ក្រុមការងារអូឌីស៊ី ចូលរួមធ្វើបទបង្ហាញនៅកម្មវិធីបារខែម កំពង់ចាម
នៅថ្ងៃទី ២២ និង ២៣ ខែមិថុនា ក្រុមការងាររបស់អង្គការអូឌីស៊ី បានធ្វើដំណើរទៅខេត្តកំពង់ចាម ដើម្បីចូលរួមកម្មវិធីបារខែម ដែលបានរៀបចំឡើងនៅក្នុងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។ ទោះបីជាព្រឹត្តិការណ៍នេះមានអ្នកចូលរួមតិចជាង កម្មវិធីបារខែមនៅក្នុងខេត្តបន្ទាយមានជ័យក៏ដោយ បទបង្ហាញរបស់អូឌីស៊ី ស្ដីពីសារៈសំខាន់នៃទិន្នន័យបើកទូលាយ និងរបៀបដែលទិន្នន័យប្រភេទនេះ អាចជួយសិស្សានុសិស្សទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស មានអ្នកចូលរួម ជាង ៥០ នាក់។ អ្នកចូលរួមភាគច្រើន ដែលមានបំណងស្តាប់បទបង្ហាញរបស់ក្រុមការងារអូឌីស៊ី ភាគច្រើនជានិស្សិតនៃសាកលវិទ្យាល័យនៅក្នុងតំបន់ ឬជាសិស្សវិទ្យាល័យ ដែលចង់ស្វែងយល់បន្ថែម អំពីគំនិតនៃទិន្នន័យដ៏ធំនៃបណ្តាញអ៊ីនធឺណែតពីគ្រប់ទិសទីនៃពិភពលោក។ លើសពីនេះទៅទៀត ភាពទាក់ទាញនៃគេហទំព័ររបស់អូឌីស៊ី គឺអាចឱ្យអ្នកប្រើប្រាស់អាចទទួលបាននូវព័ត៌មាន មានគុណភាពល្អ ដោយឥតគិតថ្លៃដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ផលិតឯកសារសិក្សា និងធ្វើការស្រាវជ្រាវជាទូទៅ។
ទោះបីជាកម្មវិធីបារខែម បានផ្ដោតលើអាជីវកម្មផ្នែកការបង្កើតថ្មីៗ និងការចាប់ផ្តើមអាជីវកម្មថ្មីៗក៏ដោយ បទបង្ហាញរបស់អូឌីស៊ីបានរួមចំណែកក្នុងរបៀបវារៈនៃព្រឹត្តិការណ៍នេះ ដោយមិនត្រឹមតែបង្ហាញអំពីគំនិតបើកទូលាយនោះទេ ប៉ុន្តែវាអាចត្រូវបានប្រើប្រាស់ សម្រាប់បង្កើនជំនាញភាសា របៀបសរសេរលិខិតបង្ហាញហេតុ (Motivation Letter) ដែលមានគុណភាពល្អ ឬសំណើរស្រាវជ្រាវ ហើយជាទូទៅវាត្រូវបានប្រើប្រាស់ សម្រាប់អាហារូបករណ៍ទៅសិក្សានៅបរទេស។ ជាមួយនឹងវិធីសាស្ត្រប្លែកនេះ អ្នកចូលរួមបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយសារតែអ្នកចូលរួមភាគច្រើន ចង់រៀនបន្ថែមអំពីឱកាសសិក្សា និងរបៀបជំនាញផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចកែលម្អបាន ដោយការចំណាយអប្បបរមា។ នៅចុងបញ្ចប់នៃការធ្វើបទបង្ហាញ អ្នកចូលរួមក៏ទទួលបានអាវយឺត ស្ទិកគ័រ ខិតប័ណ្ណ និងសៀវភៅសរសេរផងដែរ។