច្ចសហការ​លើ​ទិន្នន័យ​ និង​ការ​ចែករំលែក​ធនធាន​ ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​យូរអង្វែង​នៃ​វេទិកា​។​

អ្នកចូលរួម​ភាគច្រើន​បាន​បង្ហាញ​ពី​គំនិត​វិជ្ជមាន​របស់​ពួក​គេ​អំពី​ Learning​ Platform​។​ ពួក​គេ​បាន​និយាយ​ថា​វា​ គឺជា​វេទិកា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​មួយ​ដែល​ពួក​គេ​កំពុង​ស្វែងរក​ និង​ជា​កន្លែង​ដែល​ពួក​គេ​អាច​ផ្សព្វផ្សាយ​អំពី​គម្រោង​ និង​រឿង​រាវ​ជោគជ័យ​របស់​អង្គការ​ទៅ​កាន់​ទស្សនិកជន​ និង​ម្ចាស់​ជំនួយ​កាន់តែ​ទូលំទូលាយ​។​ ពួក​គេ​ក៏​រៀន​ពី​បទ​ពិសោធន៍​របស់​អង្គការ​ផ្សេង​ទៀត​ក្នុង​ការ​អនុវត្ត​គម្រោង​ផង​ដែរ​។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​ទទួល​បាន​សំណួរ​ពី​អ្នកចូលរួម​ទាក់ទង​នឹង​ការ​គ្រប់គ្រង​មាតិកា​ និង​របៀប​នៃ​ការ​ចូលរួម​ចំណែក​ទិន្នន័យ​ផង​ដែរ​។​

​សរុបសេចក្តី​ សិក្ខាសាលា​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​ Learning​ Platform​ បាន​ទទួល​ការ​យកចិត្តទុកដាក់​ជា​វិជ្ជមាន​ពី​អង្គការ​សមាជិក​នៃ​ក្រុម​ ក៏​ដូច​ជា​ដៃគូ​គម្រោង​ដែល​មិនមែន​ជា​សមាជិក​គម្រោង​CSS​។​ តាម​រយៈ​ការ​ពិភាក្សា​អន្តរ​កម្ម​ និង​មតិ​ស្ថាបនា​ យើង​ទទួល​បាន​ធាតុ​ចូល​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​ក្រុម​របស់​យើង​អនុវត្តន៍​សកម្មភាព​បន្ត​។​