ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ចូលរួម​ព្រឹត្តិការណ៍​បារ​ខែ​ម​អាស៊ាន​ ២០១៨

​បារ​ខែ​ម​អាស៊ាន​ ២០១៨​ នេះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២០-២១​ ខែតុលា​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​សាលា​តិច​ណូ​)​ ក្នុង​រាជធានី​ភ្នំពេញ​។​ បារ​ខែ​ម​អាស៊ាន​ ២០១៨​ នេះ​បាន​ក្លាយជា​កម្មវិធី​បារ​ខែ​ម​ ដែល​ធំ​ជាងគេ​លើ​ពិភពលោក​ ដោយ​មាន​អ្នកចូលរួម​ច្រើន​ជាង​ ៨០០០​ នាក់​ ស្ដង់​ពិព័រណ៍​ចំនួន​ ៦០​ រួម​ទាំង​មាន​វាគ្មិន​ ៩៥​ រូប​ ជាមួយ​ប្រធានបទ​ចំនួន​ ៨៥​ និង​ក្រុមហ៊ុន​ និង​អង្គការ​សរុប​ចំនួន​ ១០០០​ ផង​ដែរ​។​
​កម្មវិធី​នេះ​ មាន​គោលបំណង​ ដើម្បី​ផ្ដល់​ការ​ចែករំលែក​ចំណេះដឹង​ និង​កសាង​ទំនាក់ទំនង​ រវាង​អ្នកចូលរួម​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ក្នុង​តំបន់​ អំពី​ការ​ចាប់ផ្ដើម​ជំនួញ​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ សម្រាប់​ការ​សិក្សា​ ការងារ​ និង​ទំនាក់ទំនង​ ព្រមទាំង​ចំណេះដឹង​ផ្សេងៗ​ ដូច​ជា​ ជ្រើស​គំនិត​អាជីវកម្ម​ ការ​ស្វែង​យល់​ពី​ការ​បង្កើត​គំរូ​អាជីវកម្ម​ ស្វែង​យល់​អំពី​អតិថិជន​ ការ​ផលិត​ផលិតផល​និង​សេវាកម្ម​ ផ្សព្វផ្សាយ​និម្មិត្តសញ្ញា​អាជីវកម្ម​ ទីផ្សារ​ និង​ការ​រៀបចំ​គម្រោង​ ចំណាយ​ចាប់ផ្ដើម​អាជីវកម្ម​ ជាដើម​។​

បដារផ្សព្វផ្សាយកម្មវិធីបារខែមអាស៊ាន ២០១៨។

​លើស​ពី​នេះ​ អ្នកចូលរួម​អាច​ស្វែងរក​ប្រធានបទ​ដែល​ខ្លួន​ពេញចិត្ត​ ដើម្បី​ចូលរួម​ស្ដាប់​តាម​បន្ទប់​ តាម​ម៉ោង​ និង​ប្រធានបទ​នីមួយៗ​ ដោយ​អាច​មើល​នៅ​លើ​ផ្ទាំង​ តារាង​ប្រធានបទ​ ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​បិទ​ ក្នុង​បរិវេណ​កម្មវិធី​ ឬ​អាច​ចូល​ទៅ​វេ​ប​សាយ​ បារ​ខែ​ម​អាស៊ាន​ ដើម្បី​មើល​ប្រធានបទ​។​ ទោះបីជា​កម្មវិធី​បារ​ខែ​ម​ បាន​ផ្ដោត​លើ​អាជីវកម្ម​ផ្នែក​ការ​បង្កើត​ថ្មីៗ​ និង​ការ​ចាប់ផ្តើម​អាជីវកម្ម​ថ្មីៗ​ក៏​ដោយ​ បទ​បង្ហាញ​របស់​អូ​ឌី​ស៊ី​បាន​រួមចំណែក​ក្នុង​របៀបវារៈ​នៃ​ព្រឹត្តិការណ៍​នេះ​ ដោយ​មិន​ត្រឹមតែ​បង្ហាញ​អំពី​គំនិត​បើក​ទូលាយ​នោះ​ទេ​ ប៉ុន្តែ​ក៏​បាន​បន្ថែម​ពី​ភាព​ឯកជន​នៃ​ទិន្នន័យ​ទាំងនោះ​ផង​ដែរ​។​ នៅ​ថ្ងៃ​ទី​ ២​ នៃ​កម្មវិធី​បារ​ខែ​ម​អាស៊ាន​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ធ្វើ​បទ​បង្ហាញ​មួយ​ ស្ដី​ពី​ "​ទិន្នន័យ​បើក​ទូលាយ​ និង​ភាព​ឯកជន​"​ និង​បាន​បង្ហាញ​អំពី​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ រួម​ទាំង​របៀប​ស្វែងរក​ព័ត៌មាន​អំពី​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។​

