អូ​ឌី​ស៊ី​ពង្រឹង​អង្គការ​សង្គម​ស៊ី​វិល​នៅ​តាម​ឆ្នេរសមុទ្រ​តាម​រយៈ​ការ​បណ្តុះបណ្តាល​ស្តី​ពី​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ការ​ធ្វើ​ផែនទី​ជាមួយ QGIS

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ទើបតែ​បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​រយៈពេល​ពីរ​ថ្ងៃ​ប្រកបដោយ​ជោគជ័យ​លើ​មូលដ្ឋាន​គ្រឹះ​ QGIS​ សម្រាប់​អង្គការ​សង្គម​ស៊ី​វិល​ (CSOs)​ នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២១-២២​ ខែតុលា​ ឆ្នាំ​២០២៤​។​ សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​គម្រោង​ “​ពង្រឹង​សកម្មភាព​សង្គម​ស៊ី​វិល​ដើម្បី​ចូលរួម​ក្នុង​អភិបាលកិច្ច​សេដ្ឋកិច្ច​ (SCAEG)”​ ក្រោម​កិច្ចសហការ​គាំទ្រ​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​។​

​គម្រោង​ SCAEG​ មាន​គោលបំណង​លើកកំពស់​តួនាទី​របស់​សង្គម​ស៊ី​វិល​ក្នុង​អភិបាលកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ផ្តោត​លើ​ការ​លើកកម្ពស់​គណនេយ្យ​ភាព​ តម្លាភាព​ និង​ការ​សម្រេចចិត្ត​រួម​។​ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ១៤​ នាក់​ ក្នុង​នោះ​ស្រី​ ៤​នាក់​ មក​ពី​អង្គការ​ដៃគូ​សំខាន់ៗ​៖

QGIS​ (​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ Quantum)​ គឺជា​កម្មវិធី​ប្រភព​បើកចំហ​សម្រាប់​ទស្សនី​យ​កម្ម​ទិន្នន័យ​លំហ​ និង​ជា​ឧបករណ៍​វិភាគ​ដែល​ជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ចំនោម​កញ្ចប់​កម្មវិធី​ដែល​មាន​តម្លៃ​ថ្លៃ​។​ កម្មវិធី​ផែនទី ​QGIS​ នេះ​ផ្តល់​នូវ​មុខងារ​ដ៏​ទូលំទូលាយ​សម្រាប់​ការ​មើល​ និង​រុករក​ទិន្នន័យ​ បង្កើត​ និង​រៀបចំ​ផែនទី​ គ្រប់គ្រង​ និង​ទាញ​ចេញ​ទិន្នន័យ​ ធ្វើការ​វិភាគ​លើ​លំហ​ និង​បោះពុម្ព​ផែនទី​តាម​អ៊ីនធឺណិត​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ផ្តល់​ជូន​អ្នកចូលរួម​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ ជំនាញ​ក្នុង​ការ​ប្រមូល​ និង​គ្រប់គ្រង​ទិន្នន័យ​ភូមិសាស្ត្រ​ សមត្ថភាព​ក្នុង​ការ​វិភាគ​ទីតាំង​ និង​រៀបចំ​ព័ត៌មាន​ដែល​មើលឃើញ​ បទ​ពិសោធន៍​ជាក់ស្តែង​ជាមួយ​កម្មវិធី​ផែនទី​ QGIS​ និង​ឧបករណ៍​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ភូមិសាស្ត្រ​ស្មុគស្មាញ​។​

​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​ពីរ​ថ្ងៃនេះ​ ដឹកនាំ​ដោយ​លោក​ ឡុ​ច​ កល្យាណ​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ឯកទេស​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​លោក​ វង្ស​ ពិ​សិទ្ធ​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​/​ អ្នកសម្របសម្រួល​ផ្នែក​កសាង​សមត្ថភាព​របស់​អូ​ឌី​ស៊ី​។​ ថ្ងៃ​ដំបូង​ សិក្ខាសាលា​បណ្តុះបណ្តាល​គ្របដណ្តប់​លើ​ការ​ណែនាំ​អំពី​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ និង​កម្មវិធី​ QGIS​ និង​ដំណើរការ​ជាមួយនឹង​ទិន្នន័យ​លំហ​នៅ​ក្នុង​ QGIS​។​ ថ្ងៃ​ទី​មួយ​នេះ​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​ណែនាំ​ខ្លួន​ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​អ្នកចូលរួម​ និង​ការ​ធ្វើតេស្ត​សាកល្បង​មុន​ (Pre-test)​ ដើម្បី​វាយតម្លៃ​ចំណេះដឹង​មូលដ្ឋាន​។​

​ថ្ងៃ​ទី​ពីរ​ យើងផ្តោត​លើ​ការ​អនុវត្ត​កម្មវិធី​ QGIS​ ជាក់ស្តែង​ដោយ​ប្រើ​ឧបករណ៍​កែ​ច្នៃ​ភូមិសាស្ត្រ​ (Geoprocessing)​ ការ​កំណត់​រចនាប័ទ្ម​ទិន្នន័យ​ តារាង​គុណ​លក្ខណៈ​ (attribute​ table)​ ការ​រចនា​ប្លង់​ផែនទី​ និង​លំ​ហាត់​ផែនទី​ដែល​ផ្តោត​លើ​សហគមន៍​នេសាទ​តំបន់ឆ្នេរ​។​ អ្នកចូលរួម​អនុវត្ត​ការ​សិក្សា​របស់​ពួក​គេ​តាម​រយៈ​លំ​ហាត់​ជាក់ស្តែង​ដោយ​ប្រើ​ទិន្នន័យ​ពី​គេហទំព័រ​អូ​ឌី​ស៊ី​។​ មុន​ពេល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​បង្ហាញ​នូវ​ វេទិកា​ Learning​ Platform​ ដែល​ជា​វិ​ប​ផត​ថ​ល​ចែករំលែក​ចំណេះដឹង​មួយ​កន្លែង​ដោយ​មិន​គិតថ្លៃ​។​ សិក្ខាកាម​អាច​ទទួល​បាន​ធនធាន​សិក្សា​ និង​សម្ភារៈ​បណ្តុះបណ្តាល​ជា​ច្រើន​ រួម​ទាំង​វី​ដេ​អូ​បង្រៀន​អំពី​កម្មវិធី​ QGIS​ ជា​ភាសា​ខ្មែរ​ផង​ដែរ​។​ វគ្គ​បណ្តុះបណ្តាល​រយៈពេល​ពីរ​ថ្ងៃ​បាន​បញ្ចប់​ដោយ​ការ​ធ្វើតេស្ត​ (Post-test)​ និង​ការ​ប្រគល់​វិញ្ញាបនបត្រ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​គឺជា​ជំហាន​ឆ្ពោះទៅ​មុខ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​អង្គការ​សង្គម​ស៊ី​វិល​ក្នុងស្រុក​ជាមួយនឹង​ការ​គ្រប់គ្រង​ទិន្នន័យ​ភូមិសាស្ត្រ​ និង​សមត្ថភាព​ក្នុង​ការ​បង្កើត​រូបភាព​ផែនទី​ ដោយ​ប្រើប្រាស់​ QGIS​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​ប្រចាំ​ថ្ងៃ​ និង​ការ​អនុវត្ត​គម្រោង​នៅ​ក្នុង​តំបន់​គោលដៅ​នៅ​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​