ការធ្វើបទបង្ហាញអំពី "ទិន្នន័យបើកទូលាយ និងភាពឯកជន" ដោយលោកធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។​

​ជាមួយ​គ្នា​នេះ​ដែរ​ ក្រុមការងារ​អូ​ឌី​ស៊ី​ក៏​បាន​រៀបចំ​ស្តង់​ ដើម្បី​ស្វាគមន៍​ និង​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​ទទួល​បានការ​យល់​ដឹង​អំពី​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ និង​ធ្វើ​បទ​បង្ហាញ​ពី​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​លើក​ជា​សំណួរ​ផ្សេងៗ​។​ ក្រុមការងារ​ ក៏​បាន​ផ្តល់​សម្ភារៈ​ផ្សព្វផ្សាយ​មួយ​ចំនួន​ ដូច​ជា​ សៀវភៅ​ ស្ទីកគ័រ កងដៃ​ និង​អាវយឺត​អូ​ឌី​ស៊ី​ដល់​អ្នកចូលរួម​ផង​ដែរ​។​ ក្រុមការងារ​អូ​ឌី​ស៊ី​ទទួល​បាន​មតិយោបល់​វិជ្ជមាន​ជា​ច្រើន​ មក​ពី​អ្នក​ប្រើប្រាស់​របស់​គេហទំព័រ​អូ​ឌី​ស៊ី​ផង​ដែរ​។​ ក្រុមការងារ​អូ​ឌី​ស៊ី​ក៏​បាន​អរគុណ​ដល់​អ្នកចូលរួម​មួយ​ចំនួន​មក​ពី​វិស័យ​ឯកជន​ ដែល​បាន​ចូលរួម​ចែករំលែក​ចំណាប់អារម្មណ៍​ និង​ផ្ដល់​យោបល់​ឱ្យ​អូ​ឌី​ស៊ី​ធ្វើការ​ប្រមូលផ្តុំ​ទិន្នន័យ​បន្ថែម​ ទាក់ទង​នឹង​វិស័យ​អចលនវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​មន្ត្រី​រាជរដ្ឋាភិបាល​មក​ពី​ក្រសួង​អភិវឌ្ឍ​ជនបទ​ បាន​ស្វែងរក​ទិន្នន័យ​អំពី​ទឹក​ស្អាត​ និង​អនាម័យ​ និង​ទឹក​ក្រោម​ដី​ផង​ដែរ​។​ ជា​ចុង​ក្រោយ​ នៅ​ក្នុង​កម្មវិធី​បារ​ខែ​ម​អាស៊ាន​ឆ្នាំ​ ២០១៨​ នេះ​មាន​សកម្មភាព​ធំៗ​មួយ​ចំនួន​ ដូច​ជា​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ​របស់​ផលិតផល​កុំព្យូទ័រ​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​ ម៉ាក​ "​គម្ពីរ​ (Koompi)"​ និង​ការ​ជួបជុំ​ជាមួយ​តារា​យូ​ធ្យូ​ប​ (YouTube)​ ល្បីៗ​នៅ​កម្ពុជា​។​

អ្នកចូលរួមកម្មវិធីបាខែម កំពុងចូលទស្សនា និងសួរសំនួរមកកាន់ក្រុមការងារអូឌីស៊ី